លោក អាន់​តូ​នី​ញ៉ូ តា​ចា​នី (Antonio Tajani)​ ​រដ្ឋមន្ត្រី​ការបរទេស​អ៊ី​តា​លី កាលពី​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ២០២៤ បានផ្តល់​យោបល់​ឱ្យ​សហភាព​អឺរ៉ុប​គួរតែបង្កើត​កងកម្លាំង​យោធា​រួមគ្នា​មួយ ដែលមាន​សមត្ថភាព​ក្នុង​ការជួយ​ធានា និង​ការពារ​រក្សា​សន្តិភាព ក៏ដូចជា​ការការពារ​មិន​ឱ្យមាន​ជម្លោះ​កើតឡើង​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​​អ៊ីតា​លី​មួយ​ឈ្មោះថា ​La Stampa លោក តា​ចា​នី បាន​និយាយថា កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​កាន់តែ​ឈាន​ជិត​ទៅរក​វិស័យ​ការពារជាតិ ដែល​វា​គឺជា​គោលនយោបាយ​អាទិភាព​មួយ​សម្រាប់​គណបក្ស Forza Italia ដែល​លោក​កំពុង​ដឹកនាំ​។​

​លោក​លើកឡើងថា​៖«​ប្រសិន​​បើ​យើង​ចង់​ក្លាយជា​អ្នករក្សា​សន្តិភាព​ជូន​ពិភពលោក នោះ​យើង​ត្រូវការ​យោធា​អឺរ៉ុប​រួមគ្នា​មួយ​។ ការធ្វើ​ដូចនេះ​គឺ​សម្រាប់​អនុវត្ត​គោលនយោបាយ​ការ​​បរទេស​របស់​អឺរ៉ុប​ប្រកបដោយ​ប្រសិទ្ធភាព​»​។ នេះ​បើ​យោង​តាម​បទសម្ភាសន៍​របស់លោក​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៧ ខែមករា​។​


​លោក​បាន​បន្ថែមថា​៖«​នៅក្នុង​ពិភពលោក​មួយ​ដែលមាន​ប្រទេស​មហាអំណាច​ធំៗ ដូច​ជា​សហរដ្ឋអាមេរិក ចិន ឥណ្ឌា និង​រុស្ស៊ី ហើយ​វិបត្តិ​នៅក្នុង​តំបន់​មួយចំនួន​ដែល​កំពុង​រីកដុះដាល​ចាប់តាំងពី​តំបន់​មជ្ឈិមបូព៌ា​រហូតដល់​តំបន់​ឥណ្ឌូ​​ប៉ាស៊ីហ្វិក​។​ដូច្នេះ ពលរដ្ឋ​ដែល​មកពី​ប្រទេស​ដូចជា​​អ៊ី​តា​លី អាល្លឺម៉ង់ បារាំង ឬ​ស្លូ​វេ​នី​ជាដើម អាច​ស្វែងរក​ការការពារ​បានតែ​ពី​សហភាព​អឺរ៉ុប​តែប៉ុណ្ណោះ​»​។​

​កន្លងមកនេះ កិច្ច​សហ​ប្រតិ​​ប​ត្តិ​កា​រលើ​វិស័យ​ការពារជាតិ​របស់​សហ​ភាព​អឺរ៉ុប​ទទួលបាន​ការចាប់​អារម្មណ៍​កាន់តែខ្លាំង ជាពិសេស​បន្ទាប់ពី​ការបើក​ការ​​វាយប្រហារ​របស់​រុស្ស៊ី​ទៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​កាលពី​ជិត​ ២ ​ឆ្នាំមុន​ដែល​គេ​មើលឃើញថា រុស្ស៊ី​សំដៅទៅ​អឺរ៉ុប​៕