ក្រោយតុលាការ​ធម្មនុញ្ញថៃ​រក​ឃើញ​​​​​​​​ការ​បំពាន​ច្បាប់​រដ្ឋធម្មនុញ្ញប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ គណបក្ស​​​ឆ្ពោះទៅមុខ (MFP) បាន​ចេញ​​ប្រតិកម្ម​​​​តាមរយៈ​​សេចក្តី​​ថ្លែងការណ៍​​មួយ​​​ថា​ ខ្លួន​​កំពុង​​ពិនិត្យ​​មើ​ល​​សេចក្តី​​សម្រេច​​របស់​តុលាការ​ ជាមួយ​​ក្រុម​​ការងារ​ផ្នែក​ច្បាប់​​របស់​​ខ្លួន​ ហើយ​​នឹង​​មាន​​ការ​​ឆ្លើយ​​តប​​ក្នុង​​ពេល​​ឆាប់​ៗ​។​

តុលាការ​​​ធម្មនុញ្ញ​​ថៃ​ បាន​សម្រេច​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ (MFP)​ដែល​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​ឧសភា​ ប៉ុន្តែ​បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​​ បាន​រំលោភ​​លើ​រដ្ឋ​ធម្មនុញ្ញ​ ចំពោះ​គោល​បំណង​ធ្វើ​កំណែទម្រង់​​ច្បាប់​ប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​ដ៏​តឹង​រ៉ឹង​របស់​ប្រទេស​។ 

កាសែត​បាង​កកប៉ុស្តិ៍​ បាន​ចុះ​ផ្សាយ​​ថា​ ​តុលាការ​ធម្មនុញ្ញ​បាន​បញ្ជា​ឱ្យ​គណបក្ស​ MFP ​របស់​លោក​ ភីតា​ លីមចារើនរ៉ាត់​ (Pita Limjaroenrat) ​បោះ​បង់​ចោល​ផែនការ​​កំណែ​ទម្រង់​ ដោយ​​លើ​ក​ឡើង​ថា​ វា​​ស្មើ​នឹ​ង​ការ​ប៉ុន​ប៉ង​ «​ផ្ដួល​រំលំ​របប​រដ្ឋាភិបាល​​​ប្រជាធិបតេយ្យ​ ដែល​មាន​ព្រះ​មហាក្សត្រ​ជា​ប្រមុខ​រដ្ឋ​»​ដូច្នេះ​ហើយ​ វា​គឺ​ជា​ការរំលោភ​​បំពាន​រដ្ឋ​ធម្មនុញ្ញ​។​


ច្បាប់​​​ស្តី​​ពី​​ការ​​ប្រមាថ​​ព្រះ​មហាក្សត្រ​​ក្នុង​កថា​​ទី​១១២ នៃ​​​​​ក្រម​​ព្រហ្មទណ្ឌ​ថៃ​ ​បាន​កំណត់​ដា​ក់​​​ទោស​ជាប់​​​ពន្ធនាគារ​​​ពី​ ៣​ ឆ្នាំ​​ទៅ​១៥​ ​ឆ្នាំ​ ​លើ​ជន​ណា​ដែល​រក​ឃើញ​ថា​បាន​​​ប្រមាថ​​ព្រះ​មហាក្សត្រ​។ ​ដូច​គ្នា​ដែរ​ ​​មនុស្ស​ម្នាក់​​អាច​ប្តឹង​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ ​ប្រឆាំង​នឹង​​​ជន​ណា​​​​ម្នាក់​​ផ្សេង​​ទៀត​​ ហើយ​ប៉ូលីស​មាន​កាតព្វកិច្ច​ស៊ើប​អង្កេត​​។

សំណើ​របស់គណ​បក្ស​ MFP ​លើ​​ការ​ធ្វើ​វិសោធនកម្ម​​ច្បាប់​នេះ​ ​​​​ទទួល​បាន​ការ​គាំទ្រជា​​ច្រើន​ ជា​ពិសេស​ពីក្នុង​ចំណោម​​អ្នក​គាំទ្រ​វ័យ​ក្មេង​​។ យ៉ាង​ណា​មិញ​ វា​បង្ក​ការ​ខឹង​សម្បារ​​ពី​អ្នក​អភិរក្ស​និ​យម​ ​ហើយ​ត្រូវ​បា​ន​គេ​មើល​ឃើញ​ថា​ ​​វា​ជា​ហេតុ​ផល​ចម្បង​​នៃ​ការ​បរាជ័យ​របស់​គណបក្ស​ MFP ក្នុង​ការ​ទទួល​បាន​សម្លេង​គាំទ្រ​គ្រប់​គ្រាន់​ពី​សមាជិក​ព្រឹទ្ធ​សភា​​​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ ក្រោយ​ការ​បោះ​ឆ្នោត​ខែ​ឧសភា​​។ 


ពាក់​ព័ន្ធ​នឹង​​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ពុធ​នេះ​ ទោះ​បី​ជា​តុលាការ​ធម្មនុញ្ញ​ថៃ ​​​គ្មាន​អំណាចកំណត់​​​ដាក់​ទណ្ឌ​កម្ម​​លើ​គណបក្ស​ MFP បែប​​ណា​ក៏ដោយ​​​ក៏​អ្នក​នយោបាយ​មួយ​ចំនួន​បាន​ស្នើ​ថា​ ការណ៍​​នេះ​​អាច​បើក​ផ្លូវ​​ឱ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​ច្បាប់បន្ថែម​​ ​ដើម្បី​ស្វែង​រក​ការ​រំលាយ​​​ និង​ហាម​ឃាត់​​ផ្នែក​នយោបាយ​សម្រាប់​មេ​ដឹក​នាំ​របស់​គណបក្ស​​នេះ​ ជុំ​វិញ​ជំហរ​​​លើ​ច្បាប់​រាជា​និយម​៕​