​ប្រជាជន​ឥណ្ឌា​ បានដាក់​ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ទៅកាន់​សហរដ្ឋ​​អាមេរិក​ មានការ​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ​ ២០២៣ ដោយ​ក្នុងនោះ​ការដាក់​ពាក្យស្នើសុំ​ទិដ្ឋាការ​ ១​ ក្នុងចំណោម​ ១០ គឺជា​ពលរដ្ឋ​នៃ​ប្រទេស​ឥណ្ឌា​។​

​តាម​ការចេញផ្សាយ​នៅ​ថ្ងៃទី​ ៣០ មករា ការដាក់​ពាក្យសុំ​ទិ​ដ្ឋា​ការ​ទៅកាន់​សហរដ្ឋអាមេរិក មាន​កំណើន​រហូតដល់ ​៦០​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ ធៀប​នឹង​ឆ្នាំ​ ២០២២ បន្ទាប់ពី​បម្រាម​កូ​វីដ ​១៩​ ត្រូវបាន​លើក​។  

​សារព័ត៌មាន​ឥណ្ឌា Deccan Herald បាន​រាយការណ៍​កាល​​ពីថ្ងៃ​ទី ​៣០ ខែមករា​ថា ស្ថាន​​ទូត​អាមេរិក​ នៅ​ទីក្រុង New Delhi និង​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង​មុម​បៃ (Mumbai) ទីក្រុង​ចេ​ន​ណៃ (Chennai)  ​ទីក្រុង​កុល​កាតា ​(Kolkata) និង​ទីក្រុង Hyderabad បាន​ដំណើរការ​ទិដ្ឋាការ​ចំនួន ១,៤ ​លាន​ក្នុង​ឆ្នាំ ​២០២៣​។​


​ដោយ​ពណ៌នា​អំពី​តម្រូវការ​ថា «​មិន​ធ្លាប់មាន​ពីមុនមក​»​ ស្ថានទូត​បាន​និយាយថា មាន​ពាក្យស្នើសុំ​ទិដ្ឋាការ​ទេសចរណ៍​ច្រើនជាង ៧០​ ម៉ឺន ក្នុង​ឆ្នាំ ២០២៣ ដែលជា​ចំនួន​ពាក្យសុំ​ច្រើនជាងគេ​ទី​ ២​ នៅក្នុង​ប្រវត្តិ​សាស្ត្រ​របស់ខ្លួន​។​

​អ្នកធ្វើដំណើរ​មកពី​ប្រទេសមួយ​ចំនួន​ដែល​ចូលទៅ​កាន់​ទឹកដី​អាមេរិក​សម្រាប់​ហេតុផល​ដូចជា អាជីវកម្ម ឬ​ទេសចរណ៍​ចាំបាច់​តម្រូវឱ្យមាន​ទិដ្ឋាការ​ទេសចរណ៍​។ ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ទិដ្ឋាការ​នេះ​ដើម្បី​ស្នាក់​​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ការងារ ឬ​ការអប់រំ​ឡើយ​។​


​ក្នុង​ឆ្នាំ​ ២០២៣ ទិដ្ឋាការ​សិស្ស​ច្រើនជាង​ ១៤​ ម៉ឺន ត្រូវបាន​ផ្តល់​ដោយ​ក្រុម​កុងស៊ុល​សហរដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​ឥណ្ឌា​ច្រើនជាង​ប្រទេស​ផ្សេងទៀត​នៅក្នុង​ពិភពលោក ដោយ​ធ្វើឱ្យ​ប្រទេស​ឥណ្ឌា​ស្ថិតនៅ​លំដាប់​កំពូល​សម្រាប់​ឆ្នាំ​ទី ​៣​ ជាប់ៗ​គ្នា​។​

​ពលរដ្ឋ​ឥណ្ឌា​បច្ចុប្បន្ន​បង្កើតបាន​ជាង ១ ​ភាគ​ ៤ ​នៃ​និស្សិត​បរទេស​ជាង​ ១ ​លាន​នាក់​ដែល​កំពុង​សិក្សា​នៅ​អាមេរិក​៕​