តៃវ៉ាន់​កំពុងតែ​ចងក្រង​ឯកសារ​ស្ដីអំពី​សកម្មភាព​នានា​របស់​ចិន​​ដីគោក​ដែល​តៃវ៉ាន់​ចោទប្រកាន់ថា ជា​ទង្វើ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​នៅ​សប្ដាហ៍​ក្រោយ ហើយ​គ្រោង​នឹង​បោះផ្សាយ​ឯកសារ​វិភាគ​ទាំងនោះ​ភ្លាមៗ​ បន្ទាប់ពី​ការបោះឆ្នោត​។

បើទោះជា​របាយការណ៍​ផ្លូវការ​មិនទាន់​ចេញផ្សាយ​ក៏ដោយ តែ​រដ្ឋាភិបាល​របស់​តៃវ៉ាន់​បានចង្អុលបង្ហាញ​ពី​សម្ពាធ​យោធា និង​សេដ្ឋកិច្ច​ដែល​ខ្លួន​បានទទួល​រង​ពី​ទីក្រុង​ប៉េកាំង​ថា ជា​ភ័ស្តុតាង​នៃ​ការជ្រៀតជ្រែក​នៅមុន​ការ​បោះឆ្នោត​ប្រធានាធិបតី និង​ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី ​១៣ ខែមករា ឆ្នាំ​ ២០២៤ នៅ​ចុង​សប្តាហ៍​ក្រោយ​។

ទោះបីយ៉ាងណា​មិញ​កា​រិ​យា​ល័យ​កិច្ចការបរទេស​ចិន​បាន​ហៅ​ការបោះឆ្នោត​របស់​តៃវ៉ាន់​ថា ជា​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​ សុទ្ធសាធ ហើយ​ថា គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) ដែល​កំពុងកាន់​អំណាច​ទៅវិញ​ទេ​ដែល​ចាត់ទុក​ការឈឺ​ឆ្អា​ល​លើ​បញ្ហា​រួមគ្នា​ថា ជា​ទង្វើ​ជ្រៀតជ្រែក​ផ្ទៃក្នុង​។


ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​ការបោះឆ្នោត​សភា​របស់​កោះ​តៃវ៉ាន់​ គឺ​កំពុងតែ​ធ្វើឡើង​ដោយ​ប្រឆាំងនឹង​ចិនដីគោក​ដែល​ប៉ង​បង្រួបបង្រួម​ប្រទេស​ទោះ​តាម​មធ្យោបាយ​ប្រើប្រាស់​កម្លាំង​កងទ័ព​ក៏ដោយ​។ ការ​ប្រឆាំងនឹង​ចិនដីគោក គឺ​ដោយសារតែ​ចិន​ព្យាយាម​បង្រួប​​បង្រួម​យក​កោះ​តៃវ៉ាន់​ឱ្យក្លាយ​ទៅជា​ចិន​តែមួយ​តាមរយៈ​ការ​ដាក់​បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រកួតប្រជែង​នឹង​គណបក្សកាន់អំណាច​។​

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចិន​បានផ្ដល់​ជម្រើស​ ២ ដល់​តៃវ៉ាន់​សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ​ គឺ​រវាង​សង្គ្រាម​ឬ​សន្តិភាព និង​ថា​តៃវ៉ាន់​បាន​បំភ្លៃ​ព័ត៌មាន​គំរាមកំហែង​យោធា​ពី​ចិន ព្រោះ​ចង់បាន​សន្លឹកឆ្នោត​តែប៉ុណ្ណោះ​។


រដ្ឋមន្ត្រី​ក្រសួងការបរទេស​តៃវ៉ាន់ លោក Joseph Wu បាន​សរសេរ​រៀបរាប់ថា​៖ «​ប្រសិន​​បើ​ប្រទេស​ចិន​ ទទួលបាន​ជោគ​ជ័យ​ក្នុង​ការរៀបចំ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​តៃវ៉ាន់ ចិន​នឹង​អនុវត្ត​យុទ្ធសាស្ត្រ​ដូចគ្នា​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ផ្សេងទៀត​ ដើម្បី​លើកកម្ពស់​សណ្តាប់ធ្នាប់​ជាតិ​ដែល​ខ្លួន​ពេញចិត្ត​»​។

លោក​ក៏បាន​ជំ​រុញឱ្យ​សហគមន៍​អន្តរជាតិ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​បំណង​របស់​ប្រទេស​ចិន ​ក្នុងការ​ធ្វើឱ្យ​ខូច​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​តៃវ៉ាន់​តាមរយៈ​យុទ្ធនា​ការពង្រីក​ឥទ្ធិពល និង​បំប៉ោង​ព័ត៌មាន​មិន​ពិត ដោយ​ធ្វើយ៉ាងណា​ឱ្យ​អ្នកបោះឆ្នោត​តៃវ៉ាន់​មានការ​ភាន់ច្រឡំ​ព័ត៌មាន និង​សម្រេចចិត្ត​ខុស​ទៅ​គាំទ្រ​បេក្ខជន​ណា​ដែល​ចិន​យល់ថា​ខ្លួន​ងាយស្រួល​ក្នុងការ​សន្ទនា​។

គណបក្សកាន់អំណាចរ​បស់​តៃវ៉ាន់​គឺ​បក្ស DPP នឹងត្រូវ​ប្រឈម​ជាមួយ​គូប្រជែង​ដ៏​ធំ​បំផុត​ដែលមាន​ទំនាក់ទំនងជិតស្និទ្ធ​ជាមួយ​ចិន គឺ​គណបក្ស​ KMT ប៉ុន្តែ​លទ្ធផល​យ៉ាងណា​មានតែ​ប្រជាជន​តៃវ៉ាន់​ដែលមាន​សិទ្ធិ​បោះឆ្នោត​ប៉ុណ្ណោះ​ជា​អ្នកសម្រេច​៕