ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី (EV) របស់​វៀតណាម VinFast កាលពី​ថ្ងៃ​សៅរ៍​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ដំបូង​របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា ​ខណៈដែល​ក្រុមហ៊ុន​មួយ​នេះ​មាន​មហិច្ឆតា​ស្វែងរក​ឱកាស​ដើម្បី​ជ្រៀតចូល​ទីផ្សារ​រថយន្ត​ធំ​លំដាប់​ទី៣របស់​ពិភពលោក។

បើ​យោងតាម​សេចក្តីថ្លែងការណ៍​រួមមួយ​បានឱ្យដឹងថា​ភាគី​ក្រុមហ៊ុន ​VinFast និង​រដ្ឋ Tamil Nadu ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​បាន​យល់ព្រម​សម្រេច​លើ​ការវិនិយោគ​ក្នុង​រង្វង់​ទឹកប្រាក់​រហូតដល់២ពាន់​លាន​ដុល្លារ​ភ្ជាប់​ជាមួយនឹង​ការប្តេជ្ញាចិត្ត​វិនិយោគ៥០០លាន​ដុល្លារ​សម្រាប់​រយៈពេល ៥ ឆ្នាំ​ដំបូង​នៃ​គម្រោង​នេះ។


សេចក្តីថ្លែងការណ៍​រួម​នេះ​បានបញ្ជាក់​បន្ថែមថា​ការសាងសង់​រោងចក្រ​ផលិត​រថយន្ត EV និង​អាគុយ​សម្រាប់​គម្រោង​មួយ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ហើយដោយ​គម្រោង​នេះ​អាចបង្កើត​ការងារ​បាន​ពី​ចន្លោះ៣ ០០០ ទៅ៣ ៥០០ ការងារ​នៅក្នុង​តំបន់​ពោលគឺ​រដ្ឋ Tamil Nadu។

ក្រុមហ៊ុន​VinFastបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១៧ និង​ចាប់ផ្តើម​បង្កើត​រថយន្ត​អគ្គិសនី​ តាំងពី​ឆ្នាំ២០២១ មក។ VinFastបានប្រកាស​ផែនការ​បង្កើន​ការវិនិយោគ​ជាច្រើន​នៅក្រៅ​ប្រទេស​ក្នុងនោះ​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​ក៏បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅលើ​ផ្សារ​ហ៊ុន ​Nasdaq​ កាលពី​ខែសីហា​ឆ្នាំ២០២៣ មុនពេល​បង្ហាញ​ផែនការ​ពង្រីក​វត្តមាន​របស់ខ្លួន​នៅ​ប្រទេស​ឥណ្ឌា​មួយខែ​បន្ទាប់។


ចំណែក​រដ្ឋ Tamil Nadu ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា Detroit of Asia មាន​វត្តមាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ជាច្រើន​នៅ​ទីនោះ រួមទាំង​ក្រុមហ៊ុន BYD របស់​ចិន​ក្រុមហ៊ុន​ផលិត​កង់​អគ្គិសនី​របស់​ឥណ្ឌា Ola Electric និង​ Ather រួមទាំង​Vinfastនេះ​ផងដែរ។

ក្រុមហ៊ុន ​VinFast បាន​និយាយថា​គម្រោង​នៅ​រដ្ឋ Tamil Nadu ជា​គម្រោង​ដែល​ខ្លួន​រំពឹងថា​នឹង​វិ​វត្ត​ទៅជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត EV លំដាប់​ទីមួយ​នៅក្នុង​តំបន់​ជាមួយនឹង​សមត្ថភាព​ផលិត​ប្រចាំឆ្នាំ​រហូតដល់ ១៥០០០០ គ្រឿង​ បើ​ធៀប​នឹង ២៥០០០០ ដែលជា​រោងចក្រ​ចម្បង​របស់ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម។

គិត​ត្រឹម​ពេលនេះ​រថយន្ត​អគ្គិសនី​មាន​ត្រឹមតែ​ប្រហែល ២ ភាគរយ​ប៉ុណ្ណោះ​នៃ​ការលក់​រថយន្ត​សរុប​នៅក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំមុន​ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌា​ បាន​កំពុង​កំណត់​គោលដៅ​ឱ្យ​ឈានដល់៣០ភាគរយ​នៅ​ឆ្នាំ២០៣០ ហើយក៏​កំពុង​ព្យាយាម​ទាក់ទាញ​គម្រោង​វិនិយោគ​ពី​បណ្តាល​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ផងដែរ។

តាមរយៈ​សេចក្តីថ្លែងការណ៍​រដ្ឋាភិបាល​រដ្ឋ Tamil Nadu បាន​ប្តេជ្ញា​ផ្តល់​ដី​ដែល​បោសសម្អាត​រួចរាល់​សម្រាប់ រោងចក្រ​ផលិត​រួមទាំង​ធានា​ដល់​ការផ្គត់ផ្គង់​ថាមពល​ដោយ​គ្មាន​ការរំខាន​និង​ការគាំទ្រ​លើ​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