​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ ​(​ដ្រូន​)​ លើ​មូលដ្ឋាន​កងទ័ព​សហរ​ដ្ឋ​អាមេរិក​ដែល​ឈរជើង​នៅ​ព្រំដែន​ប្រទេស​ហ្ស៊​កដា​នី​ក្បែរ​ប្រទេស​ស៊ី​រី បណ្តាលឱ្យ​ទាហាន​សហរដ្ឋអាមេរិក​ ៣​​ នាក់​ បាត់​បង់ជីវិត និង​យ៉ាងហោចណាស់​រងរបួស ៣៤ ​នាក់​ជា​លើកដំបូង កំពុង​ធ្វើឱ្យ​តំបន់​ទាំងមូល​ប្រឈម​នឹង​សង្គ្រាម​កាន់តែ​ធំ និង​កាន់តែ​សាហាវ​លើស​សង្គ្រាម​អ៊ី​ស្រា​អែល​-ហា​ម៉ាស់​ដែលមាន​ស្រាប់​នៅ​តំបន់​ហ្គា​ហ្សា​។

​ក្រោយ​ការវាយប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​សហរដ្ឋអាមេរិក​បានដាក់​ការចោទប្រកាន់​រួចទៅហើយ លើ​ក្រុម​សកម្មប្រយុទ្ធ​ណាមួយ​ដែល​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ប្រទេស​សាធារណរដ្ឋ​អ៊ិ​ស្លាម​អ៊ីរ៉ង់​ដែល​នៅ​ថ្ងៃ​ចន្ទ​ចេញមុខ​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ណា​មួយ​ក្នុងការ​វាយប្រហារ​ដ៏​កក្រើក​នេះ​។​

​ប្រទេស​ហ្ស៊​កដា​នី​ដែលមាន​មូលដ្ឋានទ័ព​អាមេរិក​បានចេញ​មុខ​ភ្លាមៗ​ថ្កោល​ទោស​ការវាយប្រហារ​នៅ​ថ្ងៃទី​ ​២៨ ខែមករា​នោះ ដោយបាន​ហៅ ជា​«​ការវាយប្រហារ​ភេរ​វករ​»​ដែល​ប្រទេស​នានា​ក្នុង​តំបន់​ហាក់​មានការ​ព្រួយបារម្ភ​។​


​ជាការ​កត់សម្គាល់​រប​ស់​អ្នកតាមដាន​សង្គ្រាម នេះ​ជា​លើកដំបូង​ដែល​បុគ្គលិក​យោធា​អាមេរិក​ត្រូវបាន​សម្លាប់​ដោយ​ការ​បាញ់ប្រហារ​ពី​បច្ចាមិត្ត​នៅ​មជ្ឈិមបូព៌ា ចាប់​តាំងពី​សង្គ្រាម​រវាង​អ៊ី​ស្រា​អែល និង​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​បាន​ផ្ទុះឡើង​កាល​ពីថ្ងៃ​ទី​ ៧ ខែតុលា រហូតដល់​ពេលនេះ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ហ្ស៊​កដា​នី លោក Muhannad Mubaidin បាន​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​សហរដ្ឋអាមេរិក និង​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ហ្ស៊​កដា​នី​កំពុងធ្វើការ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​។​


​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា ការវាយប្រហារ​គឺ​លើ​មូលដ្ឋានទ័ព​អាមេរិក​មួយ​ក្នុងប្រទេស​ស៊ី​រី ជាប់​ព្រំដែន ប៉ុន្តែ​មិនមែន​នៅលើ​ទឹកដី​ហ្ស៊​កដា​នី​ទេ ប៉ុន្តែ​សេចក្តីរាយការណ៍​ជាច្រើន​បញ្ជាក់ថា ការវាយប្រហារ​ស្ថិតនៅ​ប្រទេស​ហ្ស៊​កដា​នី​ត្រង់ចំណុច Tower22 ជិត​ប្រទេស​ស៊ី​រី​។​

​ក្រោយ​ការវាយប្រហារ​ភ្លាមៗ​ប្រ​ធានា​ធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន ដែល​កំពុង​រង​សម្ពាធ​នយោបាយ​ខ្លាំង​នៅក្នុង​ស្រុក ក៏បាន​ចេញមុខ​ប្រកាស​ចោទប្រកាន់​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉ង់ ហើយ​ថា «​យើង​[​សហរដ្ឋអាមេរិក​]​នឹង​ឆ្លើយតប​វិញ​»​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រ៉ង់ លោក Nasser Kanaani ត្រូវបាន​ដក​ស្រង់​សម្ដី​ដោយ​ទូរទស្សន៍​អ៊ី​រ៉ង់ IRNA កាលពី​ថ្ងៃ​ចន្ទ បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​​មិត្ត​លោកខាងលិច​។​

​សារព័ត៌មាន Al Jazeera បាន​ស្រង់​សម្តី​ដូច​ផ្សាយ​ថា​៖«​ដូចដែល​យើង​បាន​និយាយ​យ៉ាងច្បាស់​ពីមុនមក ក្រុម​អ្នកតស៊ូ​ក្នុង​តំបន់​កំពុង​ឆ្លើយតប [​ចំពោះ​] ឧក្រិដ្ឋ​កម្ម​សង្គ្រាម និង​ការ​ប្រល័យពូជសាសន៍​នៃ​របប Zionist ដែល​សម្លាប់​កុមារ ហើយ​... ពួកគេ​មិន​ទទួល​បទបញ្ជា​ពី​សាធារណរដ្ឋ​អ៊ិ​ស្លាម​អ៊ី​រ៉ង់​ទេ​»​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ក្រោយ​កើតហេតុ រដ្ឋមន្ត្រីការបរទេសអ៊ី​ស្រា​អែល លោក Israel Katz បាន​និយាយថា​៖«​យើង​ឈរ​រួបរួម​ក្នុងតម្លៃ​របស់​យើង ហើយ​ប្រយុទ្ធ​ប្រឆាំងនឹង​សត្រូវ​រួម​។ ការលះបង់​របស់​ពួកគេ​នឹង​ចងចាំ​ជានិច្ច​។ ទៅឱ្យ​បាន​ស្ងប់​។ ជូនពរ​អ្នករបួស​ឆាប់​ជាសះស្បើយ​»​។​

​ប្រភព​សន្តិសុខ​ជាន់ខ្ពស់​របស់​ហ្ស៊​កដា​នី​បាន​ប្រាប់​រ៉​យ​ទ័​រថា ហ្ស៊​កដា​នី​ថ្មីៗ​នេះ​បាន​អំពាវនាវ​ឱ្យមាន​ផ្នែក​រឹង និង​ការគាំទ្រ​ផ្នែក​ការពារជាតិ​កម្រិត​ខ្ពស់​បន្ថែមទៀត​របស់​ស​ហ​រដ្ឋ​អាមេរិក ដោយសារតែ​ការព្រួយបារម្ភ​របស់​អ៊ី​រ៉ង់ និង​ភ្នាក់ងារ​របស់ខ្លួន​អាច​ក្លាយ​ជាការ​ជ្រួលច្របល់​កាន់តែខ្លាំង​៕