​ សហរដ្ឋ​អាមេរិក​សម្រេច​បាន​​កិច្ច​ព្រម​ព្រៀង​មួយ​ ដើម្បី​ពន្យារ​​ពេល​​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ឯ​មូលដ្ឋាន​ទ័ព​ Al Udeid ​ក្នុង​ប្រទេស​កាតា​សម្រាប់​រយៈ​ពេល​ ១០ ឆ្នាំ ​ត​ទៅ​មុខ​ទៀត ដោយ​ស្ងាត់​​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ដែល​ស្រង់​សម្ដី​ប្រភព​ព័ត៌មាន​ជា​អនាមិក​ កាល​ពី​ថ្ងៃ​អង្គារ​។ 

ក្រសួង​ការពារ​ជាតិ​អាមេរិក​ មិន​បាន​​អត្ថាធិប្បាយ​​យ៉ាង​ណា​ទេ​ ចំពោះ​ការ​​អះ​អាង​របស់​ប្រភព​ព័ត៌មាន​របស់​រ៉យទ័រ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ខណៈ​បណ្ដាញ​ព័ត៌មាន​ CNN បាន​ផ្សាយ​ថា​ កិច្ច​ព្រម​ព្រៀង​អាមេរិក​-កា​តា​ដដែល​​ មិន​ត្រូវ​បាន​គេ ឬ​មន្រ្តី​រដ្ឋបាល​បៃដិន​ ​ប្រកាស​ជា​សាធារណៈ​នោះ​ទេ​។

​មូលដ្ឋាន​​​ទ័ព​អាកាស​ Al Udeid  មាន​ទីតាំង​នៅ​វាលខ្សាច់​ភាគ​និរតី​នៃ​ទីក្រុង​ដូហា​និង​ជា​មណ្ឌល​យោធា​ដ៏​ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិ​ក​នៅ​មជ្ឈិម​បូព៌ា។ ​​មូលដ្ឋាន​ទ័ព​​នេះ​ ​ជា​​មជ្ឈ​មណ្ឌល​​សំខាន់​​សម្រាប់​​ប្រតិបត្តិកា​រ​​ផ្លូវ​អាកាស​​របស់​​ទីបញ្ជាការ​​កណ្តាល​​អាមេរិក​ ​​ក្នុង​​ឬ​​ជុំ​វិញ​​ប្រទេស​​អាហ្វហ្គានីស្ថាន ​អ៊ីរ៉ង់ ​និង​​ទូទាំង​​​តំបន់​មជ្ឈិ​ម​បូព៌ា។​ កង​​ទ័ព​​អាកាស​​កាតា​ និង​​អង់គ្លេស​ ​ក៏​​ប្រតិបត្តិការ​​ពី​​មូលដ្ឋាន​ទ័ព​នេះ​ផង​​​ដែរ​។


កិច្ច​ព្រម​ព្រៀង​​ពន្យារ​ពេល​នៃ​វត្ត​មាន​​កង​ទ័ព​អាមេរិក​​នា​ពេល​​នេះ​ ធ្វើ​ឡើង​ខណៈ​សហរដ្ឋ​អាមេរិក​បាន​ពង្រឹ​ង​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​​មជ្ឈិមបូព៌ា ចំពេល​មាន​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ស៊ីរី​ និង​យេម៉ែន​ ដោយ​សារ​តែ​សង្រ្គាម​នៅ​ហ្គាហ្សា​របស់​អ៊ីស្រាអែល​។

កាតា​ គឺ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​​ក្រៅ​​​​​ណាតូ​របស់​សហរដ្ឋ​អាមេរិក​ ដែល​​​មាន​ទំនាក់​ទំនង​ការងារ​ជា​​យុទ្ធសាស្ត្រ​ជាមួយ​យោធា​សហរដ្ឋ​អាមេរិក​។​​ រដ្ឋ​ឈូង​សមុទ្រ​ពែក្ស​មួយ​នេះ​ គឺ​ជា​ច្រក​មួយ​សម្រាប់​ការ​ស​ន្ទ​នា​របស់​អាមេរិក​ជាមួយ​ពួក​តាលីបង់​ ចាប់​តាំង​ពី​ការ​ដក​ទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ឆ្នាំ​២០​២​១​។


នៅចុង​ឆ្នាំ​ ២០២៣ ​​កាតា​បាន​ដើរ​តួ​ជា​អ្នក​​សម្រប​សម្រួល​កិច្ច​ព្រម​ព្រៀង​​​មួយ​ ដែល​សម្រេច​​ឱ្យ​មាន​ការ​ដោះ​ដូរ​អ្នក​ទោស​រវាង​អាមេរិក​ និង​​វេណេហ្ស៊ុយអេឡា​ និង​អ៊ីរ៉ង់។

លើស​ពី​នេះ​ ប្រទេស​ដដែល​ ក៏​​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ផង​ដែរ​ ​ក្នុង​កិច្ច​ពិភាក្សា​សម្រុះ​សម្រួល​ជាមួយ​ក្រុម​ហាម៉ាស់​ និង​មន្ត្រី​អ៊ីស្រាអែល​ ទាក់​ទង​នឹង​សង្គ្រាម​នៅ​តំបន់​ហ្គាហ្សា​ និង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​ក្រុមហាម៉ាស់​ចាប់​ខ្លួន​ ក្នុង​ការ​វាយ​ប្រហារ​ថ្ងៃ​ ៧តុលា​ ឆ្នាំ​មុន​។ ​​ ប្រធានាធិបតី​អាមេរិក​លោក​ ចូ​ បៃដិន​ តែង​និយាយ​គ្នា​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​កាតា​ស្ដី​ពី​បញ្ហា​នេះ​៕​