ជម្លោះការទូតរវាងបស្ចិមលោក និងរុស្ស៊ីកំពុងតែអង្រួនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ជុំវិញការផ្គត់ផ្គង់អាវុធដល់រុស្ស៊ីពីសំណាក់កូរ៉េខាងជើង និងការផ្គត់ផ្គង់អាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន។
សមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនឹងពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងដល់ប្រទេសរុស្ស៊ីនៅថ្ងៃទី១០ ខែមករា ខណៈស្ថាប័នកំពូលមួយនេះក៏នឹងបើកកិច្ចប្រជុំលើការស្នើរបស់រុស្ស៊ីលើការផ្គត់ផ្គង់អាវុធរបស់បស្ចិមលោកដល់ប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីឈ្លានពានអស់រយៈពេលជិត២ឆ្នាំ។
យោងតាមការផ្សាយរបស់ kyivindependent.com លោក Sergiy Kyslytsya តំណាងអចិន្រៃ្តយ៍របស់ប្រទេសអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិ បានប្រកាសនៅលើបណ្តាញសង្គម X ឱ្យដឹងថា ក្រុមប្រឹក្សាអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំលើការផ្គត់ផ្គង់អាវុធរបស់កូរ៉េខាងជើង បន្ទាប់ពីអ៊ុយក្រែនបានប្តឹង។
សារព័ត៌មានខាងលើ បានដកស្រង់ខ្លឹមសារដែលលោក Kyslytsya ថា៖«បញ្ហានៃការផ្គត់ផ្គង់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងដល់ប្រទេសរុស្ស៊ី និងការប្រើប្រាស់របស់ពួកគេប្រឆាំងនឹងអ៊ុយក្រែន នឹងក្លាយជាប្រធានបទនៃការពិភាក្សានៅថ្ងៃទី១០ ខែមករា នៅក្នុងកិច្ចប្រជុំដែលបានកោះប្រជុំដោយមានការសម្របសម្រួលជាមួយអ៊ុយក្រែនដោយសមាជិកដៃគូនៃក្រុមប្រឹក្សាសន្តិសុខ»។
ប៉ុន្តែដើម្បីវាយបកតាមមធ្យោបាយការទូត ក្រសួងការបរទេសរុស្ស៊ីក៏បានដាក់ពាក្យប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីដោះស្រាយលើការផ្គត់ផ្គង់អាវុធរបស់ប្រទេសលោកខាងលិចដល់ប្រទេសអ៊ុយក្រែន។
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានផ្សាយនៅថ្ងៃទី៦ ខែមករា ដោយដកស្រង់ប្រភពមួយនៅអង្គការសហ-ប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំនៅថ្ងៃទី២២ ខែមករា ទាក់ទងនឹងការផ្គត់ផ្គង់អាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន តបតាមការស្នើរបស់ភាគីប្រទេសរុស្ស៊ី។
TASS បានផ្សាយថា៖«កិច្ចប្រជុំស្តីពីការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចត្រូវបានស្នើឡើងសម្រាប់ថ្ងៃទី២២ ខែមករា»។
យោងតាម kyivindependent ភាគីអ៊ុយក្រែនបានស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីការថ្លែងរបស់ឯកអគ្គរដ្ឋទូតអាមេរិក Linda Thomas-Greenfield ដែលបានអះអាងថា សហរដ្ឋអាមេរិកមានព័ត៌មានថ្មីអំពីសព្វាវុធដែលរុស្ស៊ីទទួលបានពីប្រទេសទី៣ដើម្បីគាំទ្រការបំផ្លាញអ៊ុយក្រែន។
យោងតាមលោក ThomasGreenfield ថ្មីៗនេះ កូរ៉េខាងជើងបានផ្ទេរកាំជ្រួច និងមីស៊ីលផ្លោងរាប់សិបគ្រឿងទៅកាន់ប្រទេសរុស្ស៊ី។
រុស្ស៊ី និងអ៊ុយក្រែន បានបើកការប្រយុទ្ធដោយផ្លោងដាក់គ្នាយ៉ាងខ្លាំងនៅមុនឆ្លងឆ្នាំ២០២៣ ដែលសម្លាប់ និងបង្ករបួសដល់ជនស៊ីវិលច្រើននាក់។
មន្ត្រីអ៊ុយក្រែន លោក Kyslytsya បានលើកឡើងថា សហរដ្ឋអាមេរិកជឿថា «រុស្ស៊ីនឹងប្រើប្រាស់មីស៊ីលបន្ថែមពីកូរ៉េខាងជើង ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន កាន់តែច្រើន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន»។
អាមេរិកវាយតម្លៃថា ជាថ្នូរនឹងការផ្គត់ផ្គង់មីស៊ីលផ្លោងដល់ប្រទេសរុស្ស៊ី កូរ៉េខាងជើងស្វែងរកយន្តហោះចម្បាំងរុស្ស៊ី មីស៊ីលបាញ់ពីដីទៅអាកាស រថពាសដែក សម្ភារផលិតមីស៊ីលផ្លោង និងបច្ចេកវិទ្យាយោធាទំនើបៗផ្សេងទៀត។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានលើកឡើងថា ការចោទប្រកាន់របស់បណ្តាប្រទេសលោកខាងលិចអំពីកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាខុសច្បាប់រវាងរុស្ស៊ី និងកូរ៉េខាងជើង គឺគ្មានមូលដ្ឋាន និងគ្មានហេតុផល៕