អ្នកដំណើរ​នៃ​ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន Japan Airlines ដែល​បាន​ឆេះ​បន្ទាប់ពី​បាន​បុក​ជាមួយ​យន្តហោះ​របស់​កង​កម្លាំង​ឆ្មាំ​សមុទ្រ​​ជប៉ុន ​នៅ​ពេល​យន្តហោះ​របស់​​ក្រុមហ៊ុន ​Japan Airlines ចុះចត​នៅ​អាកាស​យានដ្ឋាន Haneda នៃ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​អង្គារ​ បាន​និយាយ​អំពី​ឧប្បត្តិហេតុ​ដ៏​អាក្រក់​ដែល​បាន​កើតឡើង​ក្នុង​អំឡុងពេល​ថ្ងៃ​ឈប់​សម្រាក​ឆ្នាំ​ថ្មី។

សារព័ត៌មាន​អន​ឡាញ Jiji Press និង  The Japan News  បាន​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​ទី​៣​ខែ​មករា​នេះ បានសម្ភាសន៍​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ ក៏ដូច​ជា​សាច់ញាតិ​ដែល​មក​ទទួល​អ្នក​ដំណើរ​នៃ​ជើង​យន្តហោះ​ដែលបានឆេះ​នោះ បាន​រៀបរាប់​ពី​ហេតុ​ការណ៍​នោះ។

អ្នក​ដំណើរ​ Yasuhito Imai អាយុ៦៣ឆ្នាំ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មកពីតំបន់​ Mitaka ​​ទីក្រុង​តូ​ក្យូ បាន​និយាយ៖«​មាន​បញ្ហា​កើត​ឡើង​ភ្លាមៗមុនពេល​ចុះចត។ ខ្ញុំ​បានឃើញ​ភ្លើង​ឆេះ​នៅក្នុង​ម៉ាស៊ីន ដូច្នេះ​ហើយ​ខ្ញុំ​បាន​ជម្លៀស​ចេញ​ដោយ​អស់​សង្ឃឹម ​ខណៈពេលដែល​ព្យាយាម​រក្សា​ភាពស្ងប់​ស្ងាត់»។


គាត់​បាន​ជិះ​យន្តហោះ​ត្រឡប់​ពី​ដំណើរ​ទៅ​ទីក្រុង Sapporo រាជធានី​នៃ​ខេត្ត Hokkaido ភាគ​ខាងជើង​នៃ​ប្រទេស​ជប៉ុន និង​ជា​ស្រុក​កំណើត​របស់គាត់។

​យោង​តាម​លោក Imai មុនពេល​ចុះចត​នោះ មានការ​ប៉ះពាល់​មិនមែន​មកពី​ការប៉ះទង្គិច​ទេ តែ​មកពី​អាច​ប៉ះ​នឹង​អ្វីមួយ ហើយ​គាត់​បានឮ​អ្នកដំណើរ​ជាច្រើន​ស្រែក​​​។ ជើងហោះហើរ​នេះ​ពោរពេញ​ដោយ​អ្នកដំណើរ។


លោក Imai បាន​និយាយថា គាត់​ដឹងថា​មាន​អ្វីមួយ​កើតឡើង ខណៈដែល​អ្នកបម្រើ​លើ​យន្តហោះ​បាន​អំពាវនាវ​ដល់​អ្នកដំណើ​រ​ឱ្យ​រក្សា​ភាពស្ងប់ស្ងាត់ និង​ជម្លៀសចេញ​ដោយ​មិន​មានការ​ភ័យ​ស្លន់ស្លោ។

គាត់​បានឃើញ​ភ្លើង​ឆេះ​ចេញពី​ម៉ាស៊ីន​របស់​យន្តហោះ ហើយ​បាន​រត់​ចេញពី​យន្តហោះ​ដោយ​ប្រើ​ស្លាយ​ជម្លៀស​តាម​ការណែនាំ​ពី​អ្នកបម្រើ​លើ​យន្តហោះ។ 

