ប្រទេស​​ ២​ ក្នុង​តំបន់​​អាស៊ី​អាគ្នេយ៍​រង​ការ​វាយ​ប្រហារ​ដោយ​​​គ្រោះ​រញ្ជួយ​ដី​​កម្លាំង​​ ៦,៧ ​រ៉ិច​ទ័រ​​ក្នុង​ថ្ងៃតែ​មួយ ប៉ុន្តែ​​មិន​ទាន់​មាន​របាយការណ៍​អំពី​ការ​បាត់បង់​ជីវិត​មនុស្ស​ និង​​​​ប៉ះពាល់​ផ្សេងៗ​ទៀត​នៅឡើយ។ 

ទីភ្នាក់ងារ​​អង្កេត​​​ភូមិសាស្ត្រ​អាមេរិក (USGS) បាន​និយាយថា គ្រោះ​រញ្ជួយ​ដី ១ ​ដែល​មាន​កម្លាំង​​កម្រិត ៦.៧ រ៉ិ​ច​ទ័​រ​ បាន​វាយប្រហារ​​នៅឯ​ឆ្នេរសមុទ្រ​ហ្វីលីពីន ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ៩ ​ខែមករានេះ​​ ។

​ទោះបី​យ៉ាងណា​ គ្រោះ​រញ្ជួយ​ដី​នេះ​​​ដី​មិនបាន​បង្កឱ្យមាន​ការជូន​ដំណឹង​អំពី​រលក​យក្ស​ស៊ូណាមិ​ ដូច​ករណី​គ្រោះ​រញ្ជួយ​ដី​​ដែល​បាន​កើត​ឡើង​នៅ​​ខេត្តជាប់​មាត់សមុទ្រ​​ក្នុង​ភូមិភាគ​កណ្តាល​​របស់​ប្រទេសជប៉ុន​ ដែល​បណ្តាល​ឱ្យ​មាន​អ្នកស្លាប់​​ជាង​១៦០​នាក់ ​និង​បង្ក​ការ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​​យ៉ាងខ្លាំង។ 


​​គ្រោះ​​រញ្ជួយ​ដី​​​នៅ​​ប្រទេស​ហ្វីលីពីន ​ដែលមាន​ជម្រៅ ៧០​ គីឡូម៉ែត្រ​ បានកើត​ឡើង​ប្រហែល ១០០​ គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​នៃ​កោះ Mindanao​​ ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​។

ដោយសារតែ​ទីតាំង​នៃ​ការ​រញ្ជួយដី​នេះ​​​​កើត​​មាន​ឡើង​​​នៅតាម​បណ្តោយ​ខ្សែក្រវាត់​ប៉ាស៊ីហ្វិក ដែលជា​កន្លែង​រញ្ជួយ​ដី និង​សកម្មភាព​ភ្នំភ្លើង​កំពុង​រីក​រាលដាល​ពី​ប្រទេស​ជប៉ុន ​ឆ្លងកាត់​អាស៊ីអាគ្នេយ៍ និង​ចូលទៅក្នុង​អាង​ប៉ាស៊ីហ្វិក ការរញ្ជួយ​ដី​គឺ​ស្ទើរតែ​កើត​ឡើងជា​រៀងរាល់ថ្ងៃ​នៅក្នុង​ប្រទេស​ហ្វីលីពីន ដោយ​ភាគច្រើន​ជាការ​រញ្ជួយដី​កម្រិត​តូច​ ប៉ុន្តែ​ក៏មាន​កម្លាំង​ខ្លាំង​មួយចំនួន​​ដែ​ល​អាច​បង្ក​ឱ្យ​ខូចខាត​យ៉ាងសំខាន់។


ជាមួយគ្នានេះដែរ គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.៨ រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​តំបន់ Kepulauan Talaud របស់​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ដដែល និង​មិន​ទាន់​មាន​​​ការជូនដំណឹង​អំពី​ការ​ខូច​ខាត​ឬ​បាត់បង់​អាយុជីវិត​ឡើយ​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​រញ្ជួយ​ដី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​អឺរ៉ុប (EMSC)៕