តុលាការ​ម៉ាឡេស៊ី​​នៅ​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤​ សម្រេច​ឱ្យ​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី លោក ឌា​ម ហ្សា​នូ​ឌី​ន (Daim Zainuddin) «​មិនមាន​ពិរុទ្ធភាព» ​ជុំវិញ​​ការ​ខកខាន​​ប្រកាស​ទ្រព្យសម្បត្តិ​នៅក្រោម​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​​​​​។ នេះ​គឺជា​សំណុំរឿង​ដ៏​ល្បី​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី ទាក់ទង​នឹង​ការបង្ក្រាប​អំពើពុករលួយ​ដែល​ពាក់ព័ន្ធ​នឹង​ឥស្សរជន​ជាន់ខ្ពស់​បែបនេះ។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) តែងតែ​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ប៉ុន្តែ​អ្នក​រិះគន់​មួយចំនួន​បាន​អះអាងថា លោក​កំពុង​ប្រើប្រាស់​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ចាត់ការ​ទៅលើ​គូប្រជែង​នយោបាយ។ 

លោក ឌា​ម មាន​អាយុ ៨៥ ឆ្នាំ ហើយ​លោក​ គឺជា​សម្ព័ន្ធមិត្ត​របស់លោក គឺ​អតីត​នាយក​រដ្ឋមន្ត្រី លោក​ ម៉ាហាធៀរ ម៉ូហាម៉ាដ (Mahathir Mohamad) ដែលជា​គូប្រជែង​នយោបាយ​របស់លោក អាន់​វ៉ា។ លោក ឌា​ម ត្រូវបាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី ចោទប្រកាន់​ដោយ​សង្ស័យថា​លោក​កំពុង​លាក់បាំង​ទ្រព្យសម្បត្តិ​ជាច្រើន។


ទន្ទឹមនឹងនេះ កាលពី​ថ្ងៃទី ២៣ ខែមករា​កន្លងទៅ ភរិយា​របស់លោក ឌា​ម គឺ​លោកស្រី ណា​អ៊ី​ម៉ាស អាប់​ឌុល ខា​លី​ដ (Na'imah Abdul Khalid)អាយុ ៦៦ឆ្នាំ ក៏ត្រូវ​បាន​រង​ការចោទប្រកាន់​ពីបទ​មិន​ប្រកាស​ទ្រព្យសម្បត្តិ​ដូចគ្នា ជាពិសេស​អគារ Ilham Tower ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ។ ប៉ុន្តែ​តុលាការក្រុង​គូ​ឡា​ឡាំ​ពួរ (Kuala Lumpur) បានចេញ​សេចក្ដីសម្រេច​ថា​លោកស្រី​មិនមាន​ពិរុទ្ធភាព​នោះទេ។

សូម្បីតែ​លោក អ៊ី​ស្មា​ល សា​ប្រ៊ី​យ៉ា​កូប (Ismail Sabri Yaakob) ដែលជា​អ​តី​នាយករដ្ឋមន្ត្រី​មុន​លោក អាន់​វ៉ា​ ក៏ត្រូវ​បាន​សាកសួរ​ដោយ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​មូលនិធិ​របស់​រដ្ឋាភិបាល​ផងដែរ។ 


ដោយឡែក កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក ឌា​ម​ ដែល​ធ្លាប់​បម្រើការ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ ២ លើក​គឺ​ ចន្លោះ​ឆ្នាំ ១៩៨៤ ដល់​ឆ្នាំ ១៩៩១ និង​ពី​ឆ្នាំ ១៩៩៩ ដល់​ឆ្នាំ ២០០១ បានបង្ហាញ​ខ្លួន​នៅ​តុលាការ ដោយ​អង្គុយ​នៅលើ​រទេះរុញ ហើយ​ត្រូវបាន​តុលាការ​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ បន្ទាប់ពី​មេធាវី​របស់គាត់​បានលើកឡើង​ពី​បញ្ហា​សុខភាព។

លោក ឌា​ម បាន​ទទួលរង​បណ្ដឹង​ចោទប្រកាន់​ពីបទ​មិនបាន​ប្រកាស​ទ្រព្យសម្បត្តិ​ជាច្រើន​រួមមាន​មុខ​ជំនួញ​ចំនួន ៣៨ ក្រុមហ៊ុន អចលនទ្រព្យ​ចំនួន ២៥ កន្លែង​និង​រថយន្តទំនើបៗជាច្រើន​គ្រឿង។

ទោស​អតិបរមា​ចំពោះ​បទល្មើស​នេះ ​គឺ​ជាប់ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ​​និង​ពិន័យ​ជា​សាច់ប្រាក់​រហូតដល់​ទៅ​ជាង ២១ ០០០ ដុល្លារ​សហរដ្ឋអាមេរិក។ កាលពី​ខែ​មុន ទីភ្នាក់ងារ​នេះ​ក៏បាន​រឹបអូស​អគារ Ilham Tower កម្ពស់ ៦០ ជាន់​របស់លោក ឌា​ម ដែល​ស្ថិតនៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​(Kuala Lumpur)ផងដែរ។

