អ្នកការទូតកំពូលឥណ្ឌូនេស៊ីម្នាក់ បាននិយាយថា របបយោធាមីយ៉ាន់ម៉ា បានបញ្ជូនមន្រ្តីការិយាល័យសំខាន់មួយរូបឱ្យទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឡាវ នាថ្ងៃទី២៩ ខែមករា ដោយសារមន្រ្តីយោធាធំៗរបស់ប្រទេស ត្រូវបានហាមឃាត់មិនឱ្យចូលរួមបាន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានឱ្យដឹងនៅក្នុងសារមួយផ្ញើទៅកាន់រ៉យទ័រថា លេខាធិការអចិន្ត្រៃយ៍ស្តីទីនៃក្រសួងការបរទេសមីយ៉ាន់ម៉ា គឺលោកស្រី Malar Than Htike កំពុងស្ថិតនៅក្នុងប្រទេសឡាវ សម្រាប់កិច្ចពិភាក្សានាថ្ងៃចន្ទនេះ។
ខណៈប្រភពការទូត២នាក់ផ្សេងទៀតបានបញ្ជាក់ព័ត៌មាននេះ លោក Retno បានថ្លែងថា ការចូលរួមរបស់លោកHtike ធ្វើឡើងស្របតាមគោលនយោបាយរបស់អាស៊ាន ស្តីពីការចូលរួមរបស់ប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយសារជម្លោះផ្ទៃក្នុង។
លោកRetnoបានថ្លែងយ៉ាងដូច្នេះថា៖ «ចំណុចសំខាន់គឺថា មិនមានការផ្លាស់ប្តូរក្នុងគោលនយោបាយអាស៊ាននោះទេ ហើយមីយ៉ាន់ម៉ា ក៏នឹងមិនអាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់អាស៊ានដែរ»។
មន្រ្តីយោធាកំពូលៗរបស់មីយ៉ាន់ម៉ា នៅតែជាប់រនាំងហាមមិនឱ្យចូលរួមកិច្ចប្រជុំសំខាន់ៗរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយសារតែការបរាជ័យរបស់ពួកគេ ក្នុងការអនុវត្តផែនការសន្តិភាព ដែលបានព្រមព្រៀងជាមួយប្លុកនេះ ២ ខែ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១ ដែលបង្កជាភាពវឹកវរក្នុងប្រទេសមីយ៉ាន់ម៉ា រហូតមកដល់បច្ចុប្បន្ន។
យ៉ាងណាមិញ អាស៊ានមានគោលនយោបាយឱ្យមីយ៉ាន់ម៉ា បញ្ជូន «អ្នកតំណាងក្រៅនយោបាយ» ជំនួសវិញ ប៉ុន្តែរបបយោធាបានបដិសេធក្នុងរយៈពេល ២ ឆ្នាំ ចុងក្រោយនេះ ដោយខឹងសម្បារចំពោះអ្វីដែលខ្លួនហៅថា អាស៊ានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