​ប្រទេស​​អាហ្វ្រិក​ខាង​លិច​រួម​មាន​ ម៉ាលី ​ប៊ូគីណាហ្វាសូ ​និង​នីហ្សេ​​ បាន​ដក​ខ្លួន​ចេញ​ពី​ប្លុក​សេដ្ឋកិច្ច​ក្នុង​តំ​បន់ ​ដែ​ល​គេ​ស្គាល់​ថា​ ECOWAS ស្រប​ពេល​ដែល​ភាព​តា​ន​តឹង​កើន​ឡើង​។ នេះ​បើ​តាម​ការ​រាយការណ៍​រ​បស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។ 

ការប្រកាសការដកខ្លួននេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយ​របប​យោធា​នៃ​ប្រទេស​ទាំង ៣ ថែម​ទាំង​បា​ន​ចោទប្រកាន់ ផង​ដែរ​ថា​ ECOWAS  ​បានដាក់ទណ្ឌកម្ម​ «អមនុស្ស​ និង​ខុស​ច្បាប់» ​លើខ្លួន ដើម្បីប្រ​ឆាំងនឹងរដ្ឋប្រហារ។

​របប​យោធា​បាន​និយាយ​​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដែល​​​​ផ្សាយ​តាម​ទូរ​ទស្សន៍​រដ្ឋ​ក្នុង​ប្រទេស​ទាំង​​ ៣​ ថា ​ម៉ាលី ​ប៊ូគីណាហ្វាសូ ​និង​នីហ្សេ​ មាន​​​អធិបតេយ្យ​ភាព​ពេញ​លេញ​ក្នុង​ការ​ដក​ខ្លួនន​ចេញ​ពី​​សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាង​លិច​ (ECOWAS)​ ដោយ​សារ​ប្លុក​នេះ​ បានងាក​ចេញ​​ឆ្ងាយ​ពី​ឧត្តម​គតិនៃ​​​ស្ថា​ប​និក​ប្លុក​ និង​ការ​រួប​រួម​អាហ្វ្រិក​ បន្ទាប់​ពី​​​បង្កើត​​ឡើង​ជិត​ ៥០ ​​ឆ្នាំ​។ 


លើស​ពី​នេះ​ សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា​៖ «​​ECOWAS ​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​មហា​អំ​ណាច​បរទេស​ និង​ក្បត់​គោលការណ៍​មូលដ្ឋាន​របស់​ខ្លួន​ បាន​ក្លាយ​ជា​ការ​គំរាម​កំហែង​ដល់​រដ្ឋ​ជា​សមា​ជិក​ និង​ប្រជាជន​របស់​ខ្លួន។

ប្រតិកម្ម​ទៅ​នឹង​ការ​វិវឌ្ឍន៍​ចុង​​ក្រោយ​នេះ​ ECOWAS ​​បាន​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ​ប្រ​ទេ​ស​ទាំង​៣​ មិន​បាន​ជូន​ដំណឹង​ខ្លួន​អំពី​ការ​ដក​ខ្លួន​នោះ​ទេ​ ខណៈ​ពិធី​សារ​របស់​ប្លុក​ត្រូវ​ដំណើរ​ការ​យ៉ាង​ហោច​ណាស់​ ១ ឆ្នាំ​ ដើម្បី​ដក​ខ្លួន​បែប​នេះ​ចេញ​។ 


ECOWAS បាន​​និយាយ​ថា​​៖ «​ម៉ាលី ​ប៊ូគីណាហ្វាសូ ​និង​នីហ្សេ ​នៅ​តែ​ជា​សមាជិក​ដ៏​សំខាន់​នៃ​សហគមន៍​ ហើយ​អាជ្ញាធរ​នៅ​តែ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ចរចា​រ​ចំពោះ​ភាព​ជាប់​គាំង​ន​យោបា​​យ​»​។ 

