ក្រសួងការពារជាតិរ​បស់​កោះ​តៃវ៉ាន់​ កាលពី​ថ្ងៃទី ៦ មករា ​កន្លងទៅ បាន​ចោទប្រកាន់​ប្រទេស​ចិន ថា​បាន​គំរាមកំហែង​សុវត្ថិភាព​វិស័យ​អាកាសចរណ៍​ តាមរយៈ​ការ​បង្ហោះ​បា​ឡុង​ចារកម្ម​ នៅ​ពីលើ​ដែន​កោះ​នេះ។

យ៉ាងណាមិញ ​ការ​បង្ហោះ​បា​ឡុង​របស់​ចិន ​នេះ​ធ្វើឡើង​ ស្របពេល​ដែល​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ តៃវ៉ាន់​ កាន់តែ​កៀក​ចូល​មកដល់។ ម្ល៉ោះហើយ ​តៃវ៉ាន់ ​ចាត់ទុក​ទង្វើ​របស់​ចិនដីគោក​ បែបនេះ​ ថា​ ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ប្រជាជាតិ​កោះ​តៃវ៉ាន់​ទាំងមូល។

តៃវ៉ាន់ ​ឯណោះ​ក៏​កំពុងមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សកម្មភាព​យោធា និង​ នយោបាយ​របស់​ចិន​នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី និង​បោះឆ្នោត​សភា​ នៅ​ថ្ងៃទី ១៣ ខែមករា។ កោះ​ តៃវ៉ាន់ ​បាន​អះអាងថា ​ប្រទេស​ចិន ​កំពុង​ដាក់​សម្ពាធ​ផ្នែក​យោធា​ និង ​សេដ្ឋកិច្ច​ដល់​ខ្លួន​ដែល​ស្មើ​ទៅនឹង​ការប៉ុនប៉ង​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត។


ជាការ​ជ្រៀតជ្រែក​សម្រាប់​កោះ​តៃវ៉ាន់ ​ប៉ុន្តែ​ សម្រាប់​ចិន ​ការ​លូកដៃ​ចូលក្នុង​រឿង​បោះឆ្នោត​នេះ​ជាការ​ឈឺឆ្អាល​លើ​បញ្ហា​រួម។ ជា​បញ្ហា​រួម​ព្រោះ​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ ជា​ទឹកដី​របស់ខ្លួន ​ខណៈ​តៃវ៉ាន់ ​ច្រានចោល​ការទាមទារ​នេះ។

អនុ​ប្រធានាធិបតី​តៃវ៉ាន់​លោក Lai Ching-te ដែលជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​កាន់អំណាច (DPP) បាន​និយាយថា​ចិន​កំពុងតែ​ប្រើប្រាស់​អាវុធ​ចិត្តសាស្ត្រ​ដាក់​តៃវ៉ាន់​និង​ពិភពលោក​តាមរយៈ​ការ​បំផុស​ព័ត៌មាន​ក្លែង​ក្លាយជា​បន្តបន្ទាប់។


បើទោះជា​យ៉ាងនេះ​ក្ដី​លោក Lai Ching-te នៅតែមាន​ជំនឿ​ចិត្ត​ចំពោះ​ប្រជាជន​តៃវ៉ាន់​ទាំង២៣លាន​នាក់​និង​នៅតែ​បង្ហាញ​ចំហរ​មិន​ចុះ​ញ​ម​ជាមួយ​របប​ផ្ដាច់ការ​របស់​ចិនដីគោក។

ដោយឡែក​ ចិន ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​នូវ​បច្ចេកទេស​ក្នុងការ​ប្រើប្រាស់​បា​ឡុង​ចារកម្ម​ដើម្បី​ស៊ើប​ការសម្ងាត់​នានា។

កាលពី​ខែកុម្ភៈ​ ឆ្នាំមុន ​អាមេរិក ​ក៏បាន​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន​ផងដែរ ​ប៉ុន្តែ​ត្រូវបាន​ចិន​បដិសេដថា ​បា​ឡុង​នោះ​មិនមែនជា​បា​ឡុង​ចារកម្ម​នោះទេ​ ហើយ​វា​បាន​រសាត់​ទៅដល់​តំបន់​នោះ​ដោយ​ចៃដន្យ​តែប៉ុណ្ណោះ។

​ចាប់តាំងពី​ខែធ្នូ ឆ្នាំ ២០២៣ ក្រសួងការពារជាតិរ​បស់​តៃវ៉ាន់​ បាន​រាយការណ៍​នូវ​ករណី​ជាច្រើន​នៃ​បា​ឡុង​របស់​ចិន ​ដែល​ហោះ​ពាសពេញ​ច្រក​សមុទ្រ​របស់ខ្លួន។

ក្រសួងការពារជាតិ​ថែមទាំង​បាន​និយាយ​ កាលពី​សប្តាហ៍​មុន​ ទៀតថា​ បា​ឡុង​មួយចំនួន​បាន​ហោះ​នៅក្បែរ​មូលដ្ឋាន​ទ័ពអាកាសសំខាន់៕