​​​ព្រះអង្គម្ចាស់ ​​ស៊ុ​លត​ង់ អ៊ីប្រាហ៊ីម អ៊ី​ស​កាន​ដារ (Sultan Ibrahim Iskandar) ក្នុងវ័យ ៦៥ ​ឆ្នាំ​ នៅ​ថ្ងៃទី ​៣១ ​ខែ​មករា​នេះ​ បាន​​អភិសេក​​ឡើង​គ្រង​រាជ​​ជា​​ព្រះមហាក្សត្រ​​ទី​១៧ ​របស់​ប្រទេស​ម៉ាឡេស៊ី​​​ ដែល​​​​កាន់​របប​រាជានិយម ​​​​​​​និង​គោរព​សា្លសនា​អ៊ិស្លាម​​។

ស្តេច​ស៊ុ​លត​ង់ អ៊ីប្រាហ៊ីម អ៊ី​ស​កាន​ដារ ត្រូវ​បាន​​ក្រុមប្រឹក្សា​​​​រាជបល្ល័ង្ក​​​បោះឆ្នោត​​​​ជ្រើស​​រើស​​ព្រះអង្គ​កាល​ពីខែ​តុលា​​ឆ្នាំ​មុន ដើម្បី​ជំនួស​តំណែង​ពី​ព្រះ​​​មហាក្សត្រ​​​​បច្ចុប្បន្ន គឺ​​ស្តេច Al-Sultan Abdullah ដែល​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​កាល​ពី​ឆ្នាំ ​២០១៩​។​​

​ប្រទេស​ម៉ាឡេស៊ី​​​​​ មាន​ប្រព័ន្ធ​ជ្រើស​រើស​ព្រះមហាក្សត្រ​​​ដ៏ពិសេស​មួយ​​ដែល​​ប្រមុខ​គ្រួសារ​រាជវង្ស​​ចំនួន ​៩ ដែល​មាន​ព្រះកិត្តិនាម «ស៊ុលតង់​» នៃ​រដ្ឋ​​​ទាំង​ ១៣​​ ត្រូវ​ប្តូរវេនគ្នា​​​​រៀង​រាល់​​អាណត្តិ​ ៥ ឆ្នាំ​ម្តង​។​


​ព្រះអង្គ​​ ស៊ុ​លត​ង់ អ៊ីប្រាហ៊ីម អ៊ី​ស​កាន​ដារ​ ឡើង​គ្រង​រាជ្យ​ពេល​នេះ​ចំពេល​ដែល​ប្រទេស​ម៉ាឡេស៊ី​​​​ហាក់​មានកលិយុគ​​ផ្នែក​នយោបាយ​ ដោយ​​រដ្ឋាភិបាល​​​របស់លោក​​​​ អាន់វ៉ា​ អ៊ីប្រាហ៊ីម តាមរយៈ​​​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី ​​(MACC) បាន​ប្តឹង​ចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​របស់​ម៉ាឡេស៊ី​ពី​បទ​ពុករលួយ​ ខណៈ​ដែល​​អ្នក​វិភាគខ្លះ​ថា ការ​ចោទ​ប្រកាន់​ប្រឆាំង​​ទាំងនេះ គឺ​ជា​ការ​សងសឹក​ផ្នែក​នយោបាយ ​របស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម​ ដែលតស៊ូ​​ក្នុងឆាក​នយោបាយ​អស់​រយៈពេល​ជិត​ ៤០ ឆ្នាំ​មុន​ការ​ឡើ​ង​កាន់​អំណាច​ ដោយ​រងការ​ធ្វើទុក្ខបុកម្នេញ​យ៉ាងខ្លាំង​ពី​អ្នក​ដឹកនាំ​រដ្ឋាភិបាល​​​មុនៗ។ 

​យោង​តាម Business Times ស្តេច​ស៊ុ​លត​ង់ អ៊ីប្រាហ៊ីម អ៊ី​ស​កានដារ​នៃ​រដ្ឋ Johor បាន​ស្បថ​ចូលកាន់​តំណែង​ជា​ស្តេច​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី​​ និង​ជា​អ្នក​និយាយ​មិន​សូវ​សំចៃ​មាត់​ផងនោះ ​នឹង​ធ្វើ​ឱ្យ​​មានស្ថិរភាព​នយោបាយ​ម៉ាឡេស៊ី​ឡើង​​ជាថ្មី។ 


​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី លោក ឌា​ម ហ្សា​នូ​ឌី​ន (DaimZainuddin)​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​មិនប្រកាស​ទ្រព្យ​​​ត្រូវ​តុលាការ​ម៉ាឡេស៊ី​​នៅ​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤​ សម្រេច​ឱ្យ «​មិនមាន​ពិរុទ្ធភាព» ​ជុំវិញ​​ការ​ខកខាន​​ប្រកាស​ទ្រព្យសម្បត្តិ​នៅក្រោម​ច្បាប់​​ស្ដីពី​ការប្រឆាំង​អំពើពុករលួយនេះ​​​​​។ 

​សំណុំរឿង​​របស់​អតីត​មន្ត្រី​កំពូល​​ក្រោម​កា​រដឹកនាំ​របស់​លោក ម៉ាហាធៀរ ម៉ូហាម៉ាដ (Mahathir Mohamad) បាន​ក្លាយ​ជា​រឿង​ក្តី​​ដ៏​ល្បី​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី ទាក់ទង​នឹង​ការបង្ក្រាប​អំពើពុករលួយ​ដែល​ពាក់ព័ន្ធ​នឹង​ឥស្សរជន​ជាន់ខ្ពស់​បែបនេះ។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) តែងតែ​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ប៉ុន្តែ​អ្នក​រិះគន់​មួយចំនួន​បាន​អះអាងថា លោក​កំពុង​ប្រើប្រាស់​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ចាត់ការ​ទៅលើ​គូប្រជែង​នយោបាយ៕​