ការវាយប្រហារផ្ទួនៗក្រៅតំបន់ហ្គាហ្សាដែលអ៊ីស្រាអែលកំពុងបោសសម្អាតក្រុមប្រដាប់អាវុធហាម៉ាស់ កំពុងបញ្ឆេះសង្គ្រាមឱ្យឆាប់ឆេះពេញមជ្ឈិមបូព៌ាដែលរដ្ឋអារ៉ាប់ហ៊ុមព័ទ្ធអ៊ីស្រាអែល។
ហេតុការណ៍អាក្រក់ជាប្រវត្តិសាស្ត្រ ២ គឺការបាញ់ប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកបានឆក់យកជីវិតលោក Saleh al-Arouri មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស់ កាលពីថ្ងៃអង្គារក្នុងប្រទេសលីបង់ និងការបំផ្ទុះគ្រាប់បែក ២ លើកកណ្តាលហ្វូងមនុស្សដែលកំពុងដើរក្បួនរំឭកខួប ៤ ឆ្នាំនៃការស្លាប់របស់លោក Qassem Suleimani អតីតមេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទីក្រុង Kerman កាលពីថ្ងៃពុធ។
ហេតុការណ៍ទាំង ២ ខាងលើនៅតែមិនទាន់ច្បាស់ថា អ្នកណាជាអ្នកទទួលខុសត្រូវនៅឡើយ សូម្បីអ៊ីស្រាអែលដែលជាសត្រូវផ្ទាល់របស់ក្រុមហាម៉ាស់ លីបង់ និងអ៊ីរ៉ង់។
កាសែត The Guardian របស់អង់គ្លេសបានផ្សាយថា នៅទីក្រុងវ៉ាស៊ីនតោន ក្រុមមន្ត្រីបាននិងកំពុងចង្អុលទៅកាន់តួនាទីដែលអាចកើតមានរបស់ក្រុមរដ្ឋអ៊ិស្លាម ឬក្រុមជ្រុលនិយមដែលមានសម្ព័ន្ធភាពជាមួយក្រុមស៊ុននី ហើយនៅឆ្ងាយពីភាពជាដៃគូរបស់អ៊ីស្រាអែល និងក្រុមឧទ្ទាមអ៊ីរ៉ង់ គឺ Mujahedin-e-Khalq (MeK) ដែលត្រូវបានគេរាយការណ៍ថានៅពីក្រោយការវាយប្រហារនៅប្រទេសអ៊ីរ៉ង់ថ្មីបំផុតនេះ។
ចំពោះការបាញ់ប្រហារតាមផ្លូវអាកាសដោយប្រើដ្រូនដែលបានឆក់យកជីវិតលោក Saleh al-Arouri មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស់ រដ្ឋាភិបាលលីបង់ និងអាជ្ញាធរប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែលត្រង់ៗ ខណៈដែលអ៊ីស្រាអែលមិនទាំងបដិសេធ ឬក៏ទទួលខុសត្រូវថា នោះកើតឡើងដោយទង្វើរបស់ខ្លួនដើម្បីកម្ទេចក្រុមហាម៉ាស់ទាំងស្រុង។
មន្ត្រីអាមេរិកបានច្រានចោលការលើកឡើងណាមួយដែលថា ខ្លួន ឬសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួនជាអ្នកនៅពីក្រោយការបំផ្ទុះដ៏សាហាវនៅក្នុងប្រទេសអ៊ីរ៉ង់ បើទោះបី លោក Qassem Suleimani អតីតមេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់កាលពី ៤ ឆ្នាំមុននៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកក្នុងរដ្ឋបាលដឹកនាំដោយលោក ដូណាល់ ត្រាំ។
តាមការដកស្រង់របស់ Al-Jazeera អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយអំពីការបំផ្ទុះកាលពីថ្ងៃពុធថា៖ «សហរដ្ឋអាមេរិកមិនជាប់ពាក់ព័ន្ធក្នុងមធ្យោបាយណាមួយទេ ហើយការសន្និដ្ឋានណាមួយដែលផ្ទុយ គឺគួរឱ្យអស់សំណើចណាស់»។
លោកបានបន្ថែមក្នុងអំឡុងពេលសន្និសីទព័ត៌មានប្រចាំថ្ងៃថា៖ «យើងគ្មានហេតុផលដើម្បីជឿថា អ៊ីស្រាអែលមានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះនេះទេ»។
យោងតាម The Guardian ការវាយប្រហារមុនៗទាំងនោះ ភាគច្រើនត្រូវបានគេកំណត់គោលដៅធ្វើឃាតលើអ្នកវិទ្យាសាស្ត្រ ឬអំពើបំផ្លិចបំផ្លាញ។ ការទម្លាក់គ្រាប់បែកកាលពីថ្ងៃពុធ នៅក្រុង Kerman មិនស៊ីគ្នាទាល់តែសោះដែលមន្ត្រីអាមេរិក និងចក្រភពអង់គ្លេសប្រកែក។
ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានចោទប្រកាន់អ៊ីស្រាអែលដោយឥតលាក់លៀម ដោយព្រមានថា វានឹងបង់តម្លៃដ៏សែនសោកសៅ»។
វានឹងមិនអាចទៅរួចទេដែលរបបក្រុងតេអេរ៉ង់មិនឆ្លើយតបតាមរបៀបណាមួយនោះសម្រាប់ការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតចាប់តាំងពីការបង្កើតរដ្ឋអ៊ីរ៉ង់ ប៉ុន្តែ Raisi បានផ្តល់ពេលវេលាប្រយុទ្ធខ្លះ ហើយជាពិសេសមិនបានប្តេជ្ញាចិត្តក្នុងការសងសឹកភ្លាមៗនោះទេ ប៉ុន្តែផ្ទុយទៅវិញ «នៅពេលវេលា និងទីកន្លែងសមរម្យ»។
ក្រុមប្រយុទ្ធប្រឆាំងលោកខាងលិចដែលគាំទ្រដោយអ៊ីរ៉ង់ដូចជា ហេសបូឡាហ៍ (Hezbollah) នៅប្រទេសលីបង់ និងកងកម្លាំងហ៊ូធី (Houthi) ក្នុងប្រទេសយេម៉ែន សុទ្ធតែបានបង្ហាញការឈឺចាប់ចំពោះហេតុការណ៍ដែលបានកើតឡើងនេះ។
រដ្ឋអ៊ិស្លាមជាច្រើននៅតំបន់មជ្ឈិមបូព៌ាចេញមុខថ្កោលទោសការបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ង់ដែលបានបណ្តាលឱ្យមនុស្សជាង ១០០ នាក់ស្លាប់ និងរងរបួសជាង ២០០ នាក់។ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែមានកម្តៅខ្លាំងឡើងៗ ខណៈអ៊ីស្រាអែលផ្គើនដំណោះស្រាយអន្តរជាតិ៕