ខណៈ​ការ​បោះឆ្នោត​ប្រធានាធិបតី​​ និង​​រដ្ឋសភា​តៃវ៉ាន់​​​​នឹង​មក​ដល់​នៅថ្ងៃទី​១៣ ខែ​​មករានេះ ដោយ​មាន​​ក្តីបារម្ភ​​ពី​កា​រជ្រៀតជ្រែក​​របស់​ចិន​ដីគោក តៃវ៉ាន់​បាន​ប្រទះឃើញ​​បាឡុងហោះ​​​របស់​​​មហាយក្ស​ចិន​នៅ​ក្បែរ​មូលដ្ឋាន​ទ័ពអាកាសធំៗ។

​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​ឱ្យ​ដឹង​ថា បាឡុង​​របស់​ចិន​ចំនួន​៣ បាន​ហោះ​ឆ្លងកាត់​កោះតៃវ៉ាន់​ កាលពី​ថ្ងៃ​អង្គារ និង​នៅ​ជិត​មូលដ្ឋាន​ទ័ពអាកាស​ ដែល​ នេះ​ជា​លើកដំបូង​ដែល​តៃ​វ៉ាន់​​រាយការណ៍​ពីករណី​បង្ហោះ​​បាឡុង​​​ឆ្លង​កាត់​កោះ​នេះ។ 

សក្តានុពល​សម្រាប់​ប្រទេសចិន​ក្នុងការ​ប្រើប្រាស់​បាឡុង​​សម្រាប់​​សកម្មភាព​ចារកម្ម​បាន​ក្លាយ​ជា​បញ្ហា​សកល​នៅក្នុង​ខែកុម្ភៈ ឆ្នាំ២០២៣​ នៅពេល​ដែ​សហ​រដ្ឋអាមេរិក​ បាន​បាញ់​ទម្លាក់​​នូវ​អ្វីដែល​​មហាអំណាច​លេខ​១ បាន​​អះអាងថា វា​ជា​បាឡុង​​ឈ្លបយក​ការ​ណ៍​របស់​ចិន។ ​ប៉ុន្តែប្រទេស​ចិន​​នាពេល​នោះ​បាន​​និយាយថា បាឡុង​​នោះ​ជា​យាន​ស៊ីវិល​ដែល​បាន​រសាត់​​ទៅកាន់​ទីនោះ​ដោយ​ចៃដន្យ។


តៃវ៉ាន់​កំពុងមាន​ការប្រុង​ប្រយ័ត្ន​​ខ្ពស់​ចំពោះ​សកម្មភាព​របស់​​ចិន​ទាំង​យោធា​ និង​នយោបាយ​​នៅមុន​ការបោះឆ្នោត​​ប្រធានាធិបតី​ និង​សភា​នៅ​ថ្ងៃទី១៣​ ខែ​មករា​។ ចិន​ទាមទារ​កោះ​នេះ​ជា​ទឹក​ដី​របស់ខ្លួន។

ចាប់តាំងពី​ខែ​មុន​ក្រសួង​ការពារជាតិរ​បស់​តៃវ៉ាន់ បាន​រាយ​ការណ៍​​​ជាញឹក​ញាប់​​​​អំពី​ករណី​បាឡុងហោះ​​របស់​​ចិន​បាន​ហោះ​ពីលើ​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​រសើប បន្ទាប់​មក​ឆ្លងកាត់​ដែន​អាកាស​​ទៅ​កាន់​​ភាគ​ខាងជើង​នៃ​កោះ​នេះ។​


ដោយ​ផ្តល់​ព័ត៌មាន​ថ្មីៗ​ប្រចាំថ្ងៃ​របស់ខ្លួន​សម្រាប់​សកម្មភាព​យោធា​ចិន​ក្នុង​រយៈពេល ២៤​ ម៉ោង​​ កន្លងមកនេះ ក្រសួង​​ការពារជាតិតៃវ៉ាន់ បាន​​និយាយថា ខ្លួន​បាន​រកឃើញ​បាឡុង​ហោះ​​ចំនួន ៤​ ដែល​កំពុង​ហោះ​លើ​ច្រក​​សមុទ្រ ដោយ​បាឡុង​ចំនួន​៣​​ក្នុង​​ចំណោម​នោះបាន​ហោះ​កាត់​កណ្តា​លកោះ​តៃវ៉ាន់​។

ក្រសួង​ការពារជាតិតៃវ៉ាន់ ​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​បាឡុង​ហោះ​​ទាំង៣នោះ​ មាន​​បាឡុង​១​ បាន​ហោះហើរ​ចម្ងាយ​ ១០៥​ ម៉ា​យល៍ (១៩៤ ​គីឡូម៉ែត្រ​) បាឡុង​១​ទៀត​បាន​ហោះ​ចម្ងា​យ ១៦០ ម៉ា​យ​ល៍ក្នុង​សមុទ្រ និង ១​ទៀត​ហោះ​ចម្ងាយ​ ១៥៩ ​ម៉ាយ​ល៍ ក្នុង​សមុទ្រ​​ទៅកាន់​ភាគ​និរតី​នៃ​ទីក្រុង Ching Chuan Kang ដែលជា​ទីតាំង​នៃ​​មូលដ្ឋាន​ទ័ពអាកាស​ដ៏​សំខាន់​​របស់​តៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់​​ឱ្យ​ដឹងថា​ ខ្លួន​«តាមដាន​យ៉ាង​ដិតដល់ និង​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ​» ចំពោះ​បាឡុង​ហោះ​នេះ​ និង​ប្រមូល​​ព័ត៌មាន​​​​សម្រាប់«​ការ​វិភាគ ​​និង​​ការ​វិនិច្ឆ័យ​​»៕