ប៉ូលិស​វៀតណាម​បាន​ចាប់​ខ្លួន​បុរសនៅ​​​ខេត្ត​​​ Quang Ngai ម្នាក់​ ​​​​ដែល​ជាប់​ចោទ​ថា​ជា​ឃាតករ​​​​​​សម្លាប់​​មនុ​ស្ស​ ៦ ​នាក់​ កាល​ពី​ ៤៣ ឆ្នាំ​មុន​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress កាល​ពី​ថ្ងៃ​សៅរ៍​ ទី​ ៦ ខែមករា ឆ្នាំ​ ២០២៤​។ ​​

បុរស​ម្នាក់​នោះ​ ឈ្មោះ​ Phan​ Thanh Viet ​អាយុ​ ៧១ ​ឆ្នាំ​។ លោក​​ត្រូវ​​បាន​​ចាប់​ខ្លួន​នៅ​ទីក្រុង​ Ca Mau ​ភា​គ​ខាង​ត្បូង​ប្រទេសវៀតណាម​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​​ប៉ូលិសខេត្ត​ Quang Ngai ​ដើម្បី​​ស៊ើប​អង្កេត​ពី​បទ​​ប្លន់​​សម្លាប់​។

​VnExpress បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​អ្នក​ស៊ើប​អង្កេត​​ម្នាក់​ ដែល​បាន​និយាយ​ថា​ រូប-​រាង​របស់​លោក​ Viet ​​មិន​សូវ​ជា​​ផ្លាស់​ប្ដូរ​ប៉ុន្មាន​​ទេក្នុង​រយៈ​ពេល​ ៤៣ ​ឆ្នាំ​ ចុង​ក្រោយ ដែល​គេ​តាម​​ចាប់​ខ្លួន​លោក​​នេះ​។ ​លោក​មាន​លក្ខណៈ​សម្គាល់​ជាច្រើន​ រួម​ទាំង​​អត់​មាន​ម្រាម​ដៃ​មួយ​ចំនួន​។ ​អ្នក​ស៊ើប​អង្កេត​បន្ត​ថា​ លោក​ Viet បា​ន​​សារភាព​​​​ភ្លាម​ៗ​​ចំពោះ​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​ នៅ​ពេល​ចាប់​ខ្លួន​។​


នៅ​ខែ​មេសា ​ឆ្នាំ​ ១៩៨១ លោក​ Viet​ និង​បក្ខ​ពួក​​ ៤ ​នាក់​ផ្សេង​ទៀត​នៅ​ខេត្ត​ Quang Ngai ​បាន​​បង្កើត​ផែនការ​ ដើម្បី​បញ្ចុះបញ្ចូលឱ្យ​ប្រជាជន​​​​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​តាម​ទូក​ ​ហើយ​សម្លាប់​ពួក​គេ​ដើម្បី​លួច​ទ្រព្យ​សម្បត្តិ​។​ 

បក្ខពួក​ទាំង ​៥ ​នាក់​ដដែល​ បាន​​ជីក​រណ្ដៅ​​មួយ​នៅ​លើ​ឆ្នេរ​សមុទ្រ ហើយ​​បន្ទាប់​មក​បាន​ល្បួង​​មនុស្ស​ដែល​មាន​បំណង​ចំណាក​ស្រុកចំនួន​​ ៦ នាក់ ឱ្យ​​ទៅ​​ម្ដុំ​នោះ​ ​​ដោយ​​ប្រាប់​​ពួក​គេ​​​ថា​ ​នឹង​មាន​កប៉ាល់​​មួយ​​​​មក​​ដឹក​​ពួ​ក​គេ​​ចេញ​ទៅ​នៅ​ពេល​យប់​។ ​​


ប៉ុន្តែ​​ពេល​​ជ​ន​​រង​​គ្រោះ​​បង្ហាញ​​​ខ្លួន​ ក្រុម​​របស់​លោក​ Viet​ ក៏​បាន​សម្លាប់​​ពួក​គេ​ចោល​ទាំង​អស់​ ហើយ​បោះ​សាក​សព​​ជន​រងគ្រោះ​ចូល​​​ទៅ​ក្នុង​រណ្ដៅ​ដែ​ល​​ខ្លួន​ជីក​​សម្រាប់​ក​ប់​​។ ក្រោយ​​មក​ បក្ខពួក​ឧក្រិដ្ឋ​ជន​ទាំង ​៥ ​នាក់​ដដែល​ បាន​​​​លួច​​មាស​ និង​​ប្រមូល​​របស់​​របរ​​ផ្សេង​​ទៀត​ ដើម្បី​​​ចែក​គ្នា ​មុន​ពេល​​ពួក​គេ​​រត់​គេច​ខ្លួន​​ទៅច្រើន​កន្លែង៕