​កូរ៉េខាងជើង​នៅ​ថ្ងៃទី​ ៣១ ខែ​មករា ឆ្នាំ ​២០២៤​ នេះ​បាន​និយាយថា ខ្លួន​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ​នូវ​កាំជ្រួច​យុទ្ធសាស្ត្រ Cruise ដែលជា​ផ្នែក​មួយ​នៃ​ការ​ជ្រើសរើស​អាវុធ ខណៈ​អ្នកវិភាគ​ព្រមាន​ថា អាច​ធ្វើឡើង​សម្រាប់​ផ្តល់ឱ្យ​រុស្ស៊ី​ប្រើប្រាស់​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​

ទីភ្នាក់ងារសារព័ត៌មា​ន​រដ្ឋ​កូរ៉េ​ខាងជើង KCNA បាន​និយាយថា មី​ស៊ី​ល​ប្រភេទ ​«Hwasal 2» ត្រូវបាន​បាញ់​ចូលទៅ​ភាគ​​ខាងលិច​នៃ​សមុទ្រ កាលពី​ថ្ងៃទី​ ៣០ ខែមករា ដែល​តាម​ការ​បញ្ជាក់​ពី KCNA ការបាញ់​បង្ហោះ​នេះ​ត្រូវបាន​សម្គាល់​ដំបូង​ដោយ​យោធា​របស់​ទីក្រុង​​សេ​អ៊ូ​ល ដោយបាន​និយាយថា ពួកគេ​សម្គាល់​ឃើញ​ការបាញ់​កាំជ្រួច​ជាច្រើន​គ្រាប់​។​

KCNA​ បាន​និយាយថា សមយុទ្ធ​នេះ​គឺមាន​គោលបំណង​ពិនិត្យមើល​៖«​សមត្ថភាព​ប្រតិកម្ម​ប្រឆាំង​រហ័ស​» របស់​កងទ័ព ក៏ដូចជា​ធ្វើឱ្យ​ប្រសើរឡើង​នូវ «​សមត្ថភាព​វាយប្រហារ​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន​»​។ KCNA បន្ថែមថា ការបាញ់​បង្ហោះ​មិន​ជះឥទ្ធិពល​អាក្រក់​ដល់​សន្តិសុខ​រប​ស់​ប្រទេសជិតខាង​ទេ​។​


​ក្នុង​ខែមករា​នេះ ទីក្រុង​ព្យុង​​យ៉ាង​បានធ្វើ​ការសាកល្បង​អាវុធ​ជាច្រើន​រួមមាន​ទាំង​អ្វីដែល​ខ្លួន​ហៅថា «​ប្រព័ន្ធ​អាវុធ​នុយក្លេអ៊ែរ​ក្រោម​ទឹក​» មី​ស៊ី​ល​ផ្លោង​ល្បឿន​លឿន​ជាង​សំឡេង និង​កាំជ្រួច Cruise យុទ្ធសាស្ត្រ​ជំនាន់​ថ្មី​នាពេលនេះ​។​

​យ៉ាងណា ផ្ទុយ​ពី​មី​ស៊ី​ល​ផ្លោង ការសាកល្បង​កាំជ្រួច Cruise មិន​ស្ថិតក្រោម​ការហាមឃាត់​នៃ​ការដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​លើ​ក្រុង​ព្យុងយ៉ាង​ទេ​។ កាំជ្រួច​ប្រភេទ Cruise នេះ​ទំនង​ជំរុញ​ដោយ​យន្តហោះ ហើយ​វា​ហោះ​ក្នុង​រយៈកម្ពស់​ទាប​ជាង​កាំជ្រួច​ផ្លោង ហើយ​ទំនើប​ជាង ដែល​ធ្វើឱ្យមាន​ផល​ពិបាក​ក្នុងការ​ស្ទាក់ចាប់​គ្រាប់​ប្រភេទ​នេះ​។​


​កាលពី​ថ្ងៃទី​ ២៩ ខែមករា​កន្លង​ទៅ​ថ្មីៗ​នេះដែរ កូរ៉េខាងជើង​ក៏បាន​បាញ់​បង្ហោះ មី​ស៊ី​ល​ប្រភេទ Pulhwasal-3-31s ចេញពី​នាវាមុជទឹក ​២ ​គ្រឿង​៕​