ប្លុក​សេដ្ឋកិច្ច​អាហ្វ្រិក​ ECOWAS ដែល​មាន​ប្រទេស​ចំនួន​ ១៥​​​ ជា​សមាជិក​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៧៥ ​ដើម្បី​​លើក​កម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​​ ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​។ ប្លុក​នេះ​ ធ្លា​ក់​ចូល​ទៅ​ក្នុង​បញ្ហា​ធ្ងន់​ធ្ងរ ដោយ​សារ​តែ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ចុះ​ឡើង​​ក្នុង​បណ្ដា​រដ្ឋ​សមាជិក​។ ​

សេចក្តី​ប្រកាស​ដក​ខ្លួន​​កាល​ពី​ថ្ងៃ​អាទិត្យ​ គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ចុង​ក្រោយ​បំផុត​មួយ​​ក្នុង​​ព្រឹត្តិការណ៍​នយោ​បា​យ​​​បន្ត​បន្ទាប់​​គ្នា​ ដែល​បាន​ធ្វើ​ឱ្យ​ភាព​តាន​តឹង​ផ្នែក​នយោបាយ​នៅ​អាហ្វ្រិក​ខាង​លិច​កាន់​តែ​ដុន​ដាប។ ​ ​​

ប្រទេស​ទាំង​​៣​ ដែល​រង​នូវ​​រដ្ឋប្រហារ​ ៣​ ឆ្នាំ​ បន្ត​បន្ទាប់​គ្នា​តាំង​ពី​ឆ្នាំ​ ២០២១ ដោយ​ក្រុម​យោធា​ បាន​បង្កើត​សម្ព័ន្ធ​ភាព​សន្តិសុខ​ បន្ទាប់​ពី​ផ្តាច់​ទំនាក់​ទំនង​យោធា​ជាមួយ​បារាំង​ និង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ ហើយ​ងាក​ទៅ​រក​រុស្ស៊ី​សម្រាប់​ការ​គាំទ្រ​។​

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ដដែល​ ម៉ាលី ​ប៊ូគីណាហ្វាសូ ​និង​នីហ្សេ​ បាន​ចោទ​ប្រកាន់ ​ECOWAS ​ពី​ការ​ខក​ខាន​ក្នុង​ការ​ជួយ​ប្រទេស​ទាំង​​៣​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​​​ដែល​មាន​ស្រាប់​​ ដូច​ជា​អំ​ពើ​ភេរវកម្ម​ ដែល​ជា​មូលហេតុ​ធំ​ធ្វើ​ឱ្យ​មាន​រដ្ឋ​ប្រហារ​កើត​ឡើង​។ ​

សេចក្តី​ថ្លែងការណ៍​បាន​កត់​សម្គាល់​ថា​​៖ «​នៅ​ពេល​​រដ្ឋ​ទាំង​នេះ​សម្រេច​ចិត្ត​​សម្រេច​​ជោគ​វាសនា​ដោយ​ខ្លួន​ឯង​ ​​​ECOWASបា​ន​ប្រកាន់​យក​នូវ​ឥរិយាបថ​មិន​សម​ហេតុ​ផល​ និង​មិន​អាច​ទទួល​យក​បាន​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ខុស​ច្បាប់​ អមនុស្ស​​ និង​​គ្មាន​​ទំនួល​ខុស​ត្រូវ​ ដោយ​រំលោភ​លើ​គោលការណ៍​រប​ស់​ខ្លួន​»។ 

​របប​យោធា​នៃ​ប្រទេស​ទាំង​៣​ បាន​លើក​​ឡើង​ថា​ ជា​ជាង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ដុន​ដាប​រួច​ហើយ​នោះ ​​ទណ្ឌកម្ម​របស់​ECOWAS ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ដែល​រង​ការ​ខូច​ខាត​ដោយ​អំពើ​ហិង្សា​ជា​ច្រើន​ឆ្នាំ​ ​កាន់​តែ​​​ចុះ​​ខ្សោយ​​បន្ថែម​​ទៀត​៕​