នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី ៤ ខែមករា ដើមឆ្នាំ​ ២០២៤ នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានចេញ​ក្រឹត្យ​មួយ ដែល​អនុញ្ញាតឱ្យ​ជនបរទេស​ដែល​ប្រយុទ្ធ​ដើម្បី​រុស្ស៊ី​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន អាច​ទទួលបាន​សញ្ជាតិ​រុស្ស៊ី​សម្រាប់​ខ្លួន និង​ក្រុមគ្រួសារ​របស់​ពួកគេ​។

បទបញ្ជា​នេះ​ចែងថា​បុគ្គល​ណា​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ក្នុងអំឡុង​ពេលដែល​ទីក្រុង​ម៉ូស្គូ​ឱ្យឈ្មោះ​ថា «​ប្រតិបត្តិការ​យោធា​ពិសេស​» របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន អាចដាក់​ពាក្យស្នើសុំ​ដើម្បី​ទទួលបាន​លិខិតឆ្លងដែន​រុស្ស៊ី​សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់ និង​ប្តី ឬ​ប្រពន្ធ កូន និង​ឪពុកម្តាយ​របស់​ពួកគេ ដោយ​ពួកគេ​គ្រាន់តែ​ត្រូវ​ផ្តល់​ឯកសារ​ដែល​បញ្ជាក់ថា​ពួកគេ​បាន​ចុះឈ្មោះ​ចូល​បម្រើ​រុស្ស៊ី​រយៈពេល​មួយឆ្នាំ​។

អ្នក​ដែល​អាច​ទទួលបាន​សញ្ជាតិ​ពិសេស​នេះ​រួមមាន​អ្នក​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ធម្មតា ឬ ទម្រង់​យោធា​ផ្សេងទៀត​។ ក្នុងនោះ​បទបញ្ជា​នេះ​ក៏​អាចអនុវត្ត​ដូចគ្នា​ចំពោះ​ក្រុម​ដូចជា អង្គការ​ទាហាន​ស៊ីឈ្នួល Wagner​។


វិធានការ​នេះ​ត្រូវបាន​គេ​យល់ថា ទំនងជា​ធ្វើឡើង​ក្រោម​គោលបំណង​បង្កើន​ការលើកទឹកចិត្ត​បន្ថែមទៀត​សម្រាប់​ជនបរទេស​ដែលមាន​បទពិសោធ​យោធា​ដើម្បី​ដាក់ពាក្យ​ចូលរួម​ក្នុង​ជួរ​ទាហាន​រុស្ស៊ី​។

ស្របពេល​ជាមួយគ្នានេះ ទីក្រុង​ម៉ូស្គូ​មិន​ផ្សព្វផ្សាយ​ទិន្នន័យ​អំពី​ចំនួន​ជនបរទេស​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​រុស្ស៊ី​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​នោះទេ​។ ទោះបីជា​យ៉ាងណា បើ​យោងទៅតាម​ការរាយការណ៍​កន្លងមក​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ​បានឱ្យដឹងថា ជនជាតិ​គុយបា​ដែល​បាន​ចុះឈ្មោះ​ចូល​បម្រើ​យោធា​រុស្ស៊ី​ជា​ថ្នូរ​នឹង​ប្រាក់រង្វាន់​ដែល​ស្មើ ឬ​ច្រើនជាង ១០០​ ដង​នៃ​ប្រាក់បៀវត្សរ៍​យោធា​មធ្យម​គុយបា​ប្រចាំខែ​។


បើតាម​ប្រភព​ដែល​ច្បាស់ការ​ពី​ការស៊ើបអង្កេត​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រកា​លពី​ខែ​មុន បានឱ្យដឹងថា​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក​បង្ហាញ​ថា​សង្គ្រាម​អ៊ុយ​ក្រែ​ន​បានធ្វើឱ្យ​កងទ័ព ​រុស្ស៊ី​ស្លាប់ និង​របួស​ចំនួន ៣១៥០០០​នាក់ ឬ​ក្បែរ ៩០​ភាគរយ នៃ​ចំនួន​ទ័ព​ដែល​រុស្ស៊ី​មាន​នៅពេល​ជម្លោះ​បានចាប់ផ្តើម​។

គួរ​ជម្រាប​ថា​រុស្ស៊ី​បាន​ពង្រាង​ទាហាន​បន្ថែម ៣០​ ម៉ឺន​នាក់​នៅ​ខែកញ្ញា ឆ្នាំ ២០២២ ក្នុងការ​ចល័ត​ទ័ព​លើកដំបូង​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២​ហើយ​ការបន្ថែម​ទ័ព ត្រូវបាន​គេ​រំពឹងទុក​ថា អាច​ធ្វើឡើង​ម្តងទៀត​ដែល​ទំនងជា​បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​បន្ទាប់​ក្នុង​ខែមីនា​ឆ្នាំ​២០២៤ ដែល​លោកពូ​ទីន គ្រោង​នឹង​ក្តាប់​អំណាច​នៅ​អាណត្តិ​ទី​៦​។

ដោយឡែក​ពី​សំណាក់​វិមាន​ក្រឹម​ឡាំង​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា មិនចាំបាច់​មានការ​ចល័ត​ទ័ព​ទៀត​ទេ ដ្បិតអី​បុរស​រាប់សែន​នាក់​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ស្ម័គ្រចិត្ត​កាលពី​ឆ្នាំមុន ដើម្បី​ក្លាយជា​ទាហាន​អាជីព​។ យ៉ាងណា​គិត​ត្រឹម រយៈពេល ២២​ខែ​នៃ​សង្គ្រាម​ទាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន មិនបាន​បង្ហាញ​ពី​ទំហំ​នៃ​ការខាតបង់​របស់ខ្លួន​ឡើយ​៕​