អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី លោក ឌា​ម ហ្សៃ​នូ​ឌី​ន (Daim Zainuddin) នឹងត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​នៅ​ថ្ងៃទី២៩ខែមករា ឆ្នាំ២០២៤នេះ ពីបទ​ខកខាន​មិនបាន​ប្រកាស​ទ្រព្យសម្បត្តិ​តាម​ការទាមទារ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច។ បុរស​វ័យ ៨៥ ឆ្នាំ​រូបនេះ​ កំពុង​បង្ហាញខ្លួន​ស្រាយ​បំភ្លឺ​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី២៩នេះ។

កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន លោក ឌា​ម​បាន​លើកឡើងថា គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) បានធ្វើការ​កត់ត្រា​ការផ្ដល់​ចម្លើយ​របស់លោក​រួចហើយ។ លោក​បានបញ្ជាក់​បន្ថែម​ថា៖«មេធាវី​របស់ខ្ញុំ​បាន​ជូនដំណឹង​មក​ថា ខ្ញុំ​នឹង​ត្រូវបាន​ចោទប្រកាន់​នៅ​ថ្ងៃ​ចន្ទ​ពីបទ​ល្មើស​ដែល​ទាក់ទង​នឹង​ការដែល​មិនបាន​ប្រកាស​ទ្រព្យសម្បត្តិ​ក្រោម​មាត្រា ៣៦ (២) នៃ​ច្បាប់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី ឆ្នាំ២០០៩»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន លោក អា​ហ្សា បា​គី (AzamBaki) ប្រធាន​ស្នងការ​នៃ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​បាន​លើកឡើងថា MACCទទួលបាន​ការអនុញ្ញាត​ឱ្យធ្វើ​ការចោទប្រកាន់​លោក ឌា​ម ប៉ុន្តែ​ដំណើរការ​នីតិវិធី​ត្រូវបាន​ពន្យារពេល ដោយសារតែ​លោក ឌា​ម កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោម​ហេតុផល​សុខភាព តាំងតែ​ពីមុន​ពេល MACC ទទួលបាន​ការអនុញ្ញាត។


នៅ​ថ្ងៃទី២៣ខែមករា​កន្លងទៅ ភរិយា​របស់លោក ឌា​ម គឺ​លោកស្រី ណា​អ៊ី​ម៉ាស​អាប់​ឌុល ខា​លី​ដ (Na'imah Abdul Khalid)អាយុ ៦៦ ឆ្នាំ​ ក៏ត្រូវ​បាន​រង​ការចោទប្រកាន់​ពីបទ​មិន​ប្រកាស​ទ្រព្យសម្បត្តិ​ដូចគ្នា ជាពិសេស​អគារ Ilham Tower ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ។ ប៉ុន្តែ​តុលាការក្រុង​គូ​ឡា​ឡាំ​ពួរ (Kuala Lumpur) បានចេញ​សេចក្ដីសម្រេច​ថា​លោកស្រី​មិនមាន​កំហុស​ទេ។

ទ្រព្យសម្បត្តិ​ដែល​លោកស្រី​មិនបាន​ប្រកាស​នោះ​រួមមាន​ក្រុមហ៊ុន Ilham Tower ក្រុមហ៊ុន IlhamBaru រថយន្ត Mercedes-Benz ២គ្រឿង និង​អចលនទ្រព្យ​ជាច្រើន​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ និង​ទីក្រុង​ប៉េ​ណាំង (Penang)។ ប្រសិនបើ​លោកស្រី​ត្រូវបាន​រកឃើញថា​មាន​ពិរុទ្ធ នឹងត្រូវ​ប្រឈមមុខ​ជា​ប់​ពន្ធនាគារ​អតិបរមា​រហូតដល់​ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ជាង ២១០០០ ដុល្លារ​ សហរដ្ឋអាមេរិក។


លោកស្រី ណា​អ៊ី​ម៉ាស បាន​និយាយ​នៅ​ខាងក្រៅ​តុលាការ​ថា ៖ «ខ្ញុំ​មិនបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អ្វី​ទេ ហើយ​ខ្ញុំ​នឹង​ស្រាយ​បំភ្លឺ​រឿងនេះ​នៅ​តុលាការ»។លោកស្រី​បាន​បញ្ជាក់ថា៖ «បទល្មើស​ពិតប្រាកដ​គឺជា​ការប៉ុនប៉ង​ធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ប្តី​របស់ខ្ញុំ​ឯណោះ​ទេ​ដែល​នេះ​ជាការ​ប្រើប្រាស់​អំណាច​រដ្ឋ​ខុស ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​សុខុមាលភាព​ប្រជាពលរដ្ឋ»។

លោកស្រី ណា​អ៊ី​ម៉ាស ត្រូវបាន​សម្រេច​ឱ្យនៅ​ក្រៅ​ឃុំ​ដោយ​ត្រូវ​បង់ប្រាក់​ធានា​ខ្លួន​ចំនួន​ជាង ៥២០០០ដុល្លារ​ជាមួយនឹង​ការធានា​ដោយ​ត្រូវប្រគល់​លិខិតឆ្លងដែន​ទៅឱ្យ​តុលាការ​រក្សាទុក។ MACC បាន​លើកឡើងថា ការស៊ើបអង្កេត​លើ​សំណុំរឿង​លោក ឌា​ម​មាន​ប្រភព​ចេញពី​ព័ត៌មាន​ដែល​បាន​រកឃើញ​នៅក្នុង​ការ​បែកធ្លាយ​ឯកសារ​ផេ​ន​ដូ​រ៉ា(Pandora Papers)ក្នុង​ឆ្នាំ២០២១ដែល​ឈានទៅដល់​ការចាប់ផ្ដើម​ស៊ើបអង្កេត​នៅក្នុង​ខែកុម្ភៈ​ឆ្នាំមុន។

ឯកសារ​ផេ​ន​ដូ​រ៉ា​ដែល​បាន​បែកធ្លាយ​ក្នុង​ឆ្នាំ ២០២១ បាន​លាតត្រដាង​ពី​ទ្រព្យសម្បត្តិ​សម្ងាត់​របស់​មេដឹកនាំ​ពិភពលោក មហាសេដ្ឋី និង​តារាល្បីៗ ដែល​បាន​ប្រើប្រាស់​ក្រុមហ៊ុន​នៅ​ប្រទេស​ផ្សេង​ដើម្បី​លាក់បាំង​វិមាន​ដ៏​ស្កឹមស្កៃ យន្តហោះ​ឯកជន និង​ភាគហ៊ុន​របស់​ពួកគេ​នៅក្នុង​ក្រុមហ៊ុនធំៗជាដើម។ 

លោក ឌា​ម គឺជា​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ក្នុងចំណោម​ជនជាតិ​ម៉ាឡេស៊ី​ទាំង ៩នាក់ ដែល​ត្រូវបាន​លាតត្រដាង​នៅក្នុង​ឯកសារ​ផេ​ន​ដូ​រ៉ា​ប៉ុន្តែ​ឈ្មោះ​របស់​លោកស្រី ណា​អ៊ី​ម៉ាស​មិនមាន​នៅក្នុង​នោះទេ៕