​ក្រោយពី​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ម្ចាស់ជំនួយ​សំខាន់ៗ បានប្រកាស​ផ្អាក​ជំនួយ​ដល់ទី​ភ្នាក់ងារ​ជំនួយ និង​ការងារ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ជិត​ដើម​បូព៌ា (UNRWA) សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​ដំបូង​ប្រកាស​ផ្អាក​ទម្លាក់​ជំនួយ​បន្ថែម បានទាមទារ​ឱ្យមាន​ការ​​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន មុនពេល​ទីក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​ការ​ផ្តល់​មូលនិធិ​ដែល​ត្រូវបាន​ផ្អាក ខណៈ​ដល់ពេលនេះ​មាន​យ៉ាង​ហោចណាស់​ ១៤​ ប្រទេស​បាន​ចូលរួម​ផ្តាច់​មូលនិធិ​។ 

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​ផ្សាយ​ថា សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​ ៣០ ខែមករា បាន​និយាយថា UNRWA ត្រូវធ្វើ ​«​ការផ្លាស់ប្តូរ​ជា​មូលដ្ឋាន​»​ ជាមុនសិន ដើម្បី​បន្ត​ការផ្តល់​មូលនិធិ​ដែល​ត្រូវបាន​ផ្អាក ជុំវិញ​ការចោទប្រកាន់​របស់​អ៊ីស្រា​អែល​ថា បុគ្គលិក​នៃ​ទីភ្នាក់ងារ UNRWA មួយចំនួន​បាន​ចូលរួម​ក្នុងការ​វាយ​ប្រហារ​ថ្ងៃទី​​ ៧ ខែតុលា ​ដោយ​ពួក​សកម្មប្រយុទ្ធ​ហា​ម៉ាស់​។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាន​ថ្លែង​សាទរ​ចំពោះ​ការប្តេជ្ញា​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​លើ​ការ​ចោទប្រកាន់​លើ​បុគ្គលិក​នៅ​ UNRWA និង​ការត្រួតពិនិត្យ​ទីភ្នាក់ងារ​ដែល​គ្រោងទុក​។​


​សារព័ត៌មាន wionews នៅ​ថ្ងៃទី​ ៣០​ មករា បាន​ផ្សាយ​ថា ប្រទេស​ ១៤ បានប្រកាស​ផ្អាក​មូលនិធិ​ជំនួយ​ដល់ UNRWA គិត​ត្រឹម​ថ្ងៃ​អង្គារ ទី ​៣០ ខែមករា ដោយ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ប្រកាស​ក្រោយ​គេ​។​

​ប្រទេស​ ១៣ ​ផ្សេងទៀត​ដែល​បានប្រកាស​ផ្អាក​ជំនួយ​រួមមាន​អូស្ត្រាលី អូទ្រីស កាណាដា ហ្វាំ​ង​ឡង់ បារាំង អាល្លឺម៉ង់ អ៊ី​តា​លី ជប៉ុន ហូ​ឡង់ ន័​រ​វែ​ស ស្វ៊ី​ស អង់គ្លេស និង​សហរដ្ឋអាមេរិក​។​


​លោកស្រី​ទូត​អាមេរិក​នៅ​អង្គការសហប្រជាជាតិ ក៏បាន​លើកឡើង​ដែរ​ថា អាមេរិក​កំពុង​ស្វែងរក​ព័ត៌មាន​លម្អិត​ផ្សេងៗ​ទៀត​អំពី​អ៊ីស្រា​អែល​ក្នុងការ​ចោទប្រកាន់​លើ UNRWA​។​

​លោកស្រី​និយាយថា​៖ «​យើង​ត្រូវ​ពិនិត្យមើល​អង្គការ របៀប​ដែល​វា​ដំណើរការ​នៅ​ហ្គា​ហ្សា របៀប​ដែល​ពួកគេ​គ្រប់គ្រង​បុគ្គលិក​របស់​ពួកគេ និង​ដើម្បី​ធានាថា​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម ដូចជា​បុគ្គល​ទាំង ១២ ​នាក់​ ត្រូវ​ទទួលខុសត្រូវ​ភ្លាមៗ ដូច្នេះ ​UNRWA អាច​បន្តការងារ​ចាំបាច់​ដែល​ខ្លួន​កំពុង​ធ្វើ​»​។​

​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រ៉េ​ស (Antonio Guterres)​ បាន​និយាយ​កាលពី​ថ្ងៃទី​ ២៨ ខែមករា​ថា ក្នុងចំណោម មនុស្ស​ ១២ ​នាក់ ​ដែល​ជាប់​ពាក់​ព័ន្ធ មាន​ ៩ ​នាក់ ​ត្រូវបាន​បណ្តេញចេញ ម្នាក់​បាន​ស្លាប់ ហើយ​អត្តសញ្ញាណ​របស់​មនុស្ស​ ២​ នាក់​ទៀត​កំពុង​ត្រូវបាន​បញ្ជាក់​ឱ្យ​ច្បាស់លាស់​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អាន់​តូ​នី ប្ល៊ី​ន​កែន (Antony Blinken) ​បាន​ពណ៌នា​ការចោទប្រកាន់​នេះ​ថា​៖ «​គួរឱ្យ​ជឿជាក់​បាន​កម្រិត​ខ្ពស់​» និង​«​ជា​រឿង​គួរឱ្យ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​»​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក Matthew Miller បាន​និយាយ​នៅ​ថ្ងៃទី​ ៣០ ខែមករា ថា ទីក្រុង​វ៉ាស៊ីនតោន​បានផ្តល់​ប្រាក់​ពី​ ៣០០​ លាន ទៅ​ ៤០០​ លាន​ដុល្លារ​អាមេរិក ​ក្នុង ១ ​ឆ្នាំ​។​

​ចាប់តាំងពី​ខែតុលា​រហូតដល់​ពេល​នៃ​ការប្រកាស​ផ្អាក​កាល​ប៉ុន្មាន​ថ្ងៃ​មុននេះ សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​ដល់ UNRWA ១២១​ លាន​ដុល្លារ​។ ក្រោយ​សហរដ្ឋអាមេរិក​ប្រកាស ប្រទេស​កាណាដា អូស្ត្រាលី ក៏បាន​ធ្វើតាម​ដែរ​។ ក្រោយមកទៀត​មាន​ប្រទេស​នៅ​តំបន់​អឺរ៉ុប ដែល​សុទ្ធតែ​ប្រទេស​ផ្តល់ជំនួយ​ធំៗ ក៏បាន​ផ្អាក​ដែរ​។ ជប៉ុន​ដែលជា​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជំនួយ​ធំ​ពី​ទ្វីបអាស៊ី ក៏បាន​ប្រកាស​ផ្អាក​ដូចគ្នា​។​

​ក្រោយ​ប្រទេស​ធំៗ​ផ្អាក​ជា​បន្ត​បន្ទាប់​ដូច្នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ទទូច​ប្រទេស​ទាំងនោះ​កុំឱ្យ​ផ្តាច់ជំនួយ ដោយ​ជំនួស​មកវិញ​នូវ​ការសន្យា​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​ទាំងអស់នេះ​៕