Imai បាន​រំលឹកថា៖«ខ្ញុំ​គិត​ថា​មនុស្ស​ទាំងអស់​នៅលើ​យន្តហោះ​អាច​ជម្លៀស​ចេញ​ក្នុង​រយៈពេល​តិច​ជាង​១០​នាទី ប៉ុន្តែ​ខ្ញុំ​ព្រួយ​បារម្ភ​នៅពេលដែល​ភ្លើង​កាន់តែ​ធំ​ឡើង»។ 
ដោយ​បង្ហាញ​ការដឹងគុណ​របស់​គាត់​ចំពោះ​អ្នកដំណើរ និង​សមាជិក​នាវិក​ផ្សេងទៀត លោក Imai បាន​និយាយ​ថា៖«ក្មេងៗ​ស្រែក​យំ ​ហើយ​មនុស្ស​មួយ​ចំនួន​បាន​ស្រែក ​ប៉ុន្តែ​យើង​អាច​ជម្លៀស​ចេញ​ដោយ​មិន​មាន​ការ​ភ័យ​ស្លន់​ស្លោ​ឡើយ»។​

នៅ​ក្នុង​​ឧបទ្ទវ​ហេតុនេះ យន្តហោះ JAL Flight 516 ដែល​ហោះ​ចេញពី​អាកាសយាន​ដ្ឋាន New Chitose ក្នុង​ទីក្រុង Hokkaido បាន​ផ្ទុះ​ឆេះ​បន្ទាប់ពី​បាន​បុក​ជាមួយ​យន្តហោះ​ឆ្មាំ​សមុទ្រ​ជប៉ុន អំឡុងពេល​យន្តហោះ JAL ចុះចត​នៅ​អាកាស​យានដ្ឋាន Haneda ។

អ្នក​ដំណើរ និង​សមាជិក​នាវិក​ទាំង​អស់​នៃ​ជើងហោះហើរ JAL ទាំង ៣៧៩ នាក់​​បាន​រត់​គេចខ្លួន​ចេញពី​យន្តហោះ ខណៈ​ដែល​មនុស្ស ​៥ នាក់​ក្នុងចំណោម​៦​នាក់​នៅលើ​យន្តហោះ JCG ត្រូវបាន​បញ្ជាក់​ថា​បាន​ស្លាប់។

លោក Manabu Kotake អាយុ៥៨​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​នៅ​ទីក្រុង Sapporo បាន​​និយាយថា៖«មាន​​ផលប៉ះពាល់​យ៉ាងខ្លាំង​បន្ទាប់ពី​យន្តហោះ​បាន​ចុះ​ចត​​» ដោយ​បន្ថែមថា​គាត់​បាន​កត់សម្គាល់ឃើញ​អណ្តាតភ្លើង​កើនឡើង​នៅ​ពេល​ដែល​​គាត់​មើលទៅ​ខាងក្រៅ​បង្អួច​នៃ​យន្តហោះ។ កៅអី​របស់គាត់​នៅ​ជិត​ម៉ាស៊ីន។

គាត់​បាន​និយាយថា គាត់​មិនមាន​អារម្មណ៍​ថា​ក្តៅ​ទេ ប៉ុន្តែ​បាន​ធុំក្លិន​អ្វីដែល​ឆេះ។

លោក Kotake បាន​និយាយថា៖«ដំបូង​ខ្ញុំ​គិតថា​វា​ជាការ​វាយ។ ប៉ុន្តែ​ពេល​ខ្ញុំ​ឃើញ​ម៉ាស៊ីន​ដាច់​​ជាផ្នែក​ ខ្ញុំ​ភ័យ​ណាស់​ថា ​ខ្ញុំ​ប្រហែលជា​មិនអាចរ​ស់បាន»។

អ្នកដំណើរ​បុរស​អាយុ ៥៩ ឆ្នាំ​បាន​និយាយថា៖ «ខ្ញុំ​បានឮ​សំឡេង​ខ្លាំង ហើយ​ម៉ាស៊ីន​បាន​ឆេះ​ក្នុងពេល​តែមួយ»។ លោក​បាន​និយាយថា អ្នកដំណើរ​បាន​ជម្លៀសចេញ បន្ទាប់ពី​អ្នកបម្រើ​លើ​យន្តហោះ​បាន​សុំឱ្យ​ពួកគេ​រក្សា​ភាពស្ងប់ស្ងាត់។

