ប៉ូលិស​ជប៉ុន​កាលពី​រាត្រី​ថ្ងៃ​ពុធ​ទី៣ ខែមករា​ ដើមឆ្នាំ២០២៤ បាន​និយាយថា​បុរស ៣នាក់​បាន​រងរបួស​នៅក្នុង​ឧបទ្ទវហេតុ​មួយ ដោយ​ស្ត្រី​ម្នាក់​បាន​ដក​កាំបិត​ចាក់​ពួកគេ​នៅក្នុង​រថភ្លើង​នៅឯ​ស្ថានីយ Akihabara ក្នុង​ទីក្រុង​តូ​ក្យូ​ហើយ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យភ្លាម។

បើតាម​អ្នកនាំពាក្យ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​តូ​ក្យូ​បានឱ្យដឹងថា​ មន្ត្រីប៉ូលិស​ បានទទួល​ទូរស័ព្ទ​សង្គ្រោះបន្ទាន់​នៅមុន​ម៉ោង ១១ យប់ ម៉ោង​ក្នុងស្រុក​របស់​ជប៉ុន​ដោយ​រៀបរាប់ថា​ស្ត្រី​ម្នាក់​បាន​បង្ក​របួសស្នាម​ដោយ​កាំបិត​នៅលើ​ខ្សែ​រថភ្លើង​Yamanoteដែលជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​មមាញឹក​បំផុត​ក្នុង​ទីក្រុង។

អ្នកនាំពាក្យ​រូបនេះ​ បាន​បន្ត​ឱ្យដឹងថា​ស្ត្រី​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​រួចរាល់​ហើយ​ចំណែក​ស្ថានភាព​របស់​បុរស​ ដែល​រងរបួស​ទាំង ៣ នាក់​ នោះ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​ទេ។ ហើយ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ​បាន​រាយការណ៍​ថា ​គិត​ត្រឹម​ពេលនេះ​ គ្មាន​ជនរងគ្រោះ​ណា​ម្នាក់​ក្នុងចំណោម​ជន​រងរបួស​ទាំង ៣ រូប​មាន​ហានិភ័យ​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​ឡើយ។


បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ​កើតឡើង​ក្រុមហ៊ុន East Japan Railway Company ដែល​គ្រប់គ្រង​ខ្សែ​រថភ្លើង​ Yamanote loop បានបញ្ជាក់​លើ​បណ្តាញ​សង្គម​ថា​ ខ្សែ​រថភ្លើង​ក្នុង​ទីក្រុង​មួយ​នេះ​ នឹងត្រូវ​ផ្អាក​មួយ​រយៈពេល​ដោយសារតែ «បញ្ហា​នៅក្នុង​រថភ្លើង» ក៏ប៉ុន្តែ​បន្តិចក្រោយមក​វា​ក៏​ត្រឡប់មក​ដំណើរការ​ដូច​ធម្មតា។

ហេតុការណ៍​នេះ ​បាន​កើតឡើង​បន្ទាប់ពី​មនុស្ស​ជាង ៥ ម៉ឺន​នាក់ ​ត្រូវបាន​បង្ខំ​ឱ្យ​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ ​ក្នុងអំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​របស់​ប្រទេស​ជប៉ុន ​បន្ទាប់ពី​មានការ​រញ្ជួយ​ដី​កម្រិតធ្ងន់​បន្តបន្ទាប់​ និង​ការព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​ដ៏​ធំ​របស់​ប្រទេស​ចាប់តាំងពី​គ្រោះមហន្តរាយ Fukushima ឆ្នាំ២០១១ មក។


មនុស្ស ៦៤ នាក់​ត្រូវបាន​គេ​រាយការណ៍​ថា ​បាន​បាត់បង់​ជីវិត ​ខណៈ​មាន​មនុស្ស​ជាច្រើន​ផ្សេងទៀត​នៅតែ​ត្រូវបាន​គេ​គិតថា​កប់​ជាប់​នៅក្រោម​គំនរ​អគារ​បាក់បែក។

ក្រៅពី​ហេតុការណ៍​ដ៏​អាក្រក់​ទាំង ២នេះ​ ប្រទេស​ជប៉ុន ​ក៏បាន​ប្រឈមមុខ​នឹង​សោកនាដកម្ម​មួយ​ផ្សេងទៀត​កាលពី​ថ្ងៃ​អង្គារ​នៅពេលដែល​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Japan Airlines បាន​បុក​ជាមួយ​យន្តហោះ​កង​ឆ្មាំ​សមុទ្រ​នៅឯ​អាកាសយានដ្ឋាន​អន្តជាតិ​របស់​ទីក្រុង​តូ​ក្យូ។

អ្នកដំណើរ​និង​នាវិក​ទាំង​ ​៣៩០ នាក់ ​នៅលើ​យន្តហោះ​ដឹក​អ្នកដំណើរ​បាន​រំដោះខ្លួន​ ដោយ​សុវត្ថិភាព​ឬ​រងរបួស​ស្រាល​ក្នុង​ចំនួន​តិចតួច​ក៏ប៉ុន្តែ​នាវិក ៥ នាក់​ក្នុងចំណោម​នាវិក៦នាក់​នៅក្នុង​យន្តហោះ​កង​ឆ្មាំ​សមុទ្រ​ដែល​ដឹក​ស្បៀង​ទៅ​ទីតាំង​គ្រោះ​រញ្ជួយ​ដី​ត្រូវបាន​បាត់បង់​ជីវិត៕