យោងតាមរបាយការណ៍ចេញពីការស្ទង់មតិ ប្រជាជនថៃជាច្រើននាក់យល់ថា ប្រទេសរបស់ខ្លួនកំពុងរងវិបត្តិសេដ្ឋកិច្ចហើយថានេះជាបញ្ហាដែលគួរតែដោះស្រាយឱ្យបានឆាប់បំផុត។
យ៉ាងណាមិញការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមទូរស័ព្ទនៅចន្លោះថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមករា នុងចំណោមជនជាតិថៃចំនួន ១ ៣១០ នាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅនៅទូទាំងប្រទេស។
ជាលទ្ធផលមនុស្សចំនួន ៦៣,៥ ភាគរយនៃអ្នកចូលរួមក្នុងការស្ទង់មតិយល់ថា សេដ្ឋកិច្ចថៃកំពុងត្រូវការដំណោះស្រាយជាបន្ទាន់ ខណៈមនុស្សចំនួន ២០,២ ភាគរយទៀតជឿថា ការរកដំណោះស្រាយចំពោះវិបត្តិនេះ មិនមែនជារឿងដែលលំបាកពេកទេ។ នេះបើយោងតាមការស្ទង់មតិរបស់ជាតិនៃវិទ្យាស្ថានអភិវឌ្ឍន៍រដ្ឋបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤។
ទាក់ទិននឹងចំណុចនេះនាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin កាលពីសប្តាហ៍មុនក៏បានទទួលស្គាល់ផងដែរថាសេដ្ឋកិច្ចរបស់ប្រទេសថៃដែលជាមហាអំណាចទី២ នៅអាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងវិបត្តិ។
ដោយមើលឃើញពីបញ្ហានេះលោក Sretthaបានជំរុញឱ្យមានវិធានការបន្ថែមទៀតនិងថែមទាំងបានអំពាវនាវឱ្យមានការកាត់បន្ថយការចំណាយទៅលើគោលនយោបាយផ្សេង។
ជាក់ស្ដែងគោលនយោបាយចុងក្រោយបំផុតរបស់រដ្ឋាភិបាលថ្មីគឺកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភទៅកាន់ប្រជាជនពេញវ័យចំនួន ៥៥ លាននាក់ដោយម្នាក់នឹងទទួលបានប្រាក់ចំនួន ១០ ០០០ បាត (ប្រមាណ ២៨០ ដុល្លារ)។
បើតាមលោកSrettha គោលនយោបាយមួយនេះមានគោលបំណងពញ្ញាក់សរសៃសេដ្ឋកិច្ចថៃឡើងវិញតាមរយៈការចាយវាយរបស់ប្រជាជនទាំងនោះចូលទៅក្នុងចរន្ដសេដ្ឋកិច្ច។
ប៉ុន្តែដោយមានការបង្ហាញក្ដីបារម្ភពីធនាគារកណ្តាលនិងពីគណបក្សប្រឆាំងកម្មវិធីនេះក៏បានកាត់បន្ថយមកនៅត្រឹមប្រជាជន ៥០ លាននាក់វិញ ដោយបានសម្រេចដកចេញអ្នកដែលមានចំណូលខ្ពស់។
ដោយឡែកប្រជាជនប្រមាណ ៣៤,៧ ភាគរយនៃអ្នកចូលរួមក្នុងការស្ទង់មតិ មានទំនោរចង់ឱ្យរដ្ឋាភិបាលបញ្ឈប់គម្រោងផ្តល់សាច់ប្រាក់ខណៈដែល ៣៣,៧ ភាគរយជឿថាវាគួរតែត្រូវបានអនុវត្តនៅឆ្នាំ២០២៤នេះ ហើយ ១៨,៦ ភាគរយទៀតយល់ថាប្រាក់នោះគួរតែផ្ដល់ឱ្យសម្រាប់តែប្រជាជនដែលងាយរងហានិភ័យប៉ុណ្ណោះ។
នៅឆ្នាំ២០២៣ កំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃត្រូវបានគេព្យាករថាអាចធ្លាក់ចុះមកត្រឹម ១,៨ ភាគរយបើទោះបីជាវិស័យទេសចរណ៍បានងើបឡើងវិញបន្តិចស្របតាមសសរស្ដម្ភរបស់រដ្ឋាភិបាលថ្មីក៏ដោយ៕