គាត់​បាន​និយាយថា គាត់​ភ្ញាក់ផ្អើល​ពេល​ឃើញ​យន្តហោះ​ឆេះ ប៉ុន្តែ​បាន​បន្ថែមថា «ខ្ញុំ​គិតថា​មិនមាន​ការភាន់ច្រឡំ​ក្នុងចំណោម​អ្នកដំណើរ​ទេ»។

Tsubasa Sawada បុគ្គលិក​សាជីវកម្ម​អាយុ ២៨​ឆ្នាំ​​បាន​និយាយ​ថា៖​«មាន​ផ្សែង​យ៉ាងច្រើន (នៅ​ខាងក្នុង​យន្តហោះ)»។

អ្នក​ដំណើរ​ម្នាក់​ទៀត ឈ្មោះ​Sawada បាន​និយាយថា៖‍«ការមើលឃើញ​គឺ​ខ្សោយ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​របស់ខ្ញុំ​ស្ថិតក្នុង​គ្រោះថ្នាក់" ។

​អ្នក​ស្រី Mika Yamake អាយុ ៥០ ​ឆ្នាំ​បាន​នៅឯ​កន្លែង​ទទួលភ្ញៀវ​របស់ Haneda ដើម្បី​​មក​ទទួល​ប្តី​របស់​គាត់​​ដែល​កំពុង​ត្រលប់​មកវិញ​នៅលើ​ជើង​ហោះ​ហើរ JAL នៅ​ពេល​​គ្រោះថ្នាក់​បានកើត​ឡើង។

Yamake បាន​និយាយថា នាង​បានដឹង​អំពី​ឧបទ្ទវ​ហេតុនេះ ខណៈ​នាង​បាន​ទទួល​​ទូរស័ព្ទ​ពី​ប្តី​របស់​នាង។ ការហៅ​ទូរស័ព្ទ​ត្រូវបាន​កាត់ផ្តាច់ បន្ទាប់ពី​ប្តី​បាន​ប្រាប់​​នាង​ថា គាត់​បានឃើញ​ផ្សែង​នៅ​ខាងក្នុង​យន្តហោះ។

ប្រហែល៣០​នាទី​ក្រោយមក បុរស​ជា​ប្តី​បាន​ទូរស័ព្ទ​ទៅអ្នកស្រី Yamake ម្តងទៀត ដើម្បី​ប្រាប់​នាង​ថា​គាត់​បានគេច​ចេញពី​យន្ត​ហោះ​ដោយ​សុវត្ថិភាព។ «ឥឡូវនេះ​ខ្ញុំ​នៅលើ​ផ្លូវ​រត់។ វា​ត្រជាក់​ណាស់» គាត់​បាន​ប្រាប់​ប្រពន្ធ​របស់គាត់​តាម​ទូរស័ព្ទ។

ស្ត្រី​ម្នាក់​ដែលមាន​អាយុ ​៧០​ឆ្នាំ​បាន​ឃើញ​យន្ត​ហោះ JAL ឆេះ​នៅ​អាកាសយានដ្ឋាន បន្ទាប់ពី​ចៅ​របស់​​គាត់​ដែលជា​សិស្សសាលា​បឋម​បាន​ប្រាប់​​គាត់​​ថា៖‍​«​មើល​នោះ​លោក​យាយ។ យន្តហោះ​ឆេះ​!»។ ស្ត្រី​រូបនេះ​បាន​និយាយ​ថា គាត់​បានឃើញ​ផ្កា​ភ្លើង​ពណ៌​ក្រហម​ហោះ​ឡើង​ខ្ពស់​លើផ្លូវ​រត់ ដោយ​បន្ថែម​ថា​វា​គួរ​ឱ្យ​ខ្លាច៕