កាលពី​ទី ៧ ខែមករា ឆ្នាំ២០២៤ លោកស្រី គីម យ៉ូ​ចុង (Kim Yo Jong) ដែល​ត្រូវជា​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន (Kim Jong Un) បានប្រកាសថា កូរ៉េខាងជើង​នឹងធ្វើ​ការវាយប្រហារ​ផ្នែក​យោធាភ្លាមៗ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបង្ក​ហេតុ​ណាមួយ​ដែល​អាច​កើតឡើង។ ការប្រកាស​នេះ​ស្រប​ពេលដែល​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់កាំភ្លើង​ធំ​នៅ​ជិត​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង​អស់​រយៈពេល៣ថ្ងៃជាប់ៗគ្នា។

ការលើកឡើង​នេះ​ផងដែរ ធ្វើឡើង​បន្ទាប់ពី​យោធា​កូរ៉េខាងត្បូង​បានប្រកាសថា កូរ៉េខាងជើង​បាន​បាញ់កាំភ្លើង​ធំ​ជាង ៦០ ជុំ​កាលពី​ថ្ងៃ​សៅរ៍ នៅ​ជិត​ព្រំដែន​សមុទ្រ​ដែល​កំពុងមាន​ជម្លោះ។ ការបាញ់​យ៉ាងច្រើន​គ្រាប់​នេះ បាន​កើតឡើង​បន្ទាប់ពី​មានការ​បាញ់ប្រហារ​ដូចគ្នានេះដែរ ពោលគឺ​ជាង ២០០ ជុំ​កាលពី​ថ្ងៃមុន។ 

បន្ថែម​លើ​នេះ កាលពី​ថ្ងៃអាទិត្យ ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​ប្រហែល ៩០ ជុំ​បន្ថែមទៀត នេះ​បើ​យោងតាម​កូរ៉េខាងត្បូង។ យ៉ាងណាក៏ដោយ កងទ័ព​កូរ៉េខាងជើង​បានបញ្ជាក់​ថា ការបាញ់​កាំភ្លើង​ធំ​របស់​ពួកគេ​ទាំងនេះ​គឺ​ស្របទៅនឹង​តំបន់​ព្រំដែន មិនបាន​បង្ក​ការគំរាមកំហែង​ដល់​កូរ៉េខាងត្បូង​ឡើយ។


លោកស្រី គីម យ៉ូ​ចុង​ដែលជា​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​របប​លោក គីម ជុង​អ៊ុន​បាន​រំឭក​ឡើងវិញ​ថា កងទ័ព​ប្រជាជន​កូរ៉េ (កូរ៉េខាងជើង) បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​សកម្មភាព​យោធា។ នេះ​បើ​យោងតាម​ការរាយការណ៍​ដោយ​ទីភ្នាក់ងារសារព័ត៌មាន ​KCNA។

លោកស្រី​ បាន​និយាយ ​ដោយ​ប្រើ​ឈ្មោះ​ផ្លូវការ​របស់​កងទ័ព​កូរ៉េខាងជើង​ថា៖ «ដូចដែល​បានប្រកាស​រួចមកហើយ​ថា​កងទ័ព​ប្រជាជន​កូរ៉េ​នឹង​បើក​ការវាយប្រហារ​ផ្នែក​យោធាភ្លាមៗ ប្រសិនបើ​សត្រូវ​ហ៊ាន​បង្កហេតុ​ត្រឹមតែ​បន្តិចបន្តួច​ក៏ដោយ»។


កូរ៉េខាងត្បូង​បានធ្វើ​សមយុទ្ធ​យោធា​នៅ​ដែនសមុទ្រ​របស់ខ្លួន ដែលជា​ការឆ្លើយតប​ទៅនឹង​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់ ពួកគេ​មិនមាន​គម្រោង​ធ្វើ​សមយុទ្ធ​បន្តទៀត​បន្ទាប់ពី​ការបាញ់​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​នោះទេ។

ការធ្វើ​សមយុទ្ធ​នៅ​ជិត​ព្រំដែន​របស់​ភាគី​ទាំង២ កាលពី​ថ្ងៃ​សុក្រ​បាន​ជំរុញឱ្យមាន​ការប្រកាស​ព្រមាន​ដល់​ប្រជាជន​នៅ​កូរ៉េខាងត្បូង​ឱ្យ​ស្វែងរក​កន្លែង​ជ្រកកោន​ការពារ​ខ្លួន ដូចជា​រូង​ក្រោម​ដី​ដើម្បី​ការពារ​ពី​គ្រាប់បែក​បើទោះបីជា​មិនមាន​ការរាយការណ៍​ថា​មាន​គ្រាប់ផ្លោង​ឆ្លងកាត់​ព្រំដែន​សមុទ្រ​ក៏ដោយ។

ដោយឡែក លោកស្រី គីម បាន​និយាយថា កូរ៉េខាងជើង​មិនបាន​បាញ់​ផ្លោង​កាំភ្លើង​ធំ​ទេ​កាលពី​ថ្ងៃ​សៅរ៍។ ផ្ទុយទៅវិញ លោកស្រី​បាន​អះអាងថា ការផ្ទុះ​នោះ​គឺ​គ្រាន់តែ​ជាការ​រៀបចំឡើង​ដោយ​ចេតនា​ដើម្បី​បំភាន់​ភ្នែក​តែប៉ុណ្ណោះ។

ប៉ុន្តែ យោធា​កូរ៉េខាងត្បូង​បាន​ច្រានចោល​សេចក្តីថ្លែងការណ៍​របស់​លោកស្រី គីម ដោយ​ជំរុញ​ឱ្យ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​ដែល​កំពុង​បង្កើន​ភាព​តានតឹង​នៅ​ជិត​ព្រំដែន​ជាបន្ទាន់៕