ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​កោះ​ហៅ​កូន​ប្រុស​របស់​លោក​ប្រធានា​ធិបតី​ ចូ​កូ​ វីដូដូ ​ដែល​ជា​គូ​ប្រជែង​របស់​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ ដើម្បី​សាក​សួរ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ដែល​ថា ​លោក​រំលោភ​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

កូន​ប្រុស​លោក ចូកូ​ គឺ​លោក​ ​Gibran Rakabuming Raka និង​រដ្ឋ​មន្ត្រី​ការពារ​​ជាតិឥណ្ឌូនេស៊ី​​ លោក​​ Prabowo Subianto ​រួម​ដៃ​គ្នា​ក្នុង​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នា​ថ្ងៃ​ទី​ ១៤ កុម្ភៈ​ ខាង​មុខ​ ដោ​យ​លោក​ Gibran កាន់​បេក្ខ​ភាព​អនុ​ប្រធានាធិបតី​ ហើយ​លោក​ Prabowo កាន់​បេក្ខ​ភាព​ប្រធានាធិបតី​។ អ្នក​ទាំង​២​ នឹង​ប្រកួត​ប្រជែង​ជាមួយ​​បេក្ខ​ជន​​ប្រធានាធិបតីនាំ​មុខ​​ធំៗ​២​​ផ្សេង​​ទៀត​ រួម​មាន​ លោក​​Anies Baswedan​ និង​លោក ​Ganjar Pranowo។ 

ទីភ្នាក់ងារ​ត្រួតពិនិត្យ​ការបោះ​ឆ្នោត​ទូទៅ (Bawaslu) នៅសង្កាត់​សិនត្រាល​ហ្សាកាតា នៃ​ក្រុង​ហ្សាកាតា​​ បាន​កោះ​ហៅ​ លោក​ Gibran ​ដើម្បី​សាក​សួរ​​ពី​បទ​បំពាន​ច្បាប់​យុទ្ធនាការ​ ដោយ​សារ​លោក​បាន​ចែក​ទឹក​ដោះ​គោ​ដោយ​ឥត​គិត​ថ្លៃ​​ ​ជូន​មនុស្ស​​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​​ ឈ្មោះ​ «Car-free day» ឬ​ «ថ្ងៃ​គ្មាន​រថយន្ត​» កាល​ពី​ខែ​មុន​។


​លោក ​Dimas TriantoPutro​ មន្ត្រី​នៅ​ Bawaslu ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ កាល​ពី​ថ្ងៃ​អង្គារ​​ថា​​៖«​យើ​ង​ត្រូវ​មាន​ការ​បំភ្លឺ​ពី​ លោក​Gibran ។ យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ តើ​ការ​ចោទ​ប្រកាន់​​នោះ​បាន​កើត​ឡើង​មែ​ន​ឬ​អត់​»។ ​

បទ​ប្បញ្ញត្តិ​​ទីក្រុង​ហ្សាកាតា​ឆ្នាំ​២០១៦​ បាន​កំណត់​​រារាំង​​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឡើង​ «​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​គណបក្ស​នយោបាយ​»​ នៅ​ក្នុង​ព្រឹត្តិការណ៍​ «​ថ្ងៃ​​គ្មាន​រថយន្ត​»​ដែ​ល​គេ​ហាម​ឃាត់​​មិន​​ឱ្យ​មាន​រថ​យន្ត​ផ្សេង​ៗ​​បើក​​​លើ​​ផ្លូវ​សំខាន់​ៗ​។​


យ៉ាង​ណា​មិញ​ ភ្នាក់ងារ​ Bawaslu ​មិន​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ លោក​ Gibran ​នោះ​ទេ​ ហើយ​​គេ​មិន​ច្បាស់​ភ្លាម​ៗ​ថា​តើ​អាជ្ញាធរ​ទីក្រុង​ហ្សាកាតា​ នឹង​ដោះ​ស្រាយ​ ឬ​ចេញ​ការ​ពិន័យ​ណា​មួយ​នោះ​ទេ​។

​គេ​មើ​ល​ឃើញ​ថា​ បេក្ខភាព​របស់​ លោក​ Gibran ​មាន​ភាព​ចម្រូង​ចម្រាស​ ដោយ​សារ​តែ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ ដែល​បាន​លុប​ចោល​​នូវ​​ការ​កំណត់​លើ​អាយុ​ ហើយ​​​ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​លោក​អាច​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​៕​