​តុលាការ​ប៉ាគីស្ថាន​​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ២០២៤​​ បាន​កាត់​ទោស​ អតីត​នាយក​រដ្ឋ​មន្ត្រី​ អ៊ីមរ៉ាន ខាន់​ (Imran Khan) និង​សមាជិក​សភា​ម្នាក់​ក្នុង​បក្ស​របស់​​លោក​ ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ចំនួន​ ១០​ ឆ្នាំ​​ បន្ទា​ប់​ពី​រក​ឃើញ​ថា​អ្នក​នយោបាយ​​ទាំង​២​រូបនេះ ​បាន​ទម្លាយការណ៍​សម្ងាត់​ជាតិ​។ ​នេះ​បើ​តាម​ការ6​រាយការណ៍​រប​ស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។ 

​សាល​ក្រម​នេះ​ គឺ​ជា​​ឧបសគ្គ​នយោបាយ​មួយ​ទៀត​សម្រាប់​លោក​ ខាន់​ ដែល​​ត្រូវ​​បាន​សភា​ប៉ាគីស្ថាន​បោះ​ឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​​ក្នុង​ខែ​មេសា​ ឆ្នាំ​២០២២ ហើយ​​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ ឆ្នាំ​ ក្នុង​សំណុំ​រឿង​ពុក​រលួយ​។​

យោង​តាម​លោក​ Zulfiqar Bukhari​ អ្នក​នាំ​ពាក្យ​គណបក្ស​Pakistan Tehreek-e-Insaf (PTI)​របស់​លោក​ ខាន់​​​តុលាការ​បាន​ប្រកាស​សាល​ក្រម​នៅ​ពន្ធនាគារ​ក្នុង​ទីក្រុង​​Rawalpindi។​​អាជ្ញាធរ​បាន​និយា​យ​ថា​ លោក​ ខាន់​ និង​​​​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​​ប៉ាគីស្ថាន​ លោក​​Shah MahmoodQureshi ដែល​​ត្រូវ​ជាប់​គុក​ ១០ឆ្នាំ​ដូច​គ្នា​នោះ​ មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​អង្គារ​ ក្នុង​សំណុំ​រឿង​ ដែល​​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​ «សំណុំ​រឿង​​Cipher»។


សំណុំ​​រឿង​​ Cipher ​គឺ​ជា​សំណុំ​រឿង​​មួយ​ក្នុង​ចំណោម​សំណុំ​រឿង​​ជាង​ ១៥០​ ​​​ប្រឆាំង​នឹង​លោក​ ខាន់​ ដែ​ល​រួម​មាន​ទាំង​ការ​ចោទ​ប្រកាន់​ស្ដី​ពី​ការ​​​មើល​​ងាយ​​តុលាការ​ ​ការ​បង្ក​​ភេរវកម្ម​ និងការ​​​​ញុះ​​ញង់​​​ឱ្យ​​​មាន​​​អំពើ​​​ហិង្សា​ជា​ដើម​។ 

ក្រោម​សំណុំ​រឿង​នេះ​ លោក​ ខាន់​ ​រង​​ការ​ចោទ​​ប្រកាន់​​ថា​បាន​គ្រវី​​​ឯកសារ​សម្ងាត់​ ​នៅ​កន្លែង​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​ ​បន្ទាប់​ពី​​លោក​ត្រូវ​បាន​ដក​​ដំណែង​ជា​មេដឹក​នាំ​​។ ​ឯកសារ​ដែល​ដាក់​ឈ្មោះ​ថា​​ Cipher ​មិន​ត្រូវ​បា​ន​​រដ្ឋាភិបាល​ ឬ​មេធាវី​របស់លោក​​ ខាន់ ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​​​ទេ​ ប៉ុន្តែ​វា​មាន​ផ្ទុក​ព័ត៌មាន​នៃ​ការ​ឆ្លើយ​​ឆ្លង​ការ​ទូត​រវាង​ឯកអគ្គ​រដ្ឋ​ទូត​ប៉ាគីស្ថាន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រសួង​ការបរទេសប៉ាគីស្ថាន​​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ​។​ 


​លោក​ ខាន់​  បាន​អះ​អាង​ថា​ ឯកសារ Cipher ​​គឺ​ជា​ភ័ស្តុតាង​ដែលថា​ ​​លោក​រង​ការ​គំរាម​កំហែង​ ហើយ​​ការ​បណ្តេញលោក​​ចេញ​​ពី​​តំណែង​គឺ​ជា​ការ​សម​គំនិត​របស់​សហរដ្ឋ​អាមេរិក​ ដែលយោធា ​និង​រដ្ឋាភិបាល​ប៉ាគីស្ថាន​ត្រូវ​អនុវត្តតាម​។​ ការណ៍​នេះ​ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​ប៉ាគីស្ថាន​ បាន​ច្រាន​ចោ​ល​។ ​

​​​ក្នុង​អំឡុង​​សវនាការ​ គណបក្ស​ TPI ​ ​និង​អ្នក​គាំទ្រ​បាន​ភ័យ​ខ្លាច​ថា​ ​លោក​ ខាន់​ អាច​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ក្បត់​ជាតិ​ ខណៈ​លោក​​នៅ​តែ​ទទូច​ថា​ខ្លួន​គ្មាន​កំហុស​ ដោយ​អះ​អាង​ថា​ លោក​​​មិន​​បាន​​បង្ហាញ​​ខ្លឹម​សារ​​ពិត​​ប្រាកដ​​នៃ​ឯកសារ​នោះ​ទេ​។ ​ចំណែក​ឯ​លោក​ Qureshiវិញ​ រង​ការ​​ចោទ​​ប្រកាន់​​ពី​​ប​ទ​​​រៀប​ចំ​​ខ្លឹមសារ​​នៃ​​ឯកសារ​​​ការ​​ទូត​ ​ដើម្បី​​ទាញ​​យក​​ប្រយោជន៍​​នយោបាយ​។​ 

សាលក្រម​របស់​តុលាការ​​នា​ពេល​នេះ​ បានប្រកាស​ឡើង​​មុន​ការ​បោះ​ឆ្នោត​សភាប៉ាគីស្ថាន​ ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ ដែល​​​លោក​ ខាន់​  មិន​អាច​ឈរ​ឈ្មោះ​បានដោយ​​សារ​តែ​​ការផ្តន្ទា​ទោស​ព្រហ្ម​ទណ្ឌ​ពី​មុន​ៗ​មក​​​។ ទោះ​បី​លោក ខាន់​ ​​​​គ្មាន​​​ឈ្មោះ​ក្នុង​បញ្ជីឈរ​ឈ្មោះ​​បោះ​​ឆ្នោត​ក៏​ដោយ​ ​​ក៏​អ្នក​នយោបាយ​រូប​នេះនៅ​​តែ​ជា​កម្លាំង​នយោ​​​បាយ​ដ៏​ខ្លាំង​ក្លា​មួយ​ ដោយ​សារ​តែ​មាន​​អ្នក​គាំទ្រ​​ច្រើន​ និង​​​វោហារស័ព្ទរបស់​លោក​​។​ លោក​​និយា​យ​​​ថា យន្តការ​​​ផ្លូវ​​ច្បាប់​​​​ប្រឆាំង​​នឹង​​រូប​​លោក​ គឺ​ជា​​គម្រោង​​ដើម្បី​បិទ​ផ្លូវ​លោក​មុន​ការ​បោះ​ឆ្នោត​។ ​​

​ប៉ាគីស្ថាន​បាន​ប្រឈម​មុខ​​នឹង​បាតុកម្ម​ហិង្សា ​ចាប់​តាំង​ពី​​លោក​ ខាន់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​មុន​មក ដែល​ការ​ហិង្សា​ទាំង​នោះ​ កើត​ឡើង​ពី​ការ​ប៉ះ​ទង្គិច​ជា​មួយ​កង​កម្លាំង​សន្តិសុខ​។ 

​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ឯករាជ្យ​ប៉ាគីស្ថាន​បាន​និយាយ​ថា​ ​​ការ​បោះ​ឆ្នោត​សភា​នា​ពេល​ខាង​មុខ​ នឹងមិន​​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌​​ទេ​ ​​ដោយ​សារ​តែ​ «​ការ​ក្លែង​បន្លំ​មុន​ការ​បោះ​ឆ្នោត​»​ និង​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​​ទៀត​។ ស្ថាប័ន​ដដែល​ ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​អាជ្ញាធរ​ដែល​បដិសេធ​បេក្ខភា​ព​របស់​លោក​ ខាន់​ ​និង​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​​មក​ពី​គណបក្ស​ TPI ​របស់​​លោក​ផង​ដែរ៕