ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ បាន​រាយការណ៍​ថា​ មេ​ក្លោង​ដ៏​ធំ​បំផុត​នៃ​ក្រុម​ឧក្រិដ្ឋ​ជន ឡូស​ ឆនណឺរ៉ឺស ​​(Los Choneros) របស់​ប្រទេស​អេក្វាទ័រ​ បាន​​​បាត់​​ខ្លួន​​ចេញ​ពី​គុក​ ហើយ​ក្រុម​អាជ្ញាធរ​​របស់​ប្រទេស​​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​​នេះ​​កំពុង​ប្រតិបត្តិការ​ស្វែង​រក​​​នា​ពេល​នេះ​។

មេ​បញ្ជាការ​ប៉ូលិស​ជាតិ​អេក្វាទ័រ​​ លោក​​ ​Cesar Zapata ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​របស់​លោក​បាន​កំណត់​ថា​អ្នក​ទោស​ម្នាក់​នៅ​ក្នុង​ពន្ធនាគារ​ Guayaquil ​បាន​បាត់​ខ្លួន​។​

លោក ​Zapata ​មិន​បាន​​​បង្ហាញ​​ឈ្មោះ​អ្នក​ទោស​នោះ​ទេ​ ប៉ុន្តែ​​ការិយាល័យ​រដ្ឋ​អាជ្ញា​អេក្វាទ័រ​បាន​និយាយ​ថា ​ខ្លួន​នឹង​ស៊ើប​អង្កេត​ការ​រត់​គេច​ខ្លួន​​របស់​លោក ​ចូស​ អាដុលហ្វូ មាឆៀស ​(Jose Adolfo Macias) ដែល​ជា​​មេ​ដឹក​នាំ​ក្រុម​ឡស​ ឆនណឺរ៉ឺស។ 


ចំណែក​ឯ​​អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​អេក្វាទ័រ បាន​​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា​ ​ប្រតិបត្តិការ​ស្វែង​រក​​ លោក​ មាឆៀស​ ដែលជា​​ «​អ្នក​ទោស​​ដែល​គេ​ចង់​បាន​ខ្លួន​ខ្លាំង​​​ជា​ទី​បំផុត​នា​ពេល​នេះ​» ចូល​រួម​ដោយ​ក្រុម​អាជ្ញាធរ​អនុវត្ត​ច្បាប់​ជាង​ ៣ ០០០ នាក់​​​។

លោក​ មាឆៀស ​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ «Fito» រង​ការ​កាត់​ទោស​ក្នុង​ឆ្នាំ​ ២០១១ ឱ្យ​ជាប់​​គុក​ ៣៤ ឆ្នាំ​ ​ពី​បទ​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ​រួម​ទាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ និង​ឃាតកម្ម​។​


ក្រុម​ឧក្រិដ្ឋ​ជន​​​​ ឡស​ ឆនណឺរ៉ឺស របស់​លោក​ គឺ​ជា​អង្គការ​ឧក្រិដ្ឋជន​​ដែល​​​មាន​ទំនាក់​ទំនង​ជាមួយ​ការ​ជំរិត​ទា​រប្រាក់​ ឃាតកម្ម​ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ​ទៀត​ ហើយ​ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​គ្រប់​គ្រង​គុក​​សំខាន់​ៗ​របស់​អេក្វាទ័រ​។

​​ក្រុម​ឧក្រិដ្ឋជន​ដែល​ជា​គូ​ប្រជែង​នឹង​គ្នា​ បាន​​ប៉ះ​​ទង្គិច​​គ្នា​​​ជា​​ញឹក​ញាប់​នៅ​​ក្នុង​គុក​ដែល​មាន​អ្នក​ទោស​​​ច្រើន​កក​កុញ​របស់​ប្រទេស​អេក្វាទ័រ​ ហើយ​តួ​លេខ​ផ្លូវ​ការ​បង្ហាញ​ថា​ អ្នក​ទោស​ជាង​​ ៤០០ នាក់​ បាន​ស្លាប់​ដោយ​សារ​តែ​ការ​ប៉ះ​ទង្គិច​​គ្នា​​​ចាប់​តាំង​​ពី​ឆ្នាំ​ ២០២១​ មក​៕