មេដឹកនាំ​សហភាព​អឺរ៉ុប​ដែល​មាន ​២៧ ​ប្រទេស​​ នឹង​រំលឹក​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ ​ក្នុង​ការបន្ត​ផ្តល់​ជំនួយ​​​​ហិរញ្ញវត្ថុ​​សម្រាប់​​កា​រគាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន ​​​​ដែល​កំពុង​​ជាប់​ដៃ​​​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​​មហាអំណាច​រុស្ស៊ី​ដែល​ឈាន​ចូល​​ឆ្នាំ​ទី​៣​​​នៅ​ចុង​ខែ​​កុម្ភៈ។​

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​​ បានផ្សាយ​ថា ឯកសារ​ព្រាង​នោះ បាន​​លើក​ឡើ​ង​ថា ជំនួយ​យោធា​នោះ​គឺសម្រាប់ «ការគាំទ្រ​ផ្នែក​យោធា​ទាន់ពេលវេលា ដែល​អាច​ព្យាករណ៍​បាន និង​និរន្តរភាព» ដល់​​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន។

ក្រុមប្រឹក្សា​អឺរ៉ុប​​​ដែល​គ្រោង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃព្រហស្បតិ៍​ខាងមុខ​នេះ  ត្រូវ​បាន​ព្រាង​​ជា​អត្ថបទ ​​​ដែល​រ៉យទ័រ​​បាន​ទទួល​​​និង​ចុះ​ផ្សាយ​​​ក៏​និយាយ​ផងដែរ​ថា៖​«ក្រុមប្រឹក្សា​អឺរ៉ុប​​ក៏​រំលឹក​ឡើងវិញ​នូវ​តម្រូវការ​បន្ទាន់​ក្នុងការ​ព​ន្លឿ​ន​ការ​ចែកចាយ​គ្រាប់រំសេវ និង​មី​ស៊ី​ល»។


សេចក្តីព្រាង​សេចក្តីសន្និដ្ឋាន​នៃ​កិច្ចប្រជុំ​កំពូល​បាន​ទុកឱ្យ​បើកចំហ​ថា​តើ​មេដឹកនាំ​ក៏​នឹង​សន្យា​ថា​​នឹងដាក់​ប្រាក់​ចំនួន ៥ ​ពាន់​លាន​អឺរ៉ូ​ ទៀត ​សម្រាប់​ជំនួយ​អ៊ុយ​ក្រែ​ន ​ទៅក្នុង​មូលនិធិ​មួយ​ដែលមាន​ឈ្មោះថា «European Peace Facility» ដែល​ត្រូវបាន​ប្រើ​សម្រាប់​ការបរិច្ចាគ​សព្វាវុធ​ដល់ទី​ក្រុង​កៀវ។

សមាជិក​​សហភាព​អឺរ៉ុប​បាន​ឈ្លោះប្រកែក​គ្នា​អស់​ជាច្រើន​ខែ​ជុំវិញ​អនាគត​នៃ​តួនាទី​របស់​មូលនិធិ​ក្នុង​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន ដោយ​ប្រទេស​អាល្លឺម៉ង់​បាន​ណែនាំ​ថា ការផ្តោត​អារម្មណ៍​នៅពេលនេះ​គួរតែ​ផ្តោតលើ​ជំនួយ​ទ្វេភាគី​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​​នីមួយ​វិញ​។


គំនិត​នៃ​ការសន្យា​បន្ថែម ​៥ ​ពាន់​លាន​អឺរ៉ូ ​​ត្រូវ​បាន​រួមបញ្ចូល​នៅក្នុង​សេចក្តីព្រាង​អត្ថបទ​នៅក្នុង​តង្កៀប​ការ៉េ​ដែល​បង្ហាញថា​វា​នៅតែ​ជា​បញ្ហា​នៃ​ការពិភាក្សា។

ប្រធាន​បទ​សំខាន់​នៃ​កិច្ចប្រជុំ​កំពូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​គឺ​កិច្ចខិតខំ​ប្រឹង​ប្រែង​​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​លើ​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​អ៊ុយ​ក្រែ​ន​ដែលមាន​តម្លៃ ៥០ ពាន់​លាន​អឺរ៉ូ​ក្នុង​រយៈពេល ៤ ​ឆ្នាំ​ ដែល​ត្រូវបាន​រារាំង​ដោយ​ប្រទេស​ហុង​គ្រី​នៅក្នុង​កិច្ច​ប្រជុំ​​កំពូល​​កាលពី​ខែធ្នូ៕​