នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍ថា ក្រសួងការពារជាតិតៃវ៉ាន់បានចោទប្រកាន់ប្រទេសចិនពីបទគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ និងការព្យាយាមធ្វើសង្គ្រាមចិត្តសាស្ត្រតាមរយៈការបង្ហោះបាឡុងចារកម្មនៅក្បែរ និងនៅលើដែនអាកាសរបស់កោះតៃវ៉ាន់ ដែលសកម្មភាពទាំងអស់នេះ កើតឡើងចំពេលដែលតៃវ៉ាន់កំពុងរៀបចំការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែមករា.
កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ប្រទេសចិនបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងមកហើយ បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងមួយរបស់ចិនដែលបានហោះចូលដែនអាកាសរបស់អាមេរិក។ សហរដ្ឋអាមេរិកបានអះអាងថា នោះគឺជាបាឡុងចារកម្មរបស់ចិន ប៉ុន្តែចិនបានឆ្លើយតបថា វាគ្រាន់តែជាបាឡុងស៊ីវិលដែលបានរសាត់ចេញដោយចៃដន្យតែប៉ុណ្ណោះ.
នៅមុនការបោះឆ្នោតប្រធានាធិបតីនិងសភានៅពាក់កណ្ដាលខែមករាខាងមុខនេះ តៃវ៉ាន់កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ទៅលើសកម្មភាពយោធា និងការផ្លាស់ប្ដូរនយោបាយរបស់ចិន។
តៃវ៉ាន់បានប្រកាសថា ចិនកំពុងព្យាយាមជ្រៀតជ្រែកចូលក្នុងការបោះឆ្នោត ដោយប្រើប្រាស់កម្លាំងយោធា និងឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន។ កន្លងមក ចិនតែងតែចាត់ទុក និងទាមទារកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់បានបដិសេធចំពោះការទាមទារនេះ.
ចាប់តាំងពីខែមុន ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ពីការកើនឡើងនៃចំនួនបាឡុងរបស់ចិនជាច្រើន បានហោះចូលច្រកសមុទ្រតៃវ៉ាន់។ នៅសប្តាហ៍នេះ បាឡុងមួយចំនួនបានហោះពីលើកោះតៃវ៉ាន់ នៅជិតមូលដ្ឋានទ័ពអាកាសតែម្ដង។ ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសនៅថ្ងៃសៅរ៍នេះថា បាឡុងទាំងអស់នោះបានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សុវត្ថិភាពអាកាសចរណ៍អន្តរជាតិ.
ក្រសួងបានបញ្ជាក់ថា៖ «យើងសូមថ្កោលទោសពួកកុម្មុយនីស្តចិនចំពោះការមិនខ្វាយខ្វល់ពីសុវត្ថិភាពអាកាសចរណ៍ និងការបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ និងជើងហោះហើរអន្តរជាតិមួយចំនួន»។
តៃវ៉ាន់បានកត់សម្គាល់ថា បាឡុងទាំងអស់នោះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ចិន ដើម្បីជះឥទ្ធិពលទៅលើផ្នត់គំនិតរបស់ប្រជាជនតៃវ៉ាន់.
នៅក្នុងសេចក្ដីថ្លែងការណ៍ដោយឡែកមួយរបស់តៃវ៉ាន់ក្នុងថ្ងៃសៅរ៍នេះបានឱ្យដឹងថា តៃវ៉ាន់បានរកឃើញបាឡុងរបស់ចិនពីរគ្រាប់នៅលើដែនអាកាសរបស់ខ្លួន ដែលបាឡុងមួយបានហោះចូលដែនអាកាសភាគខាងជើងនៃកោះតៃវ៉ាន់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅជិតកោះតៃវ៉ាន់ជាញឹកញាប់ រួមទាំងការប្រើប្រាស់យន្តហោះចម្បាំង ហោះហើរជាច្រើនលើកនៅក្នុងដែនអាកាសច្រកសមុទ្រតៃវ៉ាន់។ តៃវ៉ាន់បានចាត់ទុកសកម្មភាពនេះថាជាយុទ្ធសាស្ត្រ "តំបន់ប្រផេះ" ដែលចិនប្រើក្នុងគោលបំណងបំភិតបំភ័យពលរដ្ឋនៅលើកោះតៃវ៉ាន់.
ដោយឡែក សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តតៃវ៉ាន់ និងជាប្រទេសផ្គត់ផ្គង់គ្រឿងសព្វាវុធដល់កោះមួយនេះ តែងតែឃ្លាំមើលភាពតានតឹងដែលកើតមានរវាងប្រទេសចិន និងតៃវ៉ាន់។ ហើយតៃវ៉ាន់នោះទៀតសោត ក៏ជាដែនកោះមួយដែលផលិត និងផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកដ៏សំខាន់បំផុតនៅលើពិភពលោកផងដែរ។ សហរដ្ឋអាមេរិកក៏បានបង្ហាញការព្រួយបារម្ភអំពីការជ្រៀតជ្រែកដែលអាចកើតមាននៅក្នុងការបោះឆ្នោតរបស់តៃវ៉ាន់ដោយភាគីខាងក្រៅ ដែលទំនងជាសំដៅទៅលើប្រទេសចិន.
ទន្ទឹមនឹងនេះ ប្រទេសចិនបានចោទរដ្ឋាភិបាលតៃវ៉ាន់វិញថា ការចោទប្រកាន់ចិនដោយគ្មានមូលដ្ឋានអំពីការចូលជ្រៀតជ្រែកក្នុងការបោះឆ្នោត គឺដើម្បីតែកេងចំណេញនយោបាយរបស់បក្សកាន់អំណាចនៅតៃវ៉ាន់តែប៉ុណ្ណោះ។ បន្ថែមលើនេះ ចិនថែមទាំងបានប្រកាសចោទប្រកាន់គណបក្សប្រជាធិបតេយ្យរីកចម្រើន (DPP) ដែលជាបក្សកាន់អំណាចនៅតៃវ៉ាន់ ថាជាក្រុមបំបែកខ្លួនពីចិនដីគោក៕