ប៉ុន្មានថ្ងៃក្រោយពីការសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងការបំផ្ទុះគ្រាប់បណ្តាលឱ្យស្លាប់ និងរបួសប្រមាណ ៣០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ វត្តមានលោកអាន់តូនី ប្ល៊ីនកែន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ាចាប់ពីថ្ងៃអាទិត្យត្រូវគេមើលឃើញថាជា «ការទប់ស្កាត់សង្គ្រាមមិនឱ្យរីករាលដាល» លើសពីតំបន់ហ្គាហ្សាដែលខ្ទេចខ្ទាំ។
ក្រោយជំនួបទ្វេភាគីជាមួយមេដឹកនាំប្រទេសកាតាដែលមានឥទ្ធិពលលើក្រុមហាម៉ាស់ រដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិកបាននិយាយលួងចិត្តប្រជាជនប៉ាឡេស្ទីនដែលបាត់បង់ផ្ទះសំបែងនៅតំបន់ហ្គាហ្សាថា ពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះវិញ។
ការលើកឡើងរបស់ប្រមុខការទូតអាមេរិកនេះ ហាក់បានច្រានចោលការលើកឡើងរបស់មន្ត្រីអ៊ីស្រាអែល ដែលអំពាវនាវឱ្យមានការផ្លាស់ទីលំនៅយ៉ាងច្រើននៃអ្នករស់នៅហ្គាហ្សា។
ថ្លែងនៅឯសន្និសីទសារព័ត៌មាននៅទីក្រុងដូហានៃប្រទេសកាតាកាលពីថ្ងៃអាទិត្យជាមួយនាយករដ្ឋមន្ត្រីកាតា Mohammed bin Abdulrahman bin Jassim Al Thani លោក អាន់តូនី ប្ល៊ីនកែន បាននិយាយថា អង្គការសហប្រជាជាតិអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុញ្ញាតឱ្យជនស៊ីវិលភៀសខ្លួននៅហ្គាហ្សាត្រឡប់ទៅប្រទេសកំណើតវិញ ពេលអ៊ីស្រាអែលបន្ថយការប្រយុទ្ធដល់កម្រិតទាបបំផុត។
សារព័ត៌មាន Al Jazeera ដែលមានមូលដ្ឋានក្នុងប្រទេសកាតាបានស្រង់សម្តីលោក ប្ល៊ីនកែន ដូចបាននិយាយថា «ពួកគេ [ជនស៊ីវិលប៉ាឡេស្ទីន] មិនអាច មិនត្រូវ ឬត្រូវបានគាបសង្កត់ឱ្យចាកចេញពីតំបន់ហ្គាហ្សាឡើយ»។
លោកបាននិយាយថា ខណៈពេលដែលអ៊ីស្រាអែលមានសិទ្ធិកំណត់គោលដៅក្រុមហាម៉ាស់ និងធានាថា ក្រុមនេះមិនអាចចាប់ផ្តើមការវាយប្រហារទៀតទេ វាជាការចាំបាច់ណាស់ដើម្បីការពារជនស៊ីវិល។
លោកបានបន្តថា៖«នៅពេលប្រតិបត្តិការធ្លាក់ចុះ នោះនឹងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការធានាថាជនស៊ីវិលមិនត្រូវបានរងគ្រោះ ហើយក៏នឹងធានាថាជំនួយបន្ថែមទៀតអាចទទួលបានដល់មនុស្សដែលត្រូវការ»។
នាយករដ្ឋមន្ត្រីនៃប្រទេសកាតា លោក Al Thani បាននិយាយថា ពិភពលោកកំពុងតែស៊ាំនឹងរូបភាពនៃការឈឺចាប់របស់ជនស៊ីវិលនៅហ្គាហ្សា។
Al Jazeera បានស្រង់សម្តីនាយករដ្ឋមន្ត្រីកាតា ដែលនិយាយថា៖«នេះគឺជាការសាកល្បងដ៏ធំមួយសម្រាប់មនុស្សជាតិរបស់យើង»។
រហូតមកដល់ថ្ងៃអាទិត្យ សង្គ្រាមនៅតំបន់ហ្គាហ្សា ដែលអ៊ីស្រាអែលដឹកនាំប្រយុទ្ធប្រឆាំងក្រុមហាម៉ាស់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ ៨៣៥ នាក់ ក្នុងនោះមានកុមារ ៩ ៦០០ នាក់។
នាយករដ្ឋមន្ត្រីកាតា បានបន្តថា ការសម្លាប់ លោក Saleh al-Arouri ដែលជាមេដឹកនាំនយោបាយក្រុមហាម៉ាស់ក្នុងទីក្រុង Beirut បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកាតា ក្នុងការចរចារវាងក្រុមប៉ាឡេស្ទីន និងអ៊ីស្រាអែល ជុំវិញការដោះលែងអ្នកជាប់ឃុំ។
ប្រទេសកាតាបានដើរតួយ៉ាងសំខាន់ក្នុងការសម្រុះសម្រួលបទឈប់បាញ់រយៈពេល ៧ ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលផ្តល់លទ្ធភាពឱ្យដោះលែងចំណាប់ខ្មាំងជាង ១០០ នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ពីគុកអ៊ីស្រាអែល។
ក្នុងអំឡុងពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានបង្ខំឱ្យលុបចោលការផ្តល់ថ្នាំទៅមន្ទីរពេទ្យនៅហ្គាហ្សាខាងជើង ព្រោះមានកង្វល់ជុំវិញសុវត្ថិភាពរបស់បុគ្គលិក។
អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ថាបុគ្គលិករបស់ខ្លួនត្រូវលុបចោលការធ្វើដំណើរលើកដំបូងទៅកាន់មន្ទីរពេទ្យ Al-Awda ដោយសារតែបញ្ហាសន្តិសុខ។
អង្គការបាននិយាយថា៖«អង្គការសុខភាពពិភពលោកបានលុបចោលបេសកកម្មដែលបានគ្រោងទុកទៅកាន់មន្ទីរពេទ្យ Al-Awda និងឃ្លាំងចែកចាយថ្នាំនៅភាគខាងជើងហ្គាហ្សាជាលើកទី ៤ ចាប់តាំងពីថ្ងៃទី ២៦ ខែធ្នូ [២០២៣] ពីព្រោះយើងមិនបានទទួលការធានាសុវត្ថិភាព និងសុវត្ថិភាព»៕