​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Rishi Sunak នៅ​ថ្ងៃទី ​២៩ ខែ​​មករា ប្រកាស​ពី​ផែនការ​រឹតបន្តឹង​ការលក់​បារី​អេឡិចត្រូនិក (disposable vapes) ប្រើ​ម្តង​បោះចោល​ឬ​អាច​ផ្លាស់ប្តូរ​រសជាតិ​បាន​ដើម្បី​ការពារ​កុមារ​កុំឱ្យ​ប្រើ​​ប្រាស់ និង​រំឭក​ឡើងវិញ​ពី​គោល​បំណង​របស់​រដ្ឋាភិបាល​ក្នុងការ​ការពារ​ក្មេងជំនាន់ក្រោយ​មិនឱ្យ​ទិញ​ថ្នាំជក់​។​

​នៅក្រោយ​ការប្រកាស​នេះ នឹង​មានការ​រឹតបន្តឹង​លើ​រសជាតិ​នៃ​ប្រភេទ​ vape ​នេះ ការកែប្រែ​ការ​​វេច​ខ្ចប់ និង​ការផ្លាស់ប្តូរ​អំពី​របៀប​ដែល​ vapes ឬ​បារី​អេឡិចត្រូនិក​នេះ​តាំង​លក់​ដើម្បី​ធ្វើយ៉ាងណា​មិនឱ្យ​វា​មាន​ភាព​ទាក់ទាញ​ដល់​កុមារ​។ យោង Reuters​។​

​ប្រភព​ដដែល​បាន​បន្តថា ហាង​នានា​ត្រូវធ្វើ​យ៉ាងណា​ដាក់តាំង​ឱ្យ​ផុតពី​ការមើលឃើញ​របស់​កុមារ និង​នៅ​ឆ្ងាយ​ពី​កន្លែង​គិតលុយ ហើយ​ហាង​ណា​ដែល​លក់​ថ្នាំជក់​ឬ​ vapes​ ដល់​អតិថិជន​មិនទាន់​គ្រប់​អាយុ​ត្រូវ​ប្រឈម​មុខ​នឹង​ការផាកពិន័យ​នៅនឹងកន្លែង​រហូតដល់​ ២ ៥០០​ អឺរ៉ូ​។​


​លោក Sunak បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​ទន្ទឹមនឹង​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​បញ្ឈប់​កុមារ​ដែលមាន​អាយុ​ ១៥ ​ឆ្នាំ​ឬ​ក្មេង​ជាង​នេះ​ការផ្លាស់ប្តូរ​នេះ​នឹង​បន្សល់ទុក​កេរ​ដំណែល​យូរអង្វែង​ពិសេស​ការ​ការពារ​សុខភាព​រប​ស់​កុមារ​របស់​យើង​សម្រាប់​រយៈពេល​វែង​»​។​

​រដ្ឋាភិបាល​អង់គ្លេស​បាន​ឱ្យដឹងថា បារី គឺជា​ឃាតករ​ដ៏​ធំ​បំផុត​របស់​ចក្រភព​អង់គ្លេស​ដែល​វា​បណ្តាលឱ្យ​មនុស្ស​ ១​ នាក់​ ក្នុងចំណោម ​៤ ​នាក់​ស្លាប់​ដោយសារ​ជំងឺមហារីក​ឬ​ប្រហែល​ ៨ ម៉ឺន​នាក់​ ក្នុង​ ១​ ឆ្នាំ​។​


​រដ្ឋាភិបាល​ក៏​ធ្លាប់បាន​ឱ្យដឹង​ដែរ​ថា​ vapes ​ឬ​បារី​អេ​ឡិច​​ត្រូ​និក​ត្រូវបាន​គេ​មើលឃើញថា ជា​គន្លឹះ​ក្នុង​ការជួយ​ឱ្យ​មនុស្ស​ឈប់​ជក់បារី តែ​ផ្ទុយទៅវិញ​វា​បង្កក្តី​ព្រួយបារម្ភ​លើ​ការ​ញៀន​ជាតិ​នីកូទីន​ក្នុងចំណោម​យុវវ័យ​ដោយ​ក្នុងនោះ ​៩ ​ភាគរយ​នៃ​ក្មេង​អាយុ​ពី​ ១១​ ទៅ​ ១៥​ ឆ្នាំ​បាន​ប្រើ​ប្រាស់​វា​ពេល​បច្ចុប្បន្ននេះ​។​

​ស្របពេល​ជាមួយគ្នានេះ​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ខែធ្នូ​បានលើកឡើង​ដែរ​ថា ឧបករណ៍ ​vape​ ទាំងអស់​គួរតែ​ត្រូវបាន​ហាមឃាត់​។ ទោះជា​យ៉ាងណា​ក្រុម​ឧស្សាហកម្ម និង​សមាគម​ឧស្សាហកម្ម​ Vaping របស់​អង់គ្លេស​បានប្រកែក​ថា vapes របស់ខ្លួន​បង្ក​ហានិភ័យ​សុខភាព​ទាប​ជាង​ថ្នាំជក់​ហើយ​រសជាតិ​របស់​វា គឺជា​គន្លឹះ​លើកទឹកចិត្ត​អ្នក​ជក់បារី​ឱ្យ​ផ្លាស់ប្តូរ​។​

​ចំណែក​លោក ​Sunak​ បាន​ថ្លែងថា​៖ «​ខ្ញុំ​មាន​កាតព្វកិច្ច​ធ្វើ​អ្វីដែល​ខ្ញុំ​គិតថា ​ជា​រឿង​ត្រឹមត្រូវ​សម្រាប់​ប្រទេស​របស់​យើង​ក្នុង​រយៈពេល​វែង​»៕