បេសកកម្មសង្កេតមើលព្រះអាទិត្យរបស់ប្រទេសឥណ្ឌានៅថ្ងៃទី៦ ខែមករាឆ្នាំ២០២៤ បានឈានចូលទៅក្នុងគន្លងរបស់ព្រះអាទិត្យ បន្ទាប់ពីការធ្វើដំណើររយៈពេល ៤ ខែ ហើយក៏ជាជោគជ័យចុងក្រោយបំផុតសម្រាប់មហិច្ឆតារុករកអវកាសរបស់ប្រទេសដែលមានប្រជាជន ច្រើនបំផុតនៅលើពិភពលោកមួយនេះ។
បេសកកម្ម Aditya-L1 របស់ឥណ្ឌាត្រូវបានដាក់ឱ្យដំណើរការកាលពីខែកញ្ញាឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះ កំពុងផ្ទុកឧបករណ៍ជាច្រើនដើម្បីវាស់ស្ទង់ និងសង្កេតមើលស្រទាប់ខាងក្រៅរបស់ព្រះអាទិត្យ។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ឥណ្ឌា លោក Jitendra Singh បានឱ្យដឹងនៅលើបណ្តាញសង្គមថាការស៊ើបអង្កេតនេះបានឈានដល់គន្លងចុងក្រោយរបស់ខ្លួនហើយ «ដើម្បីស្វែងរកអាថ៌កំបាំងនៃទំនាក់ទំនងរវាងព្រះអាទិត្យ និងផែនដី»។
សហរដ្ឋអាមេរិក និងទីភ្នាក់ងារអវកាសអឺរ៉ុបបានបញ្ជូនយានអវកាសជាច្រើនទៅកាន់មជ្ឈមណ្ឌលប្រព័ន្ធព្រះអាទិត្យចាប់តាំងពីកម្មវិធី Pioneer របស់ Nasa ក្នុងទសវត្សរ៍ឆ្នាំ១៩៦០។
ចំណែកនៅអាស៊ី ប្រទេសជប៉ុន និងចិនបានដាក់បេសកកម្មសង្កេតមើលព្រះអាទិត្យរបស់ខ្លួនបានត្រឹមគន្លងផែនដីប៉ុណ្ណោះ។ ដោយឡែកបេសកកម្មចុងក្រោយបង្អស់របស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា គឺជាបេសកកម្មដំបូងគេ ប្រចាំទ្វីបអាស៊ីដែលបានដាក់យានអវកាសចូលក្នុងគន្លងជុំវិញព្រះអាទិត្យដោយជោគជ័យ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអបអរសាទរដោយលើកឡើងថា វាជាអ្វីដែលតំណាងឱ្យប្រទេសរបស់ខ្លួនថ្មីមួយទៀត ពោលគឺនៅក្នុងកម្មវិធីអវកាស។ លោកបានបន្ថែមនៅលើបណ្តាញសង្គមថា វាគឺជាសក្ខីភាពមួយចំពោះការលះបង់ឥតឈប់ឈររបស់អ្នកវិទ្យាសាស្ត្រឥណ្ឌា។
យាន Aditya ដែលត្រូវបានគេដាក់ឈ្មោះតាមអាទិទេពព្រះអាទិត្យហិណ្ឌូបានធ្វើដំណើរចម្ងាយ ១,៥ លានគីឡូម៉ែត្រ ពីផែនដី ខណៈនៅតែសល់តែ ១% ទៀតប៉ុណ្ណោះនៃចម្ងាយរវាងភពផែនដីរបស់មនុស្សជាតិ និងផ្កាយដែលនៅចំកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ។
បេសកកម្មនេះក៏មានគោលបំណងស្វែងយល់ពីសក្តានុពលនៃបាតុភូតព្រះអាទិត្យផ្សេងទៀតតាមរយៈការថតរូបភាព និងវាស់ភាគល្អិតនៅក្នុងបរិយាកាសខាងលើរបស់ព្រះអាទិត្យ។ ឥណ្ឌាមានកម្មវិធីអវកាសដែលមានតម្លៃទាបបំផុតមួយហើយទំហំ និងសម្ទុះនៃកម្មវិធីរបស់ប្រទេសនេះបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីបានបញ្ជូនយានអវកាសដំបូងចូលទៅក្នុងគន្លងវិលជុំវិញព្រះចន្ទក្នុងឆ្នាំ២០០៨៕