​រដ្ឋាភិបាល​ប្រទេស​ដែ​ន​កោះម៉ាល់ឌីវ ​​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ បាន​​ផ្អាកតួនាទី​មន្ត្រី​ជាន់​ខ្ពស់​​របស់​រដ្ឋាភិបាល ​៣ ​រូប​ ចំពោះ​​​សារ​​​ក្នុង​បណ្តាញ​សង្គម ​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ខណៈ​ពេល​ដែល​ប្រទេស​ទាំង​២​​ធ្លាក់​ចុះ​​​​ចំណង​ទំនាក់​ទំនង ដោយ​សារ​​​ប្រទេស​ម៉ាល់​ឌីវ​​​​​កែ​ប្រែ​គោល​នយោបាយការ​បរទេស​ និងទំនង​​ងាក​ទៅ​រក​មហាយក្ស​​ចិន​។ 

ប្រទេស​ម៉ាល់​ឌីវ​ដែលល្បី​ល្បាញ​​ដោយសារ​​​​ការ​អភិវឌ្ឍ​​​ដែន​កោះ​​​ទៅ​ជារមណីយដ្ឋាន​ប្រណីត​ៗ​ និង​ទាក់​ទាញ​​ទេសចរ​​​លំដាប់ខ្ពស់​ទៅ​ទស្សនា។ 

​ទីភ្នាក់​ងារ​ព័ត៌មាន​រ៉យទ័រ ​បាន​ដក​ស្រង់​សម្តី​​​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ ដែល​និយាយថា មន្ត្រីជាន់ខ្ពស់​៣​រូប​នោះ រួម​មាន ​​​អ្នក​នាង​ ​MalshaShareef អ្នក​នាង MariyamShiuna និង​លោក Mr Abdulla Mahzoom Majid ធ្វើ​ការ​ឱ្យ​​ក្រសួង​​​​​​អំណាច​យុវជន ​ព័ត៌មាន និង​សិល្បៈ និង​​​ ​បាន​ប្រព្រឹត្ត​ប្រាស​ចាក​​ក្រម​សីលធម៌​ចំពោះ​ការ​​អត្ថាធិប្បាយ​​របស់​ពួក​គេ​​លើ​បណ្តាញ​សង្គម​។ ​


សារ​​​បន្តុះ​បង្អាប់​របស់​មន្ត្រី​ទាំង​៣​រូប​នោះ ​បាន​​ដៅ​​​នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា ​ Narendra Modi ​​ដោយ​​ហៅ​​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ថា ជា​ «ត្លុក ជា​ភេរវករ ​និង​ជា​​​អាយ៉ង​​របស់​អ៊ីស្រាអែល» លើ​បណ្តាញ​សង្គម X ​ឆ្លើយ​តប​​ចំពោះ​វីដេអូ​​​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​​​​ទស្សនា​​​កោះ Lakshadweep​​​ របស់​ឥណ្ឌា​ដើម្បី​លើក​កម្ពស់​​​​ទេស​ចរណ៍​​​ក្នុងស្រុក​។

អ្នក​ខ្លះ​មើល​ឃើញ​ថា ​​ការបំពេញ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​​ទៅ​កាន់​​កោះ​នោះ​​ ជា​មធ្យោបាយ​​ព្យាយាម​ទាក់​ទាញ​ទេសចរ​​​ងាក​ចេញ​ពី​​​​ប្រទេសម៉ាល់​ឌីវ​​ដ៏​ល្បី​ល្បាញ​​​​ជា​សកល​​នោះ ដែល​កោះ​ចំនួន​១១៩២ ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ត្រូវ​បាន​​អភិវឌ្ឍជាមួយ​​រមណីយដ្ឋា​ន​ប្រណីត​ៗ​ជា​ច្រើន​​​។​


ប្រភព​​​ស្និទ្ធនឹង​រឿង​នេះ​បាន​ប្រាប់​រ៉យទ័រ​ថា ឧត្តមស្នងការ​​ឥណ្ឌា​​​ក្នុង​ប្រទេស​ម៉ាល់​ឌីវ ​បាន​លើក​ឡើង​​និង​បង្ហាញ​​​​ក្តី​កង្វល់​​​ជុំវិញ​​ការ​អត្ថាធិប្បាយ​​។ 

​ភាព​ចម្រូងចម្រាស​​កើត​ឡើ​ង​​នៅ​មុន​​​ទស្សនកិច្ច​​​ដោយ​​​ប្រធានាធិបតី Mohamed Muizzu ទៅ​កាន់​ប្រទេស​ចិន​រវាង​​ថ្ងៃ​​ទី​​៨ដល់​ថ្ងៃទី​​១២​ខែ​​មករា​នេះ​។ លោក  Muizzu បាន​ឈ្នះ​ការ​បោះឆ្នោត​​ក្នុង​ឆ្នាំ​២០២៣ ​ដោយ​​សន្យា​​បញ្ចប់​​​​​គោល​នយោបាយ​​​ «ឥណ្ឌាទី១»  “India first” របស់​ប្រទេ​ស​កោះ​ម៉ាល់​ឌីវ ​នៅក្នុង​តំបន់​​​ដែល​ទីក្រុង​ញូវដែលី និង​ទីក្រុង​ប៉េកាំង​​​ ប្រកួត​ប្រជែង​​ឥទ្ធិពល​។​

លោក Muizzuក៏បានសន្យាថានឹងដកបុគ្គលិកយោធាឥណ្ឌាចំនួន ៧៥ ​នាក់​ចេញ​ពីប្រទេសដែលមានប្រជាជន​ជាង​កន្លះលាន​នាក់៕​