​​​សង្គ្រាម​​​នៅ​តំបន់​មជ្ឈិម​បូព៌ា​​​​លើស​ពី​​សង្គ្រាម​រវាង​​អ៊ីស្រាអែល​ និង​ហាម៉ាស់​នាពេល​បច្ចុប្បន្ន ខណៈពេល​ដែល​​​​ការ​បំផ្ទុះ​គ្រាប់បែក ​និង​ការ​សម្លាប់​មេដឹកនាំ​​ក្រុមហាម៉ាស់​បង្កើន​កំហឹង​ដល់​ប្រទេសនៅតំបន់​អារ៉ាប់​។ 

​យោង​តាមការ​ផ្សាយ​របស់ CNN ការ​បំផ្ទុះ​គ្រាប់​បែក​​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​សម្លាប់​​មនុស្ស​ជា​​ង​​១០០​នាក់​ និង​បង្ក​របួស​ជាង​២០០​នាក់​នេះ បាន​គំរាម​​ដល់​ការ​​បង្កើន​​ល្បឿន​​នៃ​ភាព​តានតឹង​នៅក្នុង​តំបន់​ដែល​បាន​កើនឡើង​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​សង្គ្រាម​​​​រវាង​​​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស់​នៅ​តំបន់​​ហ្គា​ហ្សា។

​កាល​ពី​ថ្ងៃ​អង្គារ មេ​ដឹកនាំ​​សំខាន់​ទី​២​របស់​​ក្រុមហាម៉ាស់​​ លោក​ Saleh al-Arouriត្រូវ​បាន​សម្លាប់​​ដោយ​កា​រវាយប្រហារ​តាម​ដ្រូន​ក្នុង​ប្រទេស​លីបង់ ហើយ​ប្រទេស​អ៊ីរ៉ង់​ និង​លីបង់​​​បាន​ចោទ​ប្រកាន់​​​អ៊ីស្រាអែល​ជា​អ្នក​ធ្វើ ខណ់ៈអ៊ីស្រាអែល​បាន​បដិសេធ​។​


​មនុស្សយ៉ាងហោចណាស់ ១០៣នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ពុធ និង ១៨៨ នាក់​បាន​រងរបួស​នៅក្នុង​ទីក្រុង Kerman របស់​អ៊ីរ៉ង់​បន្ទាប់ពី​ការ​បំផ្ទុះគ្រាប់បែក​ចំនួន​២​​លើក​​​នៅ​ជិត​កន្លែង​បញ្ចុះសព​របស់​​ QasemSoleimani​អតីត​​មេបញ្ជាកា​រ​យោធា​អ៊ីរ៉ង់​ដែល​​​​អាមេរិក​​​សម្លាប់​ដោយ​ដោយប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​កាល​ពីឆ្នាំ​២០២០។​

​​យោង​ការ​ផ្សាយ​របស់ Al Jazeera ក្រោយ​​​​ការ​បំផ្ទុះ​ដ៏​ផ្តាច់ផ្តិល​នោះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោកAyatollah Ali Khamenei ​ចេញ​​សេចក្តីថ្លែងការណ៍មួយថា៖«សត្រូវបិសាចនិងឧក្រិដ្ឋ​នៃប្រជាជាតិអ៊ីរ៉ង់បាន​បង្កើត​គ្រោះមហន្តរាយជាថ្មីម្តងទៀតនិង​បាន​សម្លាប់​មនុស្ស​ជាទី​ស្រឡាញ់​ជាច្រើន​នៅក្នុងKerman។គ្រោះ​មហន្តរាយ​នេះ​នឹង​មាន​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់! សូម​ព្រះ​សព្វ​ព្រះ​រាជ​ហឫទ័យ»។


​ទូរទស្សន៍រដ្ឋ​អ៊ីរ៉ង់ IRNA បាន​បន្ថែមថា ការផ្ទុះ​លើកទី១​មាន​ចម្ងាយ ៧០០ ម៉ែត្រ ពី​ផ្នូរ​របស់ Soleimaniនិង​លើក​ទី​២​ចម្ងាយ​ ១គីឡូម៉ែត្រខណៈពេលដែល​អ្នកដើរក្បួន​​​បាន​ទៅ​ទស្សនា​កន្លែង​នោះ។ 

​យោង​តាម​ CNN អតីត​មេបញ្ជា​ការ​អ៊ីរ៉ង់ លោក Soleimani ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋអាមេរិក​ដែល​បញ្ជា​ដោយ​អតីត​ប្រធានាធិបតី Donald Trump នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Baghdad កាលពី​៤​ឆ្នាំមុន​កាលពី​ថ្ងៃ​ពុធ។ 

ទោះជា​បែប​នេះ​ក្តី ​អ្នក​នាំ​ពាក្យ​ក្រសួង​​ការបរទេស​សហរដ្ឋ​អាមេរិក​​បាន​បដិសេធ​​ថា សហរដ្ឋ​អាមេរិក​និង​​សម្ព័ន្ធ​មិត្ត​​អ៊ីស្រាអែល​របស់ខ្លួន មិន​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ទេ៕