ក្រសួង​កិច្ច​ការ​ផ្ទៃ​ក្នុង​វៀតណាម​ បាន​បង្ហាញ​សេចក្ដី​ព្រាង​​ក្រឹត្យមួយ​ ដែល​ព្រមាន​កុំ​​ឱ្យ​​មន្ត្រី​​​ជាន់​​ខ្ពស់​រដ្ឋាភិបាល​​ស្រេក​ឃ្លាន​​អំណាច​ ឬកេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់កាសែត​ VnExpress កាល​ពី​ថ្ងៃ​ពុធ​។ ​

ក្រឹត្យ​នោះ​ នឹង​​ចូល​ជា​ធរមាន​ចាប់​ពី​​​អនុ​រដ្ឋ​មន្ត្រី​ ប្រធាន​នាយកដ្ឋាន ​រហូត​ដល់អនុ​ប្រធាន​​នាយកដ្ឋាន​​ ក្នុង​ចំណោម​មន្រ្តី​សាធារណៈ​ផ្សេង​​ៗ​ទៀត​។ ​បើយោងតាម​សេចក្ដី​ព្រាង​ក្រឹត្យ​ មន្រ្តី​ទាំង​នេះ​ត្រូវ​តែ​មាន​​​មនោគមន៍​វិជ្ជា​នយោបាយ​ និង​សីលធម៌​ វិន័យ ​សមត្ថភាព​ សុខភាព​ល្អ​​និង​បទ​ពិសោធន៍ជា​ដើម​។

លើស​ពី​នេះ​ ពួក​គេ​ត្រូវ​ដាក់​ផល​ប្រយោជន៍​រដ្ឋាភិបាល​ ប្រទេស​ជាតិ​ និង​សាធារណជន​ឱ្យ​ធំ​ជាង​ប្រយោជន៍​ផ្ទាល់​​ខ្លួន​ រស់​នៅ​ដោយ​ស្មោះ​ត្រង់​ និង​រាបសា​ហើយ​មិន​ស្រេក​ឃ្លាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ និង​អំណាច​ និង​កុំ​បណ្តោយ​ឱ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​បំពាន​តួនាទី​​ដើម្បី​ផល​ប្រយោជន៍​។


បើ​តាម VnExpress ​ ក្រៅ​​​ពី​​ស្តង់ដា​​ទូទៅ​​នេះ​ អនុ​រដ្ឋ​មន្ត្រី​ និង​​អ្នក​​ដែល​​មាន​​មុខ​​តំណែង​​សម​មូល​​ ក៏​​ត្រូវ​​តែ​​មាន​​ «​កម្មវត្ថុ ​និង​ភាព​​ហ្មត់​ចត់​»​ ហើយ​​មាន​​ជំនាញ​​ក្នុង​​រដ្ឋបាល​​សាធារណៈ ​និង​​ច្បាប់​។​​

សេចក្ដី​ព្រាង​​ក្រឹត្យ​​ដែល​​បាន​ផ្ដើម​​​បង្កើត​​ឡើង​​តាំង​​​ពី​​ឆ្នាំ​២០២០​ ​ឥឡូវ​​នេះ​ ​ត្រូវ​​បាន​​ផ្សព្វ​ផ្សាយ​ដើម្បី​ស្រង់​​​​មតិ​​យោបល់​​ពី​​ស្ថាប័ន​​រដ្ឋាភិបាល​​៕