​ក្រោយពី​ប្រទេស​ធំៗ​មួយចំនួន​បានប្រកាស​ផ្អាក​មូលនិធិ​ដល់​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​នៅ​ប៉ា​ឡេ​ស្ទី​ន ដោយសារ​មានការ​សង្ស័យ​ចំពោះ​សកម្មភាព​ចូលរួម​ក្នុង​សកម្មភាព​វាយប្រហារ​កាល​ថ្ងៃទី​ ​៧ ខែតុលា​ចូល​អ៊ីស្រា​អែល អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រ៉េ​ស (Antonio Guterres) បាន​ប្តេជ្ញា​កាលពី​ថ្ងៃទី​​ ២៨ ខែមករា​ថា​នឹង​ទទួលខុស​ត្រូវ​ចំពោះ​៖«​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​»​។​

ប្រឈមមុខ​នឹង​ការខ្វះខាត​ជំនួយ​មនុស្សធម៌​យ៉ាងខ្លាំង​នៅ​តំបន់​ហ្គា​ហ្សា​ក្រោយ​ការ​វាយ​ប្រហារ​សងសឹក​របស់​អ៊ីស្រា​អែល​ជិត ​៤ ​ខែ លោក ហ្គុ​យ​តឺ​រ៉េ​ស បាន​អង្វរ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ប្រកាស​ផ្តាច់ជំនួយ​មូលនិធិ​ឱ្យ​បន្ត​គាំទ្រ​ទីភ្នាក់ងារ​ជន​ភៀស​​ខ្លួន​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប៉ា​ឡេ​ស្ទី​ន ​(UNRWA)​។​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា ប្រទេស​ទាំង​ ៦ រួមមាន​អង់គ្លេស អ៊ី​តា​លី ហូ​ឡង់ ស្វ៊ី​ស និង​ហ្វាំ​ង​ឡង់ បាន​ចូលរួម​ជាមួយ​ប្រទេស​លោក​ខាងលិច​ ៣ ​ផ្សេងទៀត រួមមាន​សហរដ្ឋអាមេរិក អូស្ត្រាលី និង​កាណាដា ក្នុងការ​ផ្អាក​លំហូរ​មូ​ល​និ​ធិ​ដល់ UNRWA ដែលជា​ប្រភព​ជំនួយ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​នៅ​តំបន់​ហ្គា​ហ្សា​។


​លោក ហ្គុ​យ​តឺ​រ៉េ​ស បាន​រៀប​​រាប់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​បុគ្គលិក​អង្គការ​សហ​ប្រជាជាតិ​ណាក៏ដោយ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម នឹងត្រូវ​ទទួលខុសត្រូវ រួមទាំង​តាមរយៈ​ការកាត់ទោស​ឧក្រិដ្ឋកម្ម​»​។​

​សេចក្តីថ្លែងការណ៍​នោះ​សរសេរថា​៖«​លេខាធិការដ្ឋាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​អាច​កាត់ទោស​បុគ្គល​នោះ​ស្របតាម​នីតិវិធី​ទូទៅ​របស់​លេខាធិការដ្ឋាន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​បែបនេះ​»​។​


​ទន្ទឹមនឹងនោះ លោក ហ្គុ​យ​ តឺ​រ៉េ​ស បាន​រៀបរាប់ថា​៖«​បុរស និង​ស្ត្រី​រាប់ម៉ឺន​នាក់​ដែល​ធ្វើ​​ការឱ្យ UNRWA ភាគច្រើន​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្មករ​មនុស្សធម៌ មិនគួរ​ត្រូវបាន​ពិន័យ​ទេ​។ តម្រូវ​​ការ​ដ៏​ក្រៀមក្រំ​របស់​ប្រជាជន​ដែល​អស់សង្ឃឹម​ដែល​ពួកគេ​បម្រើ​ត្រូវតែ​បំពេញ​»​។​

​នៅក្នុង​ការអត្ថាធិប្បាយ​ដោយផ្ទាល់​ជា​លើកដំបូង​លើ​បញ្ហា​នេះ ប្រធាន​អង្គការ​សហ​ប្រជា​ជាតិ​បានផ្តល់​ព័ត៌មាន​លម្អិត​អំពី​សមាជិក​បុគ្គលិក​របស់ UNRWA ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង «​អំពើ​ដែល​គួរឱ្យ​ស្អប់ខ្ពើម​»​។​

​ក្នុងចំណោម​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំង​ ១២​ នាក់​នោះ មាន​៩​នាក់​ត្រូវបាន​បញ្ឈប់ ម្នាក់ទៀត​ត្រូវបាន​បញ្ជាក់ថា​បាន​ស្លាប់ ហើយ​អត្ត​​សញ្ញាណ​របស់​បុគ្គលិក ២​ នាក់​ទៀត​កំពុង​ត្រូវបាន​បញ្ជាក់​។​

​ប្រទេស​ធំៗ​នៅ​តំបន់​អឺរ៉ុប​ទាំង​ ៦ នៅ​ថ្ងៃទី​ ២៧ ខែមករា បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​កាណាដា ក្នុង​ការផ្អាក​ការផ្តល់​មូលនិធិ​ដល់ទី​ភ្នាក់ងារ​ជំនួយ ដែលជា​ប្រភព​ដ៏​សំខាន់​នៃ​ការគាំទ្រ​សម្រាប់​ប្រជាជន​នៅ​តំបន់​ហ្គា​ហ្សា​៕