នៅរយៈពេលមិនដល់មួយសប្តាហ៍ទៀតទេពោលគឺ នៅថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២៤ ខាងមុខនេះ ប្រជាជនកោះតៃវ៉ាន់ ប្រមាណ ១៩ លាន ៥សែននាក់ ដែលមានសិទ្ធិបោះឆ្នោត នឹងចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតី និង តំណាងនៅសភា សម្រាប់អាណត្តិក្រោយទៀតដែលការបោះឆ្នោតនេះជាជម្រើសមួយដ៏មានសារសំខាន់របស់ប្រជាជន តៃវ៉ាន់ ក្នុងការរក្សាស្ថេរភាពសង្គម។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។
ប្រភពដដែលបានបន្តថា ប្រជាជនតៃវ៉ាន់នឹងធ្វើការបោះឆ្នោតជ្រើសរើសសមាជិកសភារបស់ខ្លួនដែលមានប្រមាណ ១១៣ កៅអី ក្នុងចំណោម ១៨ ម៉ឺន ទីស្នាក់ការបោះឆ្នោតនៅទូទាំង កោះតៃវ៉ាន់ នៅពាក់កណ្តាល ខែមករា ឆ្នាំ ២០២៤ នេះ។
លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ប្រធានាធិបតីរបស់កោះតៃវ៉ាន់មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) នឹងលាលែងពីតំណែង នៅអំឡុង ខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ បន្ទាប់ពី លោកស្រីបានកាន់តំណែងជាប្រធានាធិបតីកោះតៃវ៉ាន់ចំនួន២អាណត្តិរួចមួយហើយ។
ការបោះឆ្នោតរបស់កោះតៃវ៉ាន់អាណត្តិក្រោយសម្រាប់ជំនួសតំណែង លោកស្រី សៃ អ៊ីងវេនប្រធានាធិបតីកោះតៃវ៉ាន់ គឺមានបេក្ខភាពឈរឈ្មោះបោះឆ្នោតមានដូចជា លោក ឡាយឈីងតេ (Lai Ching-te) អនុប្រធានាធិបតីតៃវ៉ាន់ មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ, លោក ហ៊ូយ៊ូអ៊ី (Hou Yu-ih) មកពីគណបក្សគូមីងតាងដែលជាគណបក្សប្រឆាំងដ៏ធំមួយរបស់កោះតៃវ៉ាន់ និង លោកកូវ៉ិនជេ (Ko Wen-je) បេក្ខភាពមកពីបក្សប្រជាជនតៃវ៉ាន់ (TPP)។
លោក ឡាយ ឈីងតេ ជា បេក្ខភាពមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់ លោកស្រី សៃអ៊ីងវេន ដែលលោកគឺជា អតីតវេជ្ជបណ្ឌិតមួយរូប។ រូបលោកបានប្រឡូកចូលក្នុងឆាកនយោបាយប្រមាណ ៣០ ឆ្នាំមកហើយ។ លោក ក៏ជាសមាជិកសភាមកពីខេត្តតៃណានភាគខាងត្បូងកោះតៃវ៉ាន់និងក្រោយមកទៀតបានក្លាយជាអភិបាលក្រុងនៅទីនោះផ្ទាល់តែម្តង។
ចំណែក លោក ហ៊ូយ៊ូ អ៊ី គឺជាអតីតមេប៉ូលីសកោះតៃវ៉ាន់។ រូបលោកបានប្រឡូកចូលក្នុងឆាកនយោបាយរបស់កោះតៃវ៉ាន់ប្រមាណ ១៤ឆ្នាំ មកហើយក្នុងនាមជាអភិបាលរងក្រុង New Taipei។ ខណៈលោក កូវ៉ិនជេ ក៏ជាអតីតគ្រូពេទ្យវះកាត់មួយរូប។ រូបលោកបានឈានជើងចូលជាអ្នកនយោបាយនៅពេលលោកទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុង Taipei ក្នុងឆ្នាំ ២០១៤ ក្នុងនាមជាបេក្ខភាពឯករាជ្យមួយរូប។
ទំនាក់ទំនងរបស់កោះតៃវ៉ាន់ជាមួយចិនដីគោកគឺជាបញ្ហាមួយដ៏ក្តៅគគុករហូតមកទល់ពេលបច្ចុប្បន្ននេះដែលអ្នកនយោបាយនិងប្រជាជនតៃវ៉ាន់ទាំងអស់ត្រូវដោះស្រាយជាពិសេសក្នុងអំឡុងពេលការបោះឆ្នោតជាតិរបស់ខ្លួនដូចពេលនេះដែរក្នុងការជ្រើសរើសមេដឹកនាំរបស់ពួកគេ៕