បន្ទាប់​ពី​​ប្រទេស​នៅ​តំបន់​អឺរ៉ុប​​​ចំនួន​ ៦​ បាន​ប្រកាស​ផ្អាក​កម្ម​វិធី​​​ផ្តល់​ជំនួយ​ដល់​ទី​​​​ភ្នាក់ងារ​​ផ្តល់​ជំនួយ​របស់​អង្គការ​សហប្រជា​ជាតិ​​​​​​​នៅ​តំបន់​ហ្គាហ្សា​ ​ហើយ​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​សន្យា​ស៊ើបអង្កេត​​និង​​​អង្វរ​ឱ្យ​ប្រទេស​ទាំង​នោះ​បន្តផ្តល់​ជំនួយ​​ ពេល​នេះ​ដល់​វេន​ប្រទេសជប៉ុន​ក៏បាន​ប្រកាស​ផ្អាក​កម្មវិធី​ជំនួយ​នោះដែរ។ 

​យោង​តាម​ចេញផ្សាយ​របស់​ CNN ក្រសួងការបរទេស​ជ​ប៉ុន​ បាន​​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ជប៉ុន​បាន​ផ្អាក​ការផ្តល់​មូលនិធិ​របស់ខ្លួន​ដល់ទី​ភ្នាក់ងារ​ផ្តល់ជំនួយ​របស់​អង្គការសហប្រជាជាតិ​នៅ​តំបន់​ហ្គា​ហ្សា (UNRWA) «សម្រាប់​ពេលបច្ចុប្បន្ន» ដើម្បី​​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ថា​សមាជិក​នៃ​បុគ្គលិក​​​របស់​ទីភ្នាក់​ងារ​នេះ​​​​បានជា​ប់​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​ថ្ងៃទី៧ខែតុលា​របស់​ពួក​ហា​ម៉ាស់​​​​ ដែល​ផ្តើម​ទៅ​រក​សង្គ្រាម​​​នៅតំបន់ហ្គាហ្សា​រហូត​ដល់​ពេលបច្ចុប្បន្ន​នេះ​​។

លេខាធិការ​​នៃ​ការិយាល័យសារព័ត៌មាន​របស់​​ក្រសួង​ការ​​បរទេសជប៉ុន លោកស្រី Kobayashi Maki បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា៖«​UNRWA ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការ​​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌សំខាន់ៗដល់​ប្រជាពលរដ្ឋម្នាក់ៗ (នៃ​តំបន់​ហ្គា​ហ្សា)។ ប្រឆាំង​នឹង​​រឿងរ៉ាវ​​​នៅ​ពី​ក្រោយខ្នង​​ ប្រទេស​ជប៉ុន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការជាប់​ពាក់ព័ន្ធ​របស់​សមាជិក​បុគ្គលិក​នៃ​​ UNRWA នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃទី៧ ខែ​តុលា​ឆ្នាំមុន»។


សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា ប្រទេស​ជប៉ុន​នឹង​ផ្អាក​ការផ្តល់​មូលនិធិ ខណៈដែល​ទីភ្នាក់ងារ​ជំនួយ និង​ការងារ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ជិត​បូព៌ា (UNRWA) ​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​នេះ ប៉ុន្តែ​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​អង្គការ​អន្តរជាតិ​ផ្សេងទៀត ដើម្បី​កែលម្អ​ស្ថានភាព​មនុស្សធម៌​នៅក្នុង​តំបន់​ហ្គា​ហ្សា។

មន្ត្រី​អ៊ីស្រាអែល​បាន​ប្រាប់ CNN កាលពី​ថ្ងៃ​សុក្រ​ថា អ៊ីស្រាអែល​បាន​ចែករំលែក​ព័ត៌មាន​អំពី​បុគ្គលិក ១២​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​កាល​ពីថ្ងៃ​ទី៧​ខែតុលា ទាំង​ជាមួយ UNRWA និង​សហរដ្ឋអាមេរិក។ 


UNRWA បាន​បណ្ដេញ​បុគ្គលិក​ជាច្រើន​នាក់ បន្ទាប់ពី​ការចោទប្រកាន់​នេះ ដែល​ព័ត៌មាន​លម្អិត​ពិតប្រាកដ​មិនត្រូវ​បានបង្ហាញ​ជា​សាធារណៈឡើយ។

​រហូត​មក​ដល់​ពេល​នេះ​​ ប្រទេស​ធំៗ​យ៉ាង​ហោច​ណាស់​១០​រួម​ទាំង​ជប៉ុន​​ដែល​ទើប​បាន​ប្រកាស​​​ផ្អាក​កម្មវិធី​​ផ្តល់​ជំនួយ​ដល់​​​ទីភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ​នោះ។ 

​​ក្នុង​ចំណោម​​ ១០ ​ប្រទេស​នោះ មាន ៦​ប្រទេស​នៅតំបន់​អឺរ៉ុប ដូចជា ​អង់គ្លេស​ អ៊ីតាលី​ ហូឡង់​ ស្វ៊ីស​ និង​ហ្វាំង​ឡង់​ ​ក្រៅ​ពី​នោះ​មាន ​ប្រទេស​​លោក​ខាង​លិច ​៣​ផ្សេង​ទៀត​ រួម​មាន​សហរដ្ឋ​អាមេរិក​ អូស្រាលី​ និង​កាណាដា​ ហើយជប៉ុន​អាចជាប្រទេស​នៅតំបន់​អាស៊ីដំបូង​គេ​​។ 

ប្រទេស​ជប៉ុន​បាន​ចូលរួម​ក្នុង​បញ្ជី​ប្រទេស​ដែល​កំពុង​កើនឡើង​ដែល​បាន​ផ្អាក​ការផ្តល់​មូលនិធិ​សម្រាប់ UNRWA ដែលមាន​បុគ្គលិក​ប្រហែល ១៣០០០ នាក់ ​នៅ​ហ្គា​ហ្សា ខណៈដែល​គ្រោះមហន្តរាយ​មនុស្សធម៌​ បាន​វិល​ជុំវិញ​តំបន់​ប៉ា​ឡេ​ស្ទី​ន​ដែល​ត្រូវបាន​ឡោមព័ទ្ធ។