ក្រោយ​កើត​ហេតុ​​នៃ​ការប៉ះទង្គិច​គ្នា​​រវាងយន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ Japan Airlines និង​យន្តហោះ​ឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុន​ដែល​ដឹក​ជំនួយ​សម្រាប់​​កិច្ច​ការសង្គ្រោះ​បន្ទាន់​​ដោយសារ​គ្រោះរញ្ជួយ​ដី​​ នាយកដ្ឋាន​ប៉ូលិស​ក្រុង​តូ​ក្យូ នឹង​បង្កើត​ទីស្នាក់ការ​ស៊ើបអង្កេត​​មួយ​នៅ​ស្ថានីយប៉ូលិស​អាកាសយានដ្ឋាន​តូ​ក្យូ ដើម្បី​ស៊ើបអង្កេត​ការបុក​គ្នា​​​ដែល​បាន​កើតឡើង​នៅលើ​ផ្លូវ​រត់​នៅឯ​អាកាសយានដ្ឋាន Haneda កាលពី​ថ្ងៃ​អង្គារ។

​យោង​តាម​ការ​ផ្សាយ​របស់ The Japan News នាយក​ដ្ឋាន​​ប៉ូលិស​ក្រុង​តូក្យូ នឹង​ស៊ើបអង្កេត​មូលហេតុ​នៃ​ឧប្បត្តិ​ហេតុនេះ​ដោយ​ការសម្ភាស​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​គោលបំណង​ដាក់​ការចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​វិជ្ជាជីវៈ​ដែល​បណ្តាល​ឱ្យស្លាប់​ឬ​របួស។

យោងតាម​នាយកដ្ឋាន​ប៉ូលិស​ទីក្រុង​តូ​ក្យូ ​សមាជិក​នាវិក​ចំនួន៥​នាក់​នៃ​យន្តហោះ​ឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុន​ដែល​បាន​បុក​ជាមួយ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​នៅ​អាកាសយានដ្ឋាន Haneda ក្នុង​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​អង្គារ​ត្រូវបាន​បញ្ជាក់ថា​បាន​ស្លាប់ ខណៈសេចក្តីរាយការ​ណ៍​ដំបូង​ អ្នកដំណើរ​និង​​អ្នក​បម្រើ​​សេវា​លើ​យន្តហោះJapan Airlines ចំនួន ៣៧៩​នាក់​​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព​​។ 


ប្រធាន​​ក្រុម​​ក្នុងយន្តហោះ​​​ឆ្មាំ​សមុទ្រ​​ជប៉ុន​​​អាច​រត់គេចខ្លួន​ពីឧប្បត្តិហេតុ។

ទីភ្នាក់ងារ​នេះ​បាន​ឱ្យ​ដឹង​ថា យន្តហោះ JCG កំពុងធ្វើដំណើរ​ចុះ​ពីលើ​ផ្លូវ​រត់​នៅឯ​អាកាសយានដ្ឋាន Haneda ដើម្បី​ហោះ​ឡើង និង​ឆ្ពោះទៅ​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​ទីក្រុង Niigata ជា​កន្លែង​ដែល​វា​ត្រូវ​ដឹកជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ទៅកាន់​តំបន់​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​បន្ទាប់ពី​ការរញ្ជួយ​ដី​ដ៏​ធំ​នៅ​កោះ Noto Peninsula កាលពី​ថ្ងៃ​ចន្ទ៕​