អង់គ្លេស​ដែល​ជាសត្រូវ​​​ចម្បង​របស់រុស្ស៊ី​​ក្នុងសង្គ្រាម​នៅ​អ៊ុយក្រែន ​នៅ​ថ្ងៃទី ​៧ ​ខែ​មករា​នេះ ​បាន​ឱ្យ​ដឹង​ថា​ ខ្លួន​​​គ្រោង​នឹង​ចំណាយ​ប្រាក់ ៣០០ លាន​ផោន សម្រាប់​អភិវឌ្ឍន៍​​កម្មវិធី​ថ្មី​មួយ​ដើម្បី​ផលិត​ឥន្ធនៈ​នុយក្លេអ៊ែរ​កម្រិត​ខ្ពស់​ចុងក្រោយ​​​ដែល​សមរម្យ​សម្រាប់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ផលិត​ថាមពល​ជំនាន់​ក្រោយ​ ខណៈ​​ អង់គ្លេស ​​​ស្វែងរក​ការដកខ្លួន​ពី​ការ​ពឹង​ផ្អែក​លើ​វិស័យ​ថាមពល​លើ​​ប្រទេស​រុស្ស៊ី។ 

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ផ្សាយ​ថា ​អង់គ្លេស​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាង ២០ ​រួមទាំង​សហរដ្ឋអាមេរិក បារាំង និង​កូរ៉េខាងត្បូង​ផងដែរ ដែលថ្មីៗនេះ​បាន​ចុះហត្ថលេខា​លើ​ការសន្យា​ដើម្បី​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​ពិភពលោក​បី​ដង​​រហូត​ដល់​ឆ្នាំ ​២០៥០ ​​ដែលជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​​ជា​​អន្តរជាតិ ​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​ដែល​បំផ្លាញ​អាកាសធាតុ។

​នៅ​ក្នុ​ងសេចក្តី​ថ្លែង​ការណ៍​មួយចុះ​​ថ្ងៃទី៧​ ខែមករា ចក្រភព​អង់គ្លេស​បាន​និយាយថា ការវិនិយោគ​ថ្មី​របស់ខ្លួន​នឹង​ជួយ​គាំទ្រ​ដល់​ការផលិត​ក្នុងស្រុក​នូវ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ដែល​ចម្រាញ់​បាន​កម្រិត​ទាប (HALEU) ដែលជា​ប្រភេទ​ឥន្ធនៈ​ដែល​បច្ចុប្បន្ន​ផលិត​ក្នុង​កម្រិត​ពាណិជ្ជកម្ម​ដោយ​ប្រទេស​រុស្ស៊ី​​តែប៉ុណ្ណោះ។


​ប្រទេស​ជា​ច្រើន​នៅ​តំបន់​​​អឺរ៉ុប​​ រួម​ទាំង​​អង់គ្លេស​​​ដែលទើប​ចាក​ចេញ​ពី​អឺរ៉ុប បាន​ព្យាយាម​កាត់បន្ថយ​ការពឹងផ្អែក​ថាមពល​​​លើ​មហាអំណាច​​រុស្ស៊ី ចាប់តាំងពី​កងកម្លាំង​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ ឆ្នាំ២០២២​។

នាយកដ្ឋាន​សន្តិសុខ​ថាមពល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖«ការចាប់ផ្តើម​កម្មវិធី​ចម្រាញ់​អ៊ុយរ៉ា​ញ៉ូម HALEU នឹង​អាចឱ្យ​ចក្រភព​អង់គ្លេស​ផ្គត់ផ្គង់​​ទៅ​កាន់​ពិភពលោក​ជាមួយនឹង​ប្រេងឥន្ធនៈ​នុយក្លេអ៊ែរ​ពិសេស និង​ធ្វើឱ្យ​រុស្ស៊ី​របស់លោក​ពូ​ទីន​នៅ​ដាច់​ដោយ​ឡែក»។


សេចក្តីថ្លែងការណ៍​បាន​និយាយថា រោងចក្រ​ផលិត​ដំបូង​គេ​គ្រោង​នឹង​ដំណើរការ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ២០៣០​ នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​អង់គ្លេស៕​