ក្រោយ​ពី​បង្រ្កាប​​បក្ស​ប្រឆាំង​យ៉ាង​ចាស់ដៃ​ដោយ​គ្មាន​វត្តមា​ន​បក្ស​ប្រឆាំង​​​ចូលរួម​ក្នុង​ការ​បោះឆ្នោត​​ ដែល​ប្រព្រឹត្ត​ទៅកាល​ពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស ​លោក​ស្រី Sheikh Hasina បានឈ្នះឆ្នោត ​សម្រាប់​​អាណត្តិ​ ៤​ ឆ្នាំបន្តទៀត ​ដោយ​គណ​បក្ស​​ Awami League របស់​​លោកស្រី​​ឈ្នះ​​​អាសនៈ​ចំនួន ១៦៥ ​ក្នុងចំណោម​អាសនៈ​​ចំនួន ​២២៤ ដែល​បាន​ប្រកាស​​​។​

​មាន​កា​រកត់សម្គាល់​ថា ខណៈដែល​គណបក្ស​រប​ស់​​លោកស្រី​ទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត ​​ខណៈ​​អ្នក​ទៅ​បោះឆ្នោត​តិច​នៅក្នុង​ការបោះឆ្នោត​សកល​ដែល​ត្រូវបានធ្វើ​ពហិការ​ដោយ​ក្រុមប្រឆាំង​ដ៏​សំខាន់។

ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​បង់​ក្លា​ដែ​ស បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថាគណបក្ស Awami League ឈ្នះ​អាសនៈ​ចំនួន​១៦៥ ​​ក្នុងចំណោម​អាសនៈ​ចំនួន ២២៤ ​នៅក្នុង​ការបោះឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ​ជាមួយនឹង​លទ្ធផល​នៃ​អាសនៈ​ដែល​នៅសល់​នៅតែ​មិនត្រូវ​បានប្រកាស។ 


នេះ​បើ​យោងតាម​លទ្ធផល​ក្រៅផ្លូវការ​ដែល​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​។

គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស (BNP) ដែលជា​គណបក្សប្រឆាំង​ដ៏​សំខាន់​​មួយ​​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៨ ប៉ុន្តែ​​ពួកគេ​​បាន​បោះបង់​​ការ​ចូលរួម​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២៤​នេះ ដោយសារ​នាយក​រដ្ឋមន្ត្រី​​​កំពុង​កាន់​អំណាច​ គឺ​លោកស្រី SheikhHasina បាន​បដិសេធ​ការទាមទារ​របស់​ពួកគេ​ឱ្យ​លាលែង​ពី​តំណែង និង​អនុញ្ញាត​ឱ្យមាន​អាជ្ញាធរ​អព្យាក្រឹត​ដើម្បី​រៀបចំ​ការបោះឆ្នោត។


​គណបក្ស BNP បាន​​អំពាវនាវ​ឱ្យ​មាន​ការធ្វើ​កូដកម្ម​រយៈពេល​២​ថ្ងៃ​នៅ​ទូទាំងប្រទេស​រហូត​ដល់​​ថ្ងៃ​អាទិត្យ​ដោយ​សុំឱ្យ​ប្រជាជន​ចៀសវាង​ការបោះឆ្នោត។

​លោកស្រី Hasina បាន​ចោទ​​ក្រុមប្រឆាំង​ថា​បាន​ញុះញង់​ឱ្យមាន​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​បានធ្វើឱ្យ​កក្រើក​ក្រុង​ដា​កា​ចាប់តាំងពី​ចុងខែ​តុលា និង​បានសម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់១៤​នាក់។

ប្រជាជន​បង់​ក្លា​ដែ​សភាគ​ច្រើន​​​មិនបាន​ចូលរួម​​​ទៅ​បោះឆ្នោត​សកល​កាលពី​ថ្ងៃអាទិត្យ​ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​អំពើហិង្សា។ ប្រធាន​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត លោក KaziHabibulAwal បាន​និយាយថា អ្នកចូលរួម​បោះឆ្នោត​មាន​ប្រហែល ៤០ ភាគរយ​ នៅ​ពេល​ដែល​​ការបោះឆ្នោត​ត្រូវបាន​បិទ​​ការិយាល័យ​​ បើ​ធៀប​នឹង​ជាង ៨០ភាគរយ​ នៅក្នុង​ការបោះឆ្នោត​ចុងក្រោយ​ក្នុង​ឆ្នាំ២០១៨​​។


ការ​បោះឆ្នោត​​ត្រូវបាន​រៀបចំ​ឡើង ​សម្រាប់​​អាសនៈ​សភា​ ដែល​ជាប់ឆ្នោត​ដោយផ្ទាល់​ចំនួន​ ២៩៩ ​​កៅអី​​ ដែលមាន​អ្នកបោះឆ្នោត​ជិត ១២០ ​លាន​នាក់​ជ្រើសរើស​ពី​បេក្ខជន​ប្រកួតប្រជែង​ជិត ២០០០​ នាក់​។​

​លោកស្រី នាយក​រដ្ឋមន្ត្រី Hasina ដែលមាន​អាយុ៧៦ឆ្នាំ​ត្រូវ​បានផ្តល់​​កា​រគាំទ្រ​ដោយ​ឱ្យ​កិត្តិយស​​​ចំពោះ​ការ​បង្វែរ​សេដ្ឋកិច្ច​របស់​ប្រទេស​បង់​ក្លា​ដែ​ស និង​ឧស្សាហកម្ម​កាត់ដេរ​ដ៏​សំខាន់។ ប៉ុន្តែ​អ្នក​រិះគន់​ចោទ​លោកស្រី​ពីបទ​ផ្តាច់ការ ការរំលោភ​សិទ្ធិមនុស្ស ការបង្ក្រាប​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការគាបសង្កត់​អ្នកប្រឆាំង។

សេដ្ឋកិច្ច​​ប្រទេសនៅ​អាស៊ី​ខាងត្បូងនេះ​ក៏បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ចាប់តាំងពី​សង្គ្រាម​រុស្ស៊ី-អ៊ុយ​ក្រែ​ន ​​ផ្ទុះ​ឡើង ដោយ​​បាន​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឥន្ធនៈ និង​អាហារ​នាំចូល​កើនឡើង​និង​​បង្ខំ​ឱ្យ​បង់​ក្លា​ដែ​ស​ក្នុងឆ្នាំ​២០២៣​ ងាក​ទៅខ្ចីប្រាក់​​ពី​​មូល​និធិ​រូបិយវត្ថុ​​អន្តរជាតិ​សម្រាប់​ថវិកាចំនួន ៤,៧ ពាន់​លាន​ដុល្លារ ដើម្បី​​សង្គ្រោះ​សេដ្ឋកិច្ច​៕​