ជាការ​ឆ្លើយតប លោក ឌា​ម បាន​ចោទប្រកាន់​រដ្ឋបាល​រប​ស់លោក អាន់​វ៉ា​ ពីបទ​រំលោភ​អំណាច​រដ្ឋ និង​បំពាន​លើ​ការសន្យា​ដែលថា​នឹងធ្វើ​កំណែទម្រង់​មួយចំនួន។

លោក​បាន​បន្ថែមទៀតថា ​លោក អាន់​វ៉ា រវល់​តែ​ធ្វើ​នយោបាយ​ផ្ដោតលើ​ការសង​សឹក ជាជាង​យក​ពេល​ទៅ​ពិនិត្យមើល​រឿង​សេដ្ឋកិច្ច។ លោក​បាន​សង្កត់ធ្ងន់ថា ដោយសារតែ​ការមិន​ខ្វាយខ្វល់​នេះហើយ ទើប​ធ្វើឱ្យ​តម្លៃ​រូបិយវត្ថុ​រីង​ហ្គី​តរបស់​ម៉ាឡេស៊ី​ធ្លាក់ចុះ សេដ្ឋកិច្ច​ជាប់គាំង ហើយ​ពលរដ្ឋ​ម៉ាឡេស៊ី​កំពុងតែ​រងគ្រោះ។

លោក ឌា​ម បាន​និយាយថា៖ «ខ្ញុំ​មិន​ខ្វល់​ពី​បញ្ហា​ដែល​កំពុង​កើតឡើង​ចំពោះ​ខ្ញុំ​នោះទេ ទុកឱ្យ​លោក អាន់​វ៉ា ធ្វើ​អ្វី​ដាក់​ខ្ញុំ​តាមតែ​គាត់​ចង់បាន​ទៅ​ចុះ ប៉ុន្តែ ខ្ញុំ​បារម្ភ​អំពី​អនាគត​ប្រទេស​របស់ខ្ញុំ»។ 

យោងតាម​តុលាការ សំណុំរឿង​របស់លោក​នឹងត្រូវ​បើកសវនាការ​ម្ដងទៀត​នៅ​ថ្ងៃទី ២២ ខែមីនា​ខាងមុខ។ រីឯ​ការិយាល័យ​របស់​លោក អាន់​វ៉ា មិនបាន​ឆ្លើយតបភ្លាមៗនោះទេ​ជុំវិញ​បញ្ហា​នេះ ហើយ​នាយករដ្ឋមន្ត្រី​ធ្លាប់បាន​អះអាងថា លោក​មិន​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​ស៊ើបអង្កេត​ក​រ​ណី​អំពើពុករលួយ​នោះទេ។

លោក ឌា​ម គឺជា​អតីត​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ក្រោម​ការដឹកនាំ​របស់លោក ម៉ា​ហា​ធី ដែលជា​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ដ៏​យូរអង្វែង​ជាមួយ​លោក អាន់​វ៉ា ។

លោក អាន់​វ៉ា ធ្លាប់បាន​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​សេពសន្ថវៈ និង​អំពើពុករលួយ ប៉ុន្តែ​លោក អាន់​វ៉ា បាន​អះអាងថា​ជាការ​ចោទប្រកាន់​ក្រោម​ហេតុផល​នយោបាយ។

ក្រោយមក លោក អាន់​វ៉ា ត្រូវបាន​លើកលែងទោស ហើយ​លោក​បាន​ក្លាយជា​នាយករ​ដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​នៅ​ឆ្នាំ ២០២២ បន្ទាប់ពី​បាន​ដើរតួ​ជា​បក្សប្រឆាំង​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មកហើយ។ លោក​សន្យាថា​នឹង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ផ្ដោតលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជារួម។

យ៉ាងណាក៏ដោយ សំណុំរឿង​ពុករលួយ​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធមិត្ត​របស់លោក អាន់​វ៉ា​ ត្រូវបាន​តុលាការ​ទម្លាក់​បទ​ចោទ​ជា​បន្តបន្ទាប់។ ការណ៍​នេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​ងឿងឆ្ងល់​ថា តើ​លោក អាន់​វ៉ា ពិតជា​ចង់​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​មែន​ឬក៏​យ៉ាងណា។ អ្នកវិភាគ​មួយចំនួន​បាន​លើកឡើងថា ការធ្វើ​បែបនេះ​អាច​នឹង​ប៉ះពាល់​ដល់​មុខមាត់​របស់លោក អាន់​វ៉ា​ជាពិសេស​គឺ​ផែនការ​កំណែទម្រង់​រប​ស់លោក៕