ប្រទេស​ចិន​​​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បាន​​ប្រកាស​​ដាក់​​ទណ្ឌកម្ម​​លើ​ក្រុមហ៊ុន​​​ទាក់​ទង​នឹង​វិស័យ​ការពារ​ជាតិ​រ​អាមេរិក​ចំនួន​៥​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លក់​អាវុធ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​តៃវ៉ាន់​ និង​​ការ​ដាក់​ទណ្ឌ​កម្ម​របស់​មហា​អំណាច​ដដែលនេះ​​ទៅ​លើ​ក្រុមហ៊ុន ​និង​បុគ្គល​​ចិន​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

​ក្រសួង​ការ​បរទេស​ចិន​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​បាន​បង្ហោះ​តាម​អ៊ីនធឺណិត​ថា​  ទ​ណ្ឌ​កម្ម​នេះ​ នឹង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​​​ក្រុមហ៊ុន​​ទាំង​៥​ ដែល​មាន​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​ហាម​ឃាត់​អង្គការ​ និង​បុគ្គល​នៅ​ក្នុង​ប្រទេស​ចិន​ មិន​ឱ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ពួក​គេ​ឡើយ​។​

ក្រុម​ហ៊ុន​ទាំង​នោះ​រួម​មាន៖​ ក្រុមហ៊ុន​ឧស្សាហកម្ម​ការពារជាតិ​​ BAE Systems Land and Armament, ក្រុម​ហ៊ុនអវកាស​ការពារ​ជាតិ​​​ Alliant Techsystems Operation, ក្រុមហ៊ុន​​ផលិតដ្រូន​​​AeroVironment, ក្រុមហ៊ុនផ្ដល់​សេវា​កម្ម​អ៊ិនធឺណិត​​​ ViaSat​និង​ក្រុមហ៊ុនផ្ដល់​សេវា​កម្ម​ពាក់​ព័ន្ធ​នឹង​ទិន្នន័យ​​​Data Link Solutions ។


ក្រសួង​ការ​បរទេស​ចិន​ដដែល​ បាន​និយាយ​ថា​ ទង្វើ​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អធិបតេយ្យភាព​ និង​ផល​ប្រយោជន៍​សន្តិសុខ​របស់​ប្រទេស​ចិន​ បំផ្លាញ​សន្តិភាព​ និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ​និង​រំលោភ​សិទ្ធិ​ និង​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន ​និង​បុគ្គល​ចិន​។​

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​បន្ត​​ថា​៖ «​រដ្ឋាភិបាល​ចិន​នៅ​តែ​មិន​ផ្លាស់​ប្តូរ​ក្នុង​ការ​តាំង​ចិត្ត​​ដើម្បី​ការពារ​អធិបតេយ្យ​ភាព​ជាតិ​ សន្តិសុខ ​និង​បូរណភាព​ទឹក​ដី​ និង​ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ក្រុម​ហ៊ុន​ និង​ប្រជាពលរដ្ឋ​ចិន​»​។ 


ការ​ប្រកាស​ទណ្ឌកម្ម​របស់​ចិន​នា​ពេល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​​សហរដ្ឋ​អាមេរិក​​​​អនុម័ត​ការ​លក់​​សេវាកម្ម​​​​ផ្នែក​ទំនាក់​ទំនង​ និង​ឧបករណ៍​​ទាក់​ទង​នឹង​វិស័យ​ការពារ​ជាតិ​​ទៅ​ឱ្យ​តៃវ៉ាន់ ក្នុង​តម្លៃ​ប្រហែល​ ៣០០លាន​ដុល្លារ​កាល​ពី​ខែ​មុន​។​ កាល​​នោះ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ Wang Wenbin​បាន​ព្រមាន​ហើយ​ថា​ ប្រទេស​ចិន​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ដែល​ពាក់​ព័ន្ធ​​នឹង​ការ​លក់​នេះ​។ 

​តៃវ៉ាន់​ ​​​​​គឺ​​ជា​បញ្ហា​​​​​​សំខាន់​​មួយ​​ក្នុង​​ទំនាក់​ទំនង​​អាមេរិក​ ​និង​​ចិន​ ដែល​​អ្នក​វិភាគ​​បារម្ភ​ថា​​អាច​​ផ្ទុះ​​ទៅ​ជា​​ជម្លោះ​​យោធា​​រវាង​​មហា​អំណាច​​ទាំង​​២​។ ​ចិន​​ចាត់​ទុក​​​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ ហើយ​​ចាត់​ទុក​ការ​លក់​អាវុធ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​​កោះ​នេះ​ គឺជា​ការ​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់ចិន៕​