ប្រធានាធិបតី​កូរ៉េខាងត្បូងលោក យូ​ន ស៊ុ​ក​យ៉ុ​ល (Yoon Suk Yeol) នៅ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បាន​ច្រានចោល​សេចក្ដីព្រាងច្បាប់​មួយ​ស្ដីពី​ការបង្កើត​ក្រុមប្រឹក្សា​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ទៅលើ​ករណី​ហ្វូងមនុស្ស​ប្រមូល​ផ្ដុំគ្នា​ណែន​ណាន់​តាន់តាប់ ​ក្នុង​ពិធីបុណ្យ​ហា​ឡូ​វីន (Halloween) កាលពី​ឆ្នាំ២០២២ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស ១៥៩នាក់ ​ស្ថិតនៅក្នុង​សង្កាត់​អ៊ី​ថេ​វ៉ុ​ន (Itaewon) ទីក្រុង​សេ​អ៊ូ​ល (Seoul) ។ ការសម្រេច​ច្រានចោល​នេះ បានធ្វើឱ្យ​គណបក្សប្រឆាំង និង​សាច់ញាតិ​ជនរង​គ្រោះ​បាន​រិះគន់​យ៉ាង​ខ្លាំង។

ការិយាល័យ​របស់លោក យូ​ន បាន​ប្រើ​សិទ្ធិ​វេតូ​លើ​ការ​បង្កើត​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​មួយ​នេះ ពោលគឺ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​នាយក​រដ្ឋ​មន្ត្រី​បាន​រិះគន់​វិធាន​ការដែល​គាំទ្រ​ដោយ​ក្រុម​ប្រឆាំង​នេះហើយ​ថា​នេះ​ជា​រឿង​នយោបាយ និង​អាចជា​រឿង​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ។

នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ នាយក​រដ្ឋមន្ត្រី​លោក ហាន ឌុ​ក​ស៊ូ (Han Duck-soo) បានបង្ហាញ​គោលជំហរ​ប្រឆាំងនឹង​ការប្រើប្រាស់​សោកនាដកម្ម​ទៅជា​ឧបករណ៍​សម្រាប់​បង្កើត​ជម្លោះ​នយោបាយ ហើយ​លោក​បាន​បដិសេធ​ចំពោះ​ការអះ​អាង​ដែលថា​ការស៊ើប​អង្កេត​របស់​ក្រុម​ប៉ូលិស​និង​ព្រះរាជ​អាជ្ញា​កន្លង​មក បាន​ធ្វើ​ឡើង​មិនបាន​ត្រឹមត្រូវ។


ការរារាំង​សេចក្តី​ព្រាង​ច្បាប់​ឱ្យ​បើក​ការស៊ើប​អង្កេត​សាជាថ្មី​នេះ បាន​ធ្វើឱ្យ​លោក យូ​ន ត្រូវ​ប្រឈម​មុខ​នឹង​ការរិះគន់​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ និង​មន្ត្រី​បក្សប្រឆាំង ដែល​បាន​អះអាងជារឿយៗថា ការឆ្លើយតប​របស់រ​ដ្ឋា​ភិ​បាល​ចំពោះ​គ្រោះមហន្តរាយ​នាពេលនោះ​គឺ​មិន​គ្រប់គ្រាន់​ទេ។

លោកស្រី ផាក យ៉ុង​ស៊ូ (Park Young-soo) ដែលជា​ម្តាយកូន​ប្រុស​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថា​បាន​រារាំង​ការស៊ើបអង្កេត ហើយ​បែរជា​ផ្ដល់​សំណង​ផ្នែក​ហិរញ្ញវត្ថុ​ជំនួស​វិញ។


លោកស្រី ផាក បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) ថា ៖ «នោះ​មិនមែនជា​ការសម្រេចចិត្ត​ដែល​យើង​ចង់បាន​អស់​រយៈពេល​ជាង ១ ឆ្នាំ​ មកនេះ​ទេ»។

