​លទ្ធផល​ពី​ការស្ទង់មតិ​ក្នុងចំណោម​ប្រជាជន​ថៃ​បានឱ្យដឹងថា ប្រជាជន​ភាគច្រើន​នៅតែ​មើលឃើញ​ភាពវឹកវរ​ផ្នែក​ន​យោ​បាយ​ដែល​អាច​កើតឡើង​ក្នុង​ឆ្នាំ​ ២០២៤ បើទោះបីជា​ពេលនេះ​គណបក្ស​ភឿ​ថៃ​បាន​ឡើងកាន់​អំណាច​ផ្លូវការ ដោយ​ផាត់​ចោល​គណបក្ស​ឆ្ពោះទៅមុខ ​(MFP) ដែល​ឈ្នះឆ្នោត​ឱ្យ​ស្ថិត​នៅក្រៅ​រដ្ឋាភិបាល​។​

៤៥,៧ ​ភាគរយ​នៃ​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​យល់ថា​ការមិនចុះសម្រុង​គ្នា​ក្នុងចំណោម​អ្នកនយោបាយ​នឹង​នៅតែ​បន្ត​កើតមាន​ដដែល​ខណៈដែល ២៨,៤​ ភាគរយ​ទៀត​យល់ថា​ឆ្នាំ​ ២០២៤  ស្ថានការណ៍​នយោបាយ​ថៃ​នឹងមាន​ភាព​ច្របូកច្របល់​កាន់តែខ្លាំង​។​

​ការស្ទង់មតិ​នោះបាន​បង្ហាញ​ទៀតថា​ប្រហែល ​១៤,៣​ ភាគរយ​បាន​ព្យាករ​ថា​ស្ថានភាព​នឹង​ធូរ​ស្រាល​នៅ​ឆ្នាំ​ ២០២៤​ ហើយ​ ៧ ​ភាគរយ​រំពឹងថា​នឹង​មិនមាន​ភាពច្របូកច្របល់​អ្វី​នោះទេ​។​ក្រៅពីនោះ​អ្នក​ស្ទង់​មតិ​ប្រហែល​ ៤,៧ ​ភាគរយ​គឺ​មិន​ចាប់អារម្មណ៍​ឬ​មិន​ឆ្លើយតប​។​


​ការស្ទង់មតិ​នេះ​ត្រូវបាន​ធ្វើឡើង​តាម​ទូរស័ព្ទ​នៅ​ចន្លោះ​ថ្ងៃទី​ ១២ ខែធ្នូ ដល់​ថ្ងៃទី​ ២០ ខែធ្នូ​ក្នុងចំណោម​ជនជាតិ​ថៃ​ចំនួន ​១ ៣១០ ​នាក់​ដែលមាន​អាយុ​ចាប់ពី ​១៨​ ឆ្នាំ​ឡើងទៅ​។​

​ដោយឡែក​នយោបាយ​រប​ស់​ថៃ​បាន​ផ្លាស់ប្ដូរ​ស្ទើរតែ​ទាំងស្រុង​ក្នុង​ឆ្នាំ​ ២០២៣​ បន្ទាប់ពី​ភាព​ចម្រូងចម្រាស​ក្នុងអំឡុងពេល​នៃ​ការបោះឆ្នោត​។ នៅ​ទីបំផុត​ទៅ​គណបក្ស​ភឿ​ថៃ​បាន​ជាប់​​ឆ្នោត​ដោយមាន​លោក​សេដ្ឋា​ថា​វី​ស៊ីន ជា​នាយករដ្ឋមន្ត្រី​។​


​លទ្ធផល​បោះឆ្នោត​ឆ្នាំ​ ២០២៣ ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការផ្លាស់​ប្ដូរ​ជោគវាសនា​របស់​ប្រជាជាតិ​​ថៃ​ទាំងមូល​ក្រោយ​ប្រទេស​នេះ​ស្ថិតក្រោម​ការគ្រប់គ្រង​នៃ​របប​យោធា​អស់​ជិត​ ១ ​ទសវត្សរ៍​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​អតីត​នាយករដ្ឋមន្ត្រី លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា ក៏បាន​វិលត្រឡប់​ចូល​ស្រុកទេស​វិញ​ក្រោយ​បាន​ចាកចេញ​អស់​រយៈពេល ​១៥ ​ឆ្នាំ ដោយសារ​ការធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយសារ​កត្តានយោបាយ​នាពេលនោះ​។​

​ប៉ុន្តែ​យ៉ាងណា​នយោបាយ​ថៃ​ដែល​ហាក់​រក​កន្លែង​សំចត​ឃើញ​ទៅហើយនោះ ហាក់​នៅតែ​ប្រឈម​នឹង​បញ្ហា​ចម្រូង​​ចម្រាស​មួយចំនួន​ផ្សេងទៀត​ដែល​រួមមាន​ការហូរ​ចេញ​នៃ​មូលនិធិ​បរទេស និង​ការបន្ត​ជាប់គាំង​ផ្នែក​នយោបាយ​។​

​តាម​ការស្ទង់មតិ​នោះ មនុស្ស​ប្រហែល​ ៣៩​ ភាគរយ​ព្យាករ​ថា​នាយករដ្ឋមន្ត្រី សេដ្ឋា ថា​វី​ស៊ីន​នឹង​បន្ត​កាន់តំណែង​ក្នុង​ឆ្នាំ​ ២០២៤ ខណៈដែល​ ២០ ​ភាគ​រយ​ទៀតថា អាច​នឹង​មានការ​​រុះរើ​គណៈរដ្ឋមន្ត្រី​។​

​សាលក្រម​ចំនួន​ ២ ​ក៏​នឹងត្រូវ​លើក​ពេល​មក​ដើមឆ្នាំ​នេះ​ដោយ​តុលាការ​នឹង​កាត់ក្តី​លើ​សំណុំ​​រឿង​ទី​ ១ ​នៅ​ថ្ងៃទី ​២៤ ​មករា ពាក់​ព័ន្ធ​ការកាន់កាប់​ភាគហ៊ុន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​នៅ​ថ្ងៃទី ​៣១​ មករា ពាក់ព័ន្ធ​ប្រឆាំង​រដ្ឋធម្មនុញ្ញ ប្រឆាំងនឹង​លោក Pita Limjaroenrat ជា​មេដឹកនាំ​គណ​​បក្ស​ឆ្ពោះទៅមុខ ​(MFP)៕