ប្រភព​សន្តិសុខ​លីបង់​ និង​ប៉ាឡេស្ទីន ​បាន​និយាយ​ថា​ អុីស្រាអែល បាន​សម្លាប់​​មេ​​ដឹក​​នាំ​រង​នៃ​ក្រុម​ហាម៉ាស់​ លោក​ Saleh al-Arouri ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​​ដ្រូន​នៅ​រដ្ឋធានី​បេរូត​​ នៃ​ប្រទេស​លីបង់​ កាល​ពី​ថ្ងៃ​អង្គារ​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

វិទ្យុ​ និង​ទូរទស្សន៍​​របស់​ក្រុម​ហាម៉ាស់​ និង​​​ទូរទស្សន៍​លីបង់​​ Mayadeen​ ដែល​មាន​ទំនោរ​គាំទ្រ​អុីរ៉ង់​បាន​ផ្សាយ​ដោយ​បញ្ជាក់​ព័ត៌មាន​​ពី​​​ប្រភព​សន្តិសុខ​ថា​ លោក​​ Arouri​​ សមាជិក​នៃ​ការិយាល័យ​នយោបាយ​របស់​​ចល​នា​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ ដែល​មាន​មូលដ្ឋាន​នៅ​បរទេស​ និង​ជាសហស្ថាបនិក​នៃ​ក្រុម​​​យោធា​ IQB ដែល​គ្រប់​គ្រង​ដោយ​ហាម៉ាស់​​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​​ប្រហារ​ដោយដ្រូន​​លើ​​ការិយាល័យ​របស់​ក្រុម​ហាម៉ាស់​ នៅ​ភាគ​ខាង​ត្បូង​នៃ​​ទីក្រុង​បេរូត​។ ​

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​លីបង់​​ ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​នោះ​ បាន​សម្លាប់​​មនុស្ស​ចំនួន​ ៦នាក់​រួម​ទាំង​លោក​ Arouri។​


នាយក​រដ្ឋ​មន្ត្រី​​​បណ្ដោះ​អាសន្ន​របស់​លីបង់​ លោក​ Najib Mikati ​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​ដដែល​ថា​ជា៖​«​ឧក្រិដ្ឋកម្ម​ថ្មី​​របស់​អុីស្រាអែល​»​ និង​ការ​ប៉ុន​ប៉ង​ដើម្បី​ទាញ​ប្រទេស​លីបង់​ចូល​ទៅ​ក្នុង​សង្រ្គាម​។ ​ការិយាល័យ​របស់​លោក​បាន​និយាយ​ថា​ លោក Najib បាន​ស្នើ​សុំ​ឱ្យ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​លីបង់​ ​​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការសហប្រជាជាតិ​អំពី​ «​​ការ​រំលោភ​ថ្មី​របស់​អីុស្រាអែល​​​លើ​អធិបតេយ្យ​ភាព​លីប​ង់​»​។

យ៉ាង​ណា​មិញ​ អុីស្រាអែល ​បាន​ច្រាន​ចោល​​ការ​ពាក់​ព័ន្ធ​​របស់​ខ្លួន​ ​ដោយ​លោក​ Mark Regev ដែល​ជា​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​អុីស្រាអែល​ ​​បាន​និយាយ​ប្រាប់​ទូរ​ទស្សន៍ MSNBC ​ថា​  ​​អុីស្រាអែល​​មិន​បាន​ទទួលខុ​ស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ទេ​។ 


យ៉ាង​ណា​មិញ​ លោក​​បាន​​បន្ត​​ថា​​៖​ «ទោះ​​អ្នក​​ណាជា​អ្នក​ខុស​ត្រូវ​​​ក៏​ដោយ​ ក៏​ត្រូវ​​តែ​​ដឹង​​ថា​ ​នេះ​​មិន​​មែន​​ជា​​ការ​​វាយ​​ប្រហារ​​លើ​​រដ្ឋ​​លីបង់​ទេ​។​ នោះ​គឺ​គ្រាន់​តែ​ជា​ការ​​វាយ-​ប្រហារ​ប្រឆាំង​​នឹ​ង​​ថ្នាក់​​ដឹក​​នាំ​​របស់​​​ក្រុមហាម៉ា​ស់​​តែ​​ប៉ុណ្ណោះ​»​។

ចំណែក​​​អ្នក​នាំ​ពាក្យ​​យោធា​​អុីស្រាអែល​ លោក​ Daniel Hagari វិញ​បាន​​ប្រាប់​​សន្និសីទ​​សារព័ត៌មាន​​ថា៖​«​យើង​​ផ្តោត​​លើ​​ការ​​សម្លាប់​​ក្រុម​ហាម៉ាស់​»។ លោក​ឆ្លើយ​យ៉ាង​ដូច្នេះ ដោយ​មិន​បញ្ជាក់​លម្អិត​​ នៅ​ពេល​រង​ការ​ចោទ​សួរ​ថា​តើ​អុីស្រាអែល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​វាយ​ប្រហារ​នៅ​ក្រុង​បេរូត​ ឬ​យ៉ាង​ណា​​។ 

កន្លង​មក​ អុីស្រាអែល ​បាន​ចោទ​ប្រកាន់​ លោក​ Arouri​ ពី​បទ​បញ្ជា​ និង​ត្រួត​ពិនិត្យ​ការ​វាយ​ប្រហារ​របស់​ក្រុ​ម​ហាម៉ាស់​នៅ​តំបន់​​​ West Bank ​ដែល​គ្រប់គ្រង​​ដោយ​អុីស្រាអែល​​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ 

អុីស្រាអែល ​ជា​រឿយ​ៗ​ តែង​រង​ការ​ចោទប្រកាន់​ពី​ប្រតិបត្តិ​ការ​ធ្វើ​ឃាត​លើ​មន្រ្តី​សំខាន់​ៗ​​របស់​សត្រូវ​នៅ​បរទេស​ ប៉ុន្តែ​មិន​បាន​បញ្ចេញ​មុខ​ដោយ​ផ្ទាល់​​ទេ​។  

លោក​ Arouri​ អាយុ​ ៥៧ ​ឆ្នាំ​ គឺ​ជា​មេដឹក​នាំ​ជាន់​ខ្ពស់​ផ្នែក​នយោបាយ​របស់​ក្រុម​ហាម៉ាស់​​ដំបូង​គេ ហើយ​​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ រាប់​​តាំង​ពី​អុីស្រាអែល​​បាន​ចាប់​ផ្ដើម​​​​​ធ្វើ​សង្រ្គាម​​ ​«បោស​សម្អាត​ក្រុម​ហាម៉ាស់​» នៅ​តំបន់​ហ្គាហ្សា​ កាល​ពី​ជិត​ ៣​ ខែ​មុន ក្រោយ​ក្រុម​សកម្ម​​ប្រយុទ្ធ​មួយ​នេះ​ចូល​លុក​លុយ​អុីស្រាអែល​​។ ​

ការ​សម្លាប់​​​លោក​ Arouri ​អាច​បង្កើន​ហានិភ័យ​នៃ​សង្គ្រាម​អុីស្រាអែល​-ហាម៉ាស់​​ ដែល​រីក​រាល​ដាល​ហួស​ពី​តំបន់​ហ្គាហ្សា ​​រួច​ទៅ​ហើយ​។ ​ក្រុម​ហេសបូឡាហ៍ ​​ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​ដ៏​ធំ​នៅ​លីបង់​ និង​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​ហាម៉ាស់​ បាន​បាញ់​ប្រហារ​គ្នា​ស្ទើរ​តែ​រាល់​ថ្ងៃ​ជាមួយ​អុីស្រាអែល​ ក្នុង​​តំបន់​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​លីបង់​​​ រាប់​តាំង​ពី​សង្រ្គាម​នៅ​ហ្គាហ្សា​​បច្ចុប្បន្ន​ផ្ទុះ​ឡើង​នៅ​ដើម​ខែ​តុលា​ ឆ្នាំ​មុន​មក​៕​