​កាសែត​រដ្ឋ​ចិន​​ Global Times ​ផ្សាយ​ថា​ ​គ្រាប់​កាំ​ភ្លើង​ធំ​​បាញ់​ចេញ​ពី​តំបន់​ជម្លោះ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ធ្លាក់​ទៅ​លើ​ទី​ក្រុង​​​​​​ជាប់​ព្រំដែន​​ក្នុង​ខេត្ត​យូណាន​នៃ​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បង្ក​ឱ្យ​មនុស្ស​​​ ៥ នាក់​រង​របួស​។ ​

Global Times បាន​ផ្សាយនៅ​​​ក្នុង​​ខ្សែ​វិដេអូមួយ​​ ដែល​បង្ហាញពីទិដ្ឋភាព​​កន្លែង​​​រង​គ្រាប់​​​ថា​ មនុស្ស​​ម្នាក់​ដេក​ស្ដូក​លើ​ចិញ្ចើម​ផ្លូវ​ថ្មើរ​ជើង​ ទល់​មុខ​ហាង​លក់​ទំនិញ​តាម​ដង​ផ្លូវ​ ដោយ​មាន​ម្នាក់​ស្រែក​ឱ្យ​​ហៅ​ប៉ូលិស​ជួយ​អន្តរាគមន៍​។ ​​

មន្រ្តីនៅ​​​​ក្រុង​កើត​ហេតុ​​​ Zhenkang ​នៃ​​ខេត្ត​យូណាន បាន​បញ្ជាក់​​​ប្រាប់​ Global Times យ៉ាង​ដូច្នេះ​ថា​ ការ​​​​បាញ់​ផ្លោង​ចេញ​ពី​​ក្រុងឡៅកៃ​​ ​​ដែល​ជា​ទី​​ជម្លោះ​​មួយ​ក្នុង​តំបន់ស្វយ័ត​កូកាង​ នៃ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ធ្លោយ​ធ្លាក់​លើ​សង្កាត់ ​​​​Nansan ​នៃ​ក្រុង Zhenkang ​ ​នា​រសៀល​ថ្ងៃ​ពុធ​។ ​ហេតុការណ៍​នេះ​​ បង្ក​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៥ នាក់​រង​របួស​ ​​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។


អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ តំបន់ស្វយ័ត​​កូកាង​ ក្នុង​រដ្ឋ​សាន​​របស់​មីយ៉ាន់ម៉ា ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ចិន​​ បាន​ធ្លាក់​ទៅ​ក្នុង​អរិភាព​​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ជា​​ញឹក​ញយ​។ 

​កាល​​​ពី​​សប្តាហ៍​​មុន​ ស្ថានទូត​​ចិ​ន​​ប្រចាំ​​ប្រទេស​​មីយ៉ាន់ម៉ា​​បាន​​ជំរុញ​​ជន​ជាតិ​​ខ្លួន​​ឱ្យ​​ចាក​​ចេញ​​​ពី​​ទីក្រុង​ឡៅកៃ​​ឱ្យ​​បាន​​ឆាប់​​តាម​​ដែល​​អាច​​ធ្វើ​​ទៅ​​បាន​ ដោយ​​លើក​​ឡើង​​ពី​​ហានិភ័យ​​សន្តិសុខ​កាន់​តែ​ខ្លាំង​ឡើង​។


​​កន្លង​មក​ អាជ្ញាធរ​ចិនបា​​ន​ប្រាប់ព​លរដ្ឋ​ចិន​ឱ្យ​ជៀស​វាង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​សម្រាប់​អ្នក​ដែល​​នៅ​ក្នុង​តំបន់​នោះ​រួច​ហើយ​ ត្រូវ​ផ្លាស់​ទី​ទៅ​កាន់​កន្លែង​សុវត្ថិភាព​ ឬ​ត្រឡប់​​ទៅ​ប្រទេស​ចិន​វិញ​។​​ 

​ភាព​តាន​តឹង​នៃ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​យោធា​មីយ៉ាន់ម៉ា​ និង​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​នេះ​ បាន​កើន​ឡើង​ចាប់​តាំង​ពី​ចុង​ខែ​តុលា​ឆ្នាំ​មុន​​មក​ម្ល៉េះ​​​។​

ប្រទេស​ជិត​ខាង​ចិន ដែល​តែង​​រង​គ្រាប់​បាញ់​ធ្លោយ​ពី​តំបន់​ជម្លោះ​មីយ៉ាន់ម៉ា​​ បាន​អំពាវ​នាវ​ម្តង​ហើយ​ម្តង​ទៀត​ ឱ្យ​មាន​ការ​ចរចា​បទ​ឈប់​បាញ់​ ហើយ​ថែម​ទាំង​សម្រប​សម្រួល​កិច្ច​សន្ទនា​រវាង​ភាគី​ទាំង​​២​ផង​ដែរ​៕​