ម្តាយ​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះថា លោកស្រី សុង ហេ​ជីន (Song Hae-jin) បាន​និយាយថា ក្រុមគ្រួសារ​ដែល​កំពុង​ស្វែងរក​យុត្តិធម៌​សម្រាប់កូនៗរបស់​ពួកគេ ពិបាក​ទទួលយក​គោលជំហរ​របស់​រដ្ឋាភិបាល​ខ្លាំងណាស់។

កាលពី​ឆ្នាំមុន គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ធ្លាប់បាន​ផ្តល់យោបល់​ឱ្យ​កូរ៉េខាងត្បូង​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​ដើម្បី​ស៊ើបអង្កេត​ទៅលើ​ហេតុការណ៍​មហន្តរាយ​នោះ និង​ធានាឱ្យមាន​ការទទួលខុសត្រូវ រួមទាំង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ផងដែរ។ លោក សុង ឌូ​វ៉ាន (Song Doo-hwan) ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ក៏បាន​គាំទ្រ​ឱ្យមាន​ការស៊ើបអង្កេត​ឯករាជ្យ​ផងដែរ។

ដោយឡែក មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ (DP) ដែលជា​បក្សប្រឆាំង​ដ៏​សំខាន់​របស់​កូរ៉េខាងត្បូង លោក លី ចេ​យ៉ុង (Lee Jae-myung)បាន​រិះគន់​រដ្ឋបាល​លោក យូ​ន​ថា​ជា​រដ្ឋបាល​ឈាម​ត្រជាក់​ដែល​បដិសេធ​សេចក្តីព្រាងច្បាប់​នេះ។

ការស៊ើបអង្កេត​របស់​ប៉ូលិស​កាលពីដើម​ឆ្នាំមុន​បាន​រកឃើញថា​សោកនាដកម្ម​នោះ​បណ្ដាលមកពី​ការរៀបចំ​មិនបាន​គ្រប់គ្រាន់​និង​ការឆ្លើយតប​មិនបាន​ទាន់ពេលវេលា ហេតុនេះហើយ​ទើប​ធ្វើឱ្យមាន​អ្នកស្លាប់​ជាច្រើន​នាក់។

គ្មាន​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​លាលែង​ពី​តំណែង ឬ​ត្រូវបាន​បណ្ដេញចេញ​ដោយសារ​ការធ្វេសប្រហែស​នេះ​ទេ។ យ៉ាងណាមិញ កាលពី​ដើមខែ​នេះ ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់​ប្រធាន​ទីភ្នាក់ងារ​ប៉ូលិស​ក្រុង​សេ​អ៊ូ​ល​ពីបទ​ធ្វេសប្រហែស។ 

សេចក្តីព្រាងច្បាប់​នេះ​មាន​គោលបំណង​បង្កើត​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ ដើម្បី​ស្វែងរក​ការពិត តាមរយៈ​ការតែងតាំង​សមាជិក​តំណាង​មកពី​គណបក្សកាន់អំណាច គណបក្សប្រឆាំង និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ឱ្យ​ធ្វើការ​ជាមួយគ្នា។

គណបក្សប្រឆាំង​បាន​គាំទ្រ​សេចក្តីព្រាងច្បាប់​នេះ ប៉ុន្តែ​គណបក្ស​អំណាច​ប្រជាជន (PPP) ដែល​កំពុងកាន់​អំណាច​បាន​រិះគន់​ដោយ​អះអាងថា ក្រុមប្រឹក្សា​នេះ​នឹង​មានការ​លម្អៀង​ទៅរក​គណបក្សប្រឆាំង។

លោក យូ​ន ​បានឈ្នះ​ការបោះឆ្នោត​ក្នុង​ឆ្នាំ២០២២ ប៉ុន្តែ​គណបក្ស​របស់លោក​មាន​អាសនៈ​ភាគតិច​ប៉ុណ្ណោះ​នៅក្នុង​សភា ពោលគឺ​អាសនៈ​ភាគច្រើន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។ ការបោះឆ្នោត​សកល​ខាងមុខ​ត្រូវបាន​គេ​គ្រោង​ថា​នឹងធ្វើ​នៅ​ខែមេសា៕