​ប្រេសិត​អាមេរិក ​១ ​រូប​បាន​និយាយថា វៀតណាម​ គឺជា​គោលដៅ​ចម្បង​សម្រាប់​ឱ្យ​អាមេរិក​បោះ​មូលនិធិ​វិនិយោគ​លើ​វិស័យ​ផលិត​បន្ទះ​ឈី​ប ដើម្បី​ពង្រឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ហើយ​ចង់ឱ្យ​ប្រទេស​នេះ «​ទាញយក​ប្រយោជន៍​» ពី​ផែនការ​កាត់​​បន្ថយ​ការពឹងផ្អែក​របស់ខ្លួន​លើ​ចិន​។​ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Nikkei Asia កាលពី​ថ្ងៃ​អង្គារ​។​

​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទទួលបន្ទុក​លើ​កំណើនសេដ្ឋកិច្ច ថាមពល និង​បរិស្ថាន លោក Jose Fernandez បាន​ថ្លែងប្រាប់ Nikkei Asia ថា សហរដ្ឋ​​អាមេរិក​កំពុង​កំណត់​គោលដៅ​លើ​ប្រទេស​ចំនួន​ ៧ ឱ្យ​ក្លាយជា​ផ្នែក​មួយ​នៃ​ច្បាប់​ស្ដីពី​បន្ទះ​ឈី​ប និង​វិទ្យាសាស្ត្រ ដែល​រួម​បញ្ចូល​ទាំង​ការផ្ដល់​មូលនិធិ ៥០០​ លាន​ដុល្លារ សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការបណ្តុះបណ្តាល​ទាក់ទង​នឹង​បន្ទះ​ឈី​ប សុវត្ថិភាព​តាម​អ៊ីន​ធឺ​ណិ​ត និង​បរិ​យា​កាស​អាជីវកម្ម​ទូទាំង​ពិភពលោក​។​


​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​បាន​មើល​បញ្ជី​ប្រទេស​ដែល​យើង​យល់ថា​មាន​សក្តានុពល​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ការគាំទ្រ​របស់​យើង ហើយ​វៀតណាម​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ដែល​យើង​គិតគូរ​»​។​

​លោក Fernandez ដែល​ពេលនេះ​កំពុងធ្វើដំណើរ​ទស្សនកិច្ច​នៅ​ហ្វីលីពីន ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​ចន្ទ បាន​បន្តថា វៀតណាម​គួរតែ​ចាត់វិធានការ​ផងដែរ មុនពេល​វា​យឺត​ពេល​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ក្នុង​ឧស្សាហកម្ម​សំខាន់ៗ ដូចជា​ថាមពល​ស្អាត និង​រ៉ែ ដែល​អាច​ប្រើប្រាស់​សម្រាប់​រថយន្ត​អគ្គិសនី និង​ថ្ម​អគ្គិសនី​ជាដើម​។


​សហរដ្ឋអាមេរិក​នឹង​បែងចែក​ជំនួយ​បរទេស​ក្រោម​ច្បាប់​ស្តីពី​បន្ទះ​ឈី​ប និង​វិទ្យាសាស្ត្រ​ដោយ​ផ្អែកលើ​អនុសាសន៍​របស់​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​នឹង​ដល់កំណត់​ក្នុង​ខែកុម្ភៈ​។

លោក Fernandez បាន​និយាយថា ការសិក្សា​លើ​បញ្ហា​នេះ រួម​​បញ្ចូល​ទាំង​ការសាកសួរ​ក្រុមហ៊ុន​ផ្សេងៗ​នូវ​អ្វីដែល​វៀតណាម​ត្រូវការ ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​បន្ទះ​ឈី​ប ដូចជា​ការបណ្តុះ​បណ្តាល​ជាដើម​។​

​វៀតណាម គឺជា​ប្រទេស​នាំចេញ​គ្រឿង​អេឡិចត្រូនិក សម្លៀកបំពាក់ និង​អាហារ​ដ៏​ធំ ហើយក៏​ជា​ប្រទេស​សំខាន់​ដែល​អាមេរិក​សម្លឹងមើល ក្នុងការ​ផ្លាស់ប្តូរ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ឱ្យ​ឆ្ងាយ​ពី​ប្រទេស​ចិន​។​

​ក្រៅពីនេះ អាមេរិក​កំពុង​ស្វែងរក​ការ​​បង្កើន​ការវិនិយោគ​លើ​ប្រទេស​មាន​រ៉ែ​កម្រ​ក្រៅពី​ចិន រួមទាំង​វៀតណាម​។ ទិន្នន័យ​ស្ទង់​ភូ​គ្គ​សាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​បង្ហាញថា វៀតណាម​ជាប់​ចំណាត់​​ថ្នាក់​ទី​​ ២ នៅ​ទូទាំង​ពិភពលោក ជា​ប្រទេស​មាន​រ៉ែ​លោហៈ​កម្រ​ច្រើន​បំផុត​បន្ទាប់ពី​ចិន ប៉ុន្តែ​មិនដឹង​ចំនួន​ពិត​ទេ​៕