នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន ដែលទើបឡើងកាន់តំណែងកាលពីខែសីហាឆ្នាំមុន នៅថ្ងៃពុធបានស្នើកញ្ចប់ថវិកា៣,៤៨ពាន់ពាន់លានបាត (១០១,៥២ ពាន់លានដុល្លារ) ទៅកាន់រដ្ឋសភា ដែលជាកញ្ចប់ថវិកាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ សមាជិករដ្ឋសភាថៃនឹងពិភាក្សាលើការស្នើច្បាប់កញ្ចប់ថវិកានេះក្នុងរយៈពេល៣ថ្ងៃនៃការប្រជុំសភាក្នុងសប្តាហ៍នេះ។
លោក សេដ្ឋា បានប្រាប់រដ្ឋសភាថា៖«ថវិកានោះសំខាន់ណាស់ ក្នុងការជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនទៅមុខទៀត»។
សេដ្ឋកិច្ចរបស់ព្រះរាជាចក្រថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងតំបន់អាស៊ាន ត្រូវគេរំពឹងថា នឹងរីកចម្រើនលួតលាស់ចន្លោះពី២,៧ភាគរយ ទៅ៣,៧ភាគរយ ដោយបន្ថែមថា អតិផរណា ត្រូវគេរំពឹងថា នឹងមានចន្លោះ ១,៧ភាគរយ ទៅ២,៧ភាគរយ។
រដ្ឋសភាថៃនឹងបោះឆ្នោតលើច្បាប់ថវិកានៅសប្តាហ៍នេះ ហើយ ច្បាប់នេះត្រូវគេរំពឹងថា នឹងចប់សព្វគ្រប់ត្រឹមដើមខែឧសភា។
សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រថៃ បានរីកចម្រើនយឺតជាងរំពឹងទុក នៅក្នុងត្រីមាសទី៣(ខែកក្កដា-កញ្ញា )នៅក្នុងឆ្នាំមុន ដែលជាកំណើនមានល្បឿនយឺតបំផុត ដោយសារការនាំចេញខ្សោយ និង ការចំណាយរបស់រដ្ឋាភិបាល៕