អាជ្ញាធរ​ក្រុង​ហូជីមិញ បាន​ផាកពិន័យ​អ្នកលេង​បណ្តាញ​សង្គម​តិកតុក (TikTok) ម្នាក់​របស់​វៀតណាម ឈ្មោះ ហ៊ួ គុក អា​ញ ​(Hua QuocAnh) ចំនួន ៧,៥​ លាន​ដុង (៣០៦​ ដុល្លារ​) ចំពោះ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជាថា​ ជា​របស់​ប្រទេស​ថៃ​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

ការផាកពិន័យ​ដែល​ប្រកាស​កាលពី​ថ្ងៃ​ពុធ ក៏បាន​ព្រមានកុំឱ្យ​តារា​តិកតុក​រូបនេះ​បង្កើត​បញ្ហា​ដដែល​ជា​ដដែល​ទៀត ហើយ​គេ​ត្រូវគោរព​តាមច្បាប់​វៀតណាម ស្ដីពី​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត និង​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​ដែល​ពេញនិយម​។

កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដែល​ទើប​កន្លងផុតទៅ លោក ហ៊ួ បាន​បង្ហោះ​វីដេអូ​មួយ​នៅលើ​គណនី​តិកតុក​រប​ស់​ខ្លួន ដែលមាន​អ្នកតាមដាន​ជាង ៧០​ ម៉ឺន​នាក់ ដែល​វីដេអូ​នោះ បង្ហាញ​ពី​នារី​ម្នាក់​ស្លៀក​ឈុត​ប្រពៃណី​ថៃ និង​កាន់ដំបង​ ១ ​ដើរ​ជុំវិញ​ប្រាសាទអង្គរវត្ត ក្នុង​ខេត្តសៀមរាប​។


ក្នុង​វីដេអូ​នោះ លោក​បាន​កាត់ត​ដាក់​រូបភាព​ទង់ជាតិ និង​ព្រះមហាក្សត្រ​ថៃ ហើយ​បញ្ចូល​សំឡេង​ថា «Hello Thailand»​។ វីដេអូ​នេះ​បណ្តាលឱ្យ​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង​ក្លា ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​។

ទីភ្នាក់ងារ​រ៉​យ​ទ័​រ ក៏បាន​ផ្សាយ​ថា អាជ្ញាធរ​កម្ពុជា​បាន​លើក​ឡើង​ថា វីដេអូ​របស់លោក Hua QuocAnh បង្ក​ការ​ប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សម្បត្តិ​ វប្បធម៌ និង​បេតិកភណ្ឌ​របស់​កម្ពុជា ហើយ​បាន​ស្នើឱ្យ​ក្រុម​ហ៊ុន​តិកតុក​បិទ​វីដេអូ​នោះ​ចោល ហើយ​ក្រោយមក វីដេអូ​នោះ​ក៏ត្រូវ​បាន​លុបចេញ​វិញ​។


ដើម្បី​ជាការ​ឆ្លើយតបកាល​នោះ ក្រសួងទេសចរណ៍​កម្ពុជា​បាន​ពិចារណា​ហាមឃាត់​មិនឱ្យ​លោក ហ៊ួ ជាន់​ទឹកដី​កម្ពុជា​ចាប់ពី ​៥ ទៅ​ ១០ ​ឆ្នាំ